កូរ៉េខាងត្បូង-កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ជើង​លុប​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​ខាង​ត្បូង

សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ធ្វើ​ឡើង​ដោយ​កងទ័ព​កូរ៉េ​ខាង​ជើង ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ឧសភា ២០១០
សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ធ្វើ​ឡើង​ដោយ​កងទ័ព​កូរ៉េ​ខាង​ជើង ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ឧសភា ២០១០ ©Reuters

នៅថ្ងៃ​ព្រហស្បតិ៍នេះ កូរ៉េ​ខាង​ជើង​បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​ខាង​ត្បូង។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ ក្នុង​គោលដៅ​ចៀសវាង​ការប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​សមុទ្រ។ ការប្រកាស​លុបកិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ នៅ​សមុទ្រ​ប៉ែក​ខាងលិច។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​កិច្ចព្រមព្រៀង ដែល​កូរ៉េ​ខាង​ជើង​ទើប​នឹង​ប្រកាសលុបចោល​នេះ កងទ័ព​ទាំងសង្ខាង ទាំង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ព្រមព្រៀង​គ្នា​ថា នៅពេល​ដែល​មាន​នាវា​ចម្បាំង​ម្ខាង​ឆ្លង​ចូល​ទៅ​​ដែន​ទឹក​របស់​ម្ខាង​ទៀត គេ​ត្រូវ​ព្រមាន​​ប្រាប់​ជាមុន បើ​មិន​​ព្រម​ចេញ​​ចាំ​បាញ់។ ក៏ប៉ុន្តែ ​កូរ៉េ​ខាង​ជើង​បាន​ប្រកាសថា ចាប់ពីពេលនេះ​ទៅ ឲ្យ​តែ​នាវា​កូរ៉េ​ខាង​ត្បូង​ឆ្លង​ចូល​ទៅ​ក្នុង​ដែន​ទឹក​របស់​កូរ៉េ​ខាង​ជើង ទាហាន​កូរ៉េ​ខាង​ជើង​នឹង​បាញ់​ភ្លាម​ ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​ជាមុន​នោះទេ។

ប្រតិកម្ម​ដោយ​កំហឹង​របស់​កូរ៉េ​ខាង​ជើង​នេះ បាន​កើត​ឡើង ក្រោយ​ពី​កូរ៉េ​ខាង​ត្បូង​បាន​បើក​ធ្វើ​សមយុទ្ធ​​ប្រឆាំង​នាវាមុជទឹក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សមយុទ្ធ​របស់​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​នាវាចម្បាំង​ចូល​រួម​ដល់​ទៅ ១០​គ្រឿង។ គួរ​រំឭក​ឡើងវិញ​ថា កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ កង​រថក្រោះ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​​ការ​ហាត់សម​បាញ់​ម្តង​រួចមកហើយ ដើម្បី​ត្រៀម​ទប់ទល់​ក្រែង​កូរ៉េ​ខាង​ជើងបើក​ការ​វាយប្រហារ​ដោយ​មិន​ប្រាប់​ជាមុន។

នៅ​ក្នុង​សភាពការណ៍​កំពុង​តែ​តានតឹង​ខ្លាំងបែបនេះ ការណ៍​ដែល​កូរ៉េ​ខាង​ជើង​ប្រកាស​លុប​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​ព្រហស្បតិ៍​នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ជាថ្មី​ទៀត នៅតាម​បណ្តោយ​ព្រំដែន​សមុទ្រ។ គួរ​បញ្ជាក់ថា កូរ៉េ​ខាង​ជើង​មិន​ទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ទឹក​បច្ចុប្បន្ន ដែល​គូស​ដោយ​អ.ស.ប.​នោះទេ។

នៅ​ថ្ងៃ​នេះ​ដែរ ប្រជាជន​កូរ៉េ​ខាង​ត្បូង​ប្រមាណ ១ម៉ឺន​នាក់ បាន​នាំ​គ្នា​ធ្វើបាតុកម្ម នៅ​ទីក្រុង​សេអ៊ូល ទាមទារ​ឲ្យ​រដ្ឋាភិបាល​​​ប្រើកម្លាំង​ទ័ព​វាយប្រហារ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​ជា​ការ​សងសឹក​នឹង​ការ​បាញ់​ពន្លិច​នាវា​ចម្បាំង ដែល​ធ្វើ​ឲ្យ​ស្លាប់​នាវិក ៤៦​នាក់ កាល​ពី​ខែ​មីនា កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI