កូរ៉េខាងជើងគំរាមបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី
នៅថ្ងៃព្រហស្បតិ៍ទី ២០វិច្ឆិកា ទីក្រុងព្យុងយ៉ាងបានប្រតិកម្មខ្លាំងតបនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ដែលចង់ឲ្យក្រុមប្រឹក្សាសន្តិសុខនាំយកមេដឹកនាំកូរ៉េខាងជើង ទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នៅថ្ងៃព្រហស្បតិ៍នេះដែរ រូបភាពផ្កាយរណបអាមេរិកបានបង្ហាញសកម្មភាពរើបឡើងវិញ នៅរោងចក្រផលិត ភ្លុយតូនីញ៉ូម (Plutonium)។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកូរ៉េ-អាមេរិកាំង នៃសកលវិទ្យាល័យJohns Hopkins ក្នុងទីក្រុងវ៉ាស៊ីនតោន។
ចុះផ្សាយនៅថ្ងៃ៖
តាំងពីថ្ងៃអង្គារ ថ្ងៃដែលគណៈកម្មការទីបីនៃអង្គការសហប្រជាជាតិបានបោះឆ្នោតចេញសេចក្តីសម្រេចថ្កោលទោសមេដឹកនាំកូរ៉េខាងជើង ក្នុងរឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ទីក្រុងព្យុងយ៉ាងមិនឈប់និយាយគំរាមពីផលវិបាក ដែលនឹងអាចកើតមាននៅក្រោយការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
នៅថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយបរិហារសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងបានចោទអាមេរិកថា ជាមេផ្សំគំនិត បោកប្រាស់ ដើម្បីបណ្តុះបង្អាប់ កិត្តិយសទីក្រុងព្យុងយ៉ាង នៅលើឆាកអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបរទេសបានព្រមានថា រាល់ការឈ្លានពានរបស់អាមេរិករឹតតែជំរុញឲ្យកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី។ កូរ៉េខាងជើង ថែមទាំងអះអាងទៀតថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនឹងធ្វើឲ្យសមត្ថភាពយោធារបស់កូរ៉េខាងជើងរឹតតែខ្លាំងជាងមុន ដើម្បីការពារកូរ៉េខាងជើងពីរាល់អន្តរាគមន៍របស់អាមេរិក និងការប៉ុនប៉ងឈ្លានពានរបស់ទាហានបរទេស។
សឹងជាទម្លាប់ ទីក្រុងព្យុងយ៉ាងប្រកាសគំរាមបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ នៅក្រោយសេចក្តីសម្រេចថ្កោលទោស ឬការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ។ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបីលើក។ នៅរាល់លើក ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
តាមអ្នកជំនាញរបស់អាមេរិកវិញ កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានសកម្មភាពជាប់ជាប្រចាំ។ នៅថ្ងៃព្រហស្បតិ៍ នៅក្នុងរូបភាពរបស់ផ្កាយរណបរបស់អាមេរិក គេឃើញមានផ្សែងចេញពីរោងចក្រនុយក្លេអ៊ែរ Yongbyon ដែលមានម៉ាស៊ីនប្រតិករ ផលិត ភ្លុយតូនីញ៉ូម។ តាមអ្នកជំនាញអាមេរិកាំង នេះជាសញ្ញាដែលបង្ហាញថា កូរ៉េខាងជើងកំពុងត្រៀមរៀបចំ ដំឡើងគ្រឿងម៉ាស៊ីន ដើម្បីផលិត ភ្លុយតូនីញ៉ូម។ រោងចក្រYongbyon ធ្លាប់បានបិទតាំងពី២០០៧ ដើម្បីជាថ្នូរនឹងជំនួយគ្មានអាវុធពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ នៅក្រោយបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ លើកទីបី នៅឆ្នាំ ២០១៣ កូរ៉េខាងជើងបានបើកដាក់ឲ្យដំណើរការទីតាំងនុយក្លេអ៊ែរនេះឡើងវិញ។ គេប៉ាន់ស្មានថា រហូតមកទល់ពេល នេះ របបកុម្មុយនិស្តព្យុងយ៉ាងមានភ្លុយតូញ៉ូមគ្រាប់គ្រាន់ សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរពី៦ ទៅ៨គ្រាប់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ