អាមេរិក និងកូរ៉េខាងជើងដំឡើងសំឡេងដាក់គ្នាក្នុងវេទិកាអាស៊ាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៧
វេទិកាអាស៊ាន ស្តីពីសន្តិសុខ បានក្លាយទៅជាសមរភូមិការទូត ជុំវិញបញ្ហាលិចនាវាចម្បាំងកូរ៉េខាងត្បូង។ លោកស្រីគ្លីនតុន រដ្ឋមន្រ្តីការបរទេសអាមេរិកបានទាមទារឲ្យបណ្តាប្រទេសនៅអាស៊ីចូលរួម បង្កើនសម្ពាធលើកូរ៉េខាងជើង។ ចំណែកកូរ៉េខាងជើងវិញ បានព្រមានថា នឹងធ្វើការតបតចំពោះអាមេរិកវិញ ដោយកម្លាំងយោធា។ ការដំឡើងសំឡេងដាក់គ្នានេះ កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបើកធ្វើសមយុទ្ធដ៏ធំមួយរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះ។
ការព្រមានរបស់កូរ៉េខាងជើង បានធ្វើឡើង នៅក្នុងអំឡុងវេទិកាអាស៊ាន ស្តីពីសន្តិសុខ ដែលប្រព្រឹត្តទៅ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងសប្តាហ៍នេះ អាមេរិកទើបតែបានប្រកាសដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត លើកូរ៉េខាងជើង ដែលគេចោទថា ជាអ្នកបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូង។ អាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងបើកធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយ នៅថ្ងៃអាទិត្យ ទី២៥ កក្កដា ២០១០នេះ ដោយមាននាវាផ្ទុកយន្តហោះដ៏ទំនើប១គ្រឿង នាវាមុជទឹក និងនាវាចម្បាំង ប្រមាណជា ២០គ្រឿង និងយន្តហោះប្រមាណ ១០០គ្រឿង ចូលរួម។
អ្នកនាំពាក្យគណៈប្រតិភូកូរ៉េខាងជើង ដែលទៅចូលរួមក្នុងវេទិកាអាស៊ាន បានថ្លែងថា ការធ្វើសមយុទ្ធអាមេរិក-កូរ៉េខាងត្បូងនេះ គឺជាការរំលោភលើអធិបតេយ្យរបស់កូរ៉េខាងជើង។ វាគឺជាការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងជើង និងដល់សន្តិសុខក្នុងតំបន់អាស៊ីទាំងមូល។ កូរ៉េខាងជើងប្រាកដជានឹងធ្វើការតបតវិញ ចំពោះទង្វើរបស់អាមេរិកនេះ។ ការតបតនេះ នឹងមិនមែនធ្វើត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែ នឹងតបតតាមផ្លូវយោធា។
គួរបញ្ជាក់ថា នៅពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែព្យាយាមស្វះស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសនៅអាស៊ានផងដែរ ឲ្យធ្វើការថ្កោលទោសកូរ៉េខាងជើង។ អាមេរិក ក៏បានព្យាយាមបញ្ចុះបញ្ចូលវេទិកាអាស៊ាន ស្តីពីសន្តិសុខឲ្យចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើងដែរ នៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែ ចិន និងកូរ៉េខាងជើង ជំទាស់ដាច់ខាតចំពោះការថ្កោលទោសនេះ។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ គេឃើញថា វេទិកាអាស៊ាន គ្រោងនឹងធ្វើការថ្កោលទោសចំពោះការវាយប្រហារលើនាវាចម្បាំងកូរ៉េខាងត្បូង ក៏ប៉ុន្តែ មិនបាននិយាយចំឈ្មោះកូរ៉េខាងជើងថាជាអ្នកប្រព្រឹត្តនោះទេ។ និយាយជារួម គឺជាសេចក្តីថ្លែងការណ៍ ដែលយកលំនាំតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
នៅល្ងាចថ្ងៃសុក្រនេះ លោកស្រីគ្លីនតុន ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន រុស្ស៊ី និងជប៉ុនផងដែរ ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើង។ គួរបញ្ជាក់ថា អាមេរិក ចិន ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង គឺជាគូភាគី ក្នុងកិច្ចចរចា ៦ភាគី ស្តីពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ការចរចានេះ ត្រូវបានជាប់គាំង តាំងពីខែមេសា ឆ្នាំ២០០៩មកម៉្លេះ ក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ធ្វើឲ្យមានការថ្កោលទោសពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ហេតុការណ៍លិចនាវាចម្បាំងកូរ៉េខាងត្បូង គឺជាបញ្ហាមួយថ្មីទៀត ដែលរឹតតែធ្វើឲ្យការចរចា ៦ភាគី កាន់តែជាប់គាំងថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ