Pyongyang រំងាប់ចិត្ត Pékin ក្រោយពីមានឧប្បត្តិហេតុកើតឡើងនៅទល់ដែន
ចុះផ្សាយនៅថ្ងៃ៖
មួយសប្តាហ៍ក្រោយពីជនជាតិចិនបីនាក់ត្រូវបាន ឆ្មាំយាមព្រំដែនរបស់កូរ៉េខាងជើងបាញ់សម្លាប់រួចមក របបទីក្រុងPyongyang បានប្រកាសចូលរួមរំលែកមរណទុក្ខពីក្រុមគ្រួសារអ្នករងគ្រោះ។ ការប្រកាសបែបនេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងការបរទេសចិនបានទាមទារឲ្យកូរ៉េខាងជើងបំភ្លឺជុំវិញ ឧប្បត្តិហេតុនេះ។
សេចក្តីរាយការណ៍របស់តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ទីក្រុងPyongyang បានប្រកាសចូលរួមរំលែកមរណទុក្ខពីក្រុមគ្រួសារនៃជនជាតិចិនទាំងបីនាក់ កាលពីម្សិលមិញ។ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មានផ្លូវការចិនថ្មី របស់ទីក្រុងPékin ដែលបានអះអាងទៀតថា អាជ្ញាធរកូរ៉េខាងជើងនឹងដាក់ទោសយ៉ាងធ្ងន់ ទៅលើអ្នកទទួលខុសត្រូវចំពោះមរណភាពរបស់ប្រជាជនចិនទាំងនេះ។
ជនជាតិចិនទាំងបីនាក់ត្រូវបានឆ្មាំរក្សាព្រំដែនរបស់កូរ៉េខាងជើងបាញ់ប្រហារ កាលពីថ្ងៃទី៤មិថុនាសប្តាហ៍មុន ពីព្រោះពួកគេបានឆ្លងចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរត់ពន្ធ។ កាលពីថ្ងៃអង្គារទី៨មិថុនា ដើមសប្តាហ៍នេះ អាជ្ញាធរចិនបានបញ្ចេញប្រតិកម្មទាមទារចង់បានការពន្យល់បំភ្លឺជុំវិញរឿងរ៉ាវនេះ។
តាមរយៈការប្រកាសចូលរួមរំលែកមរណទុក្ខនេះ របបទីក្រុងPyongyang ចង់រំងាប់ចិត្តថ្នាក់ដឹកនាំចិនឲ្យបានលឿនរហ័ស។ ម្យ៉ាង ពីព្រោះចិនជាសម្ព័ន្ធមិត្តនយោបាយនិងសេដ្ឋកិច្ចសឹងតែមួយគត់របស់កូរ៉េខាងជើង នៅលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កូរ៉េខាងជើងដែលសហគមន៍អន្តរជាតិចោទថាបានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូងបានបង្កបញ្ហាមិនតិចទេដល់ប្រទេសចិន។ ជាក់ស្តែងសហរដ្ឋអាមេរិកបានដាក់សម្ពាធទៅលើទីក្រុងPékin ឲ្យជួយប្រដៅនិងថ្កោលទោសកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ