កូរ៉េ-អាមេរិក-ជប៉ុន

កូរ៉េខាងជើង​ព្រមាន​អាមេរិក​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន

នាវាផ្ទុក​យន្តហោះ​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ឈ្មោះUSS George Washington របស់​កងទ័ព​ជើងទឹក​អាមេរិក ដែល​ត្រូវ​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ឧបទ្វីបកូរ៉េ (រូបថតឯកសារ)
នាវាផ្ទុក​យន្តហោះ​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ឈ្មោះUSS George Washington របស់​កងទ័ព​ជើងទឹក​អាមេរិក ដែល​ត្រូវ​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ឧបទ្វីបកូរ៉េ (រូបថតឯកសារ)

កូរ៉េ​ខាងជើង​បាន​ដំឡើង​សំឡេង​ដាក់​អាមេរិក​​សាជាថ្មី​ម្តងទៀត នៅថ្ងៃ​អង្គារ​នេះ ដោយ​បាន​ប្រកាស​ដាក់​កងទ័ព​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ខ្ពស់ និង​ព្រមាន​អាមេរិកចំពោះ​ការ​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ។ សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា ដែលគ្រោង​បើក​ធ្វើ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

 

ស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​បាន​ចាប់តានតឹង​សាជាថ្មី​ឡើងវិញ​ហើយ! កងទ័ព​កូរ៉េ​ខាងជើង​ត្រូវ​តែ​ប្រុងជើងការ ដើម្បី​បើក​ធ្វើ​ប្រតិបត្តិការ​ នៅពេលណា​ដែល​ចាំបាច់”។ នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​អគ្គសេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងជើង នៅថ្ងៃ​អង្គារ​នេះ។ ថ្ងៃ​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត គឺ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង គ្រោង​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា នៅ​ក្នុង​ដែន​សមុទ្រ​ក្បែរ​ឧបទ្វីបកូរ៉េ។

កូរ៉េ​ខាងជើង​ក៏​បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​ផងដែរ​ថា កងទ័ព​កូរ៉េ​ខាងជើង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើការ​តបត​ភ្លាមៗ ចំពោះ​រាល់​សកម្មភាព​បង្កហេតុ​ណាមួយ ហើយ​ថា អាមេរិក គឺ​ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​សោកនាដកម្ម​ណាមួយ ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ។

គួរបញ្ជាក់ថា សមយុទ្ធ​ទ័ពជើង​ទឹករួមគ្នា រវាង​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដោយ​មាន​វត្តមាន​នាវាផ្ទុក​យន្តហោះ​​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ (USS George Washington) របស់​អាមេរិក​ផងនោះ ត្រូវ​បាន​គ្រោង​បើក​ធ្វើ​ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ​អង្គារ​នេះ​ទៅ។ ក៏ប៉ុន្តែ អគ្គបញ្ជាការ​កងទ័ព​ជើងទឹក​ជប៉ុន ទើប​នឹង​ប្រកាស​ឲ្យដឹង កាលពីប៉ុន្មានម៉ោង​មុននេះ​ថា សមយុទ្ធ​នេះ​ត្រូវ​បាន​លើកពេល​ពីរ-បីថ្ងៃ ដោយសារ​តែ​មាន​ព្យុះសង្ឃារា។ សមយុទ្ធនេះ​អាច​នឹង​ត្រូវ​បើក​ធ្វើ នៅថ្ងៃ​ព្រហស្បតិ៍។

ឆ្លើយតប​ទៅនឹង​ការគំរាម​របស់​កូរ៉េ​ខាងជើង អគ្គបញ្ជាការ​កងទ័ព​ជើងទឹក​ជប៉ុន​បាន​អះអាង​ថា សមយុទ្ធ​ទ័ពជើងទឹកនេះ គឺ​ជា​ហាត់សម​អំពី​ប្រតិបត្តិការ​សង្រ្គោះ នៅ​ដែន​សមុទ្រ ហើយ​ថា វា​នឹង​ត្រូវ​បើក​ធ្វើ​ទៅតាម​ការ​គ្រោងទុក។ អ្នក​នាំពាក្យ​របស់​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ​ក៏​បាន​អះអាង​ស្រដៀងគ្នា​នេះ​ដែរ​ថា សមយុទ្ធទ័ពជើងទឹក​រួមគ្នា​នេះ គឺ​ជា​សមយុទ្ធ ដែល​តែងតែ​បើក​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ហើយ​វា​ជា​សមយុទ្ធ អំពី​ប្រតិបត្តិការ​សង្រ្គោះ ក្នុងលក្ខណៈ​មនុស្សធម៌។

ទោះជាយ៉ាងណា គេ​សង្កេតឃើញ​ថា ជារៀងរាល់លើក ដែល​អាមេរិក​បើក​ធ្វើ​សមយុទ្ធ នៅ​ក្នុង ឬ​នៅ​ក្បែរ​​ឧបទ្វីបកូរ៉េ បើទោះបី​ជា​សមយុទ្ធ​ក្នុង​រូបភាព​បែបណា​ក៏ដោយ កូរ៉េ​ខាងជើង​តែងតែ​ចេញ​សេចក្តីប្រកាស​គំរាម ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ ហាក់ដូចជា សង្រ្គាម​នឹង​ត្រូវ​ផ្ទុះឡើង។ ការគំរាម​នេះ​ហាក់បាន​ក្លាយ​ជា​ទម្លាប់​មួយ​ទៅហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI