កូរ៉េ

មាតុភូមិ​និវត្តន៍​នៃ​ជនជាតិ​កូរ៉េ​ខាង​ជើង​២៧នាក់​ដែល​បាន​ស្ថិត​នៅ​កូរ៉េ​ខាង​ត្បូង​ដោយ​ចៃដន្យ

កូរ៉េ​ខាង​ជើង​សុខចិត្ត​ទទួល​យក​ពលរដ្ឋ​​ទាំង ២៧​នាក់​ត្រឡប់​ទៅវិញ
កូរ៉េ​ខាង​ជើង​សុខចិត្ត​ទទួល​យក​ពលរដ្ឋ​​ទាំង ២៧​នាក់​ត្រឡប់​ទៅវិញ ©RFI

ជន​២៧​នាក់​ក្នុង​ចំណោម​ជន​ជាតិ​កូរ៉េ​ខាង​ជើង​៣១នាក់​ដែល​កប៉ាល់​ នេសាទ​បាន​រសាត់​អណ្តែត​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​ ទើប​នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​របស់​ខ្លួន​វិញ​ ដោយ​បន្សល់​ទុក​គ្នីគ្នា​ខ្លួន​៤នាក់​ នៅ​កូរ៉េ​ខាង​ត្បូង​។​ការវិល​ត្រឡប់​របស់​គេ​ខ័ណ្ឌ​បញ្ចប់​ការតថ្លៃ​គ្នា​ យ៉ាង​តឹង​សរសៃ​ក​ជិត​២​ខែ​រវាង​រដ្ឋការ​ព្យុងយ៉ាង​និង​សេអ៊ូល​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

គឺ​នៅ​ព្រឹក​ថ្ងៃ​នេះ​ហើយ​ដែល​ជន​ជាតិ​កូរ៉េ​ខាង​ជើង​២៧​នាក់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ជាតិ​ខ្លួន​វិញ​ -ស្រប​តាម​បណ្តាញ​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ YTN​ ។​គេ​បាន​ជិះ​កប៉ាល់​នេសាទ​ដ៏​កញ្ចាស់​ធ្វើ​ពី​ឈើ​ដែល​ម៉ាស៊ីន​ខូច​លែង​ដើរ​បាន​ធ្វើ​ឱ្យ​គេ​រសាត់​អណ្តែត​រហូត​មក​ដល់​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​៥​កុម្ភៈ​មុន​។​ក្នុង​ចំណោម​ជន​ជាតិ​កូរ៉េ​ខាង​ជើង​៣១​នាក់​ ​ មាន​៤​នាក់​រួម​ទាំង​មេ​កប៉ាល់​នេសាទ​ផង​ បាន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​កូរ៉េ​ខាង​ត្បូង​។​សំណូម​ពរ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ព្រម​ទទួល​យក​។

រឿង​រ៉ាវ​នេះ​បាន​បណ្តាល​ឱ្យ​កើត​មាន​វិបត្តិ​ថ្មី​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​។​ព្យុងយ៉ាង​ទាម​ទារ​តម្រូវ​ឱ្យ​អាណិក​ជន​ខ្លួន​ទាំង​អស់​វិល​ត្រឡប់​ចូល​ស្រុក​ទេស​វិញ​និង​ចោទ​រដ្ឋការ​សេអ៊ូល​ថា​ ឃាត់​គេ​ទុក​ផ្ទុយ​នឹង​ឆន្ទៈ​របស់​គេ​។​របប​ព្យុងយ៉ាង​រហូត​ដល់​ទៅ​ចុះ​ផ្សាយ​តាម​គេហទំព័រ​អាំងទែរណេត​នូវ​រូបថត​វីដេអូ​និង​សំបុត្រ​នៃ​សមាជិក​គ្រួសារ​របស់​គេ​ដែល​អង្វរ​-ករ​សូម​ឱ្យ​គេ​វិល​ត្រឡប់​មក​វិញ​។​គឺ​ជា​ការគំរាម​សម្លុត​ពោរពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ ​ ដ្បិត​សាច់​ញាតិ​របស់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​បាន​រត់​ចោល​ស្រុក​ទេស​ខ្លួន​ ជា​ទូទៅ​ ត្រូវ​បាន​អាជ្ញាធរ​បញ្ជួន​ទៅ​កាន់​ជំរំ​ធ្វើ​ការ​ទាំង​បង្ខិត​បង្ខំ​។

នៅ​ទី​បំផុត​ទៅ​ ​ រដ្ឋការ​ព្យុងយ៉ាង​ព្រម​ទទួល​យក​ការវិល​ត្រឡប់​នៃ​អាណិក​ជន​ជាតិ​ខ្លួន​តែ​២៧​នាក់​ប៉ុណ្ណោះ​។​ជា​កាយ​វិការ​សុឆន្ទៈ​មួយ​ នៅ​ពេល​ដែល​របប​ព្យុងយ៉ាង​ក្នុង​ខណៈ​នេះ​កំពុង​ស្វែង​រក​ការអនុគ្រោះ​ពី​ខាង​រដ្ឋការ​សេអ៊ូល​និង​វ៉ាស៊ិនតោន​ ​ ដើម្បី​ទទួល​ជំនួយ​មនុស្សធម៌​ដ៏​ក្រាស់​ក្រែល​។​ស្រប​តាម​កម្មវិធី​អាហារូបត្ថម្ភ​ពិភព​លោក​របស់​អ.ស.ប.​ បណ្តាជន​កូរ៉េ​ខាង​ជើង​ចំនួន​១/៤​ក្នុង​ពេល​បន្តិច​ទៀត​ ប្រហែល​អាច​នឹង​ទទួល​រង​គ្រោះ​ខ្លាំង​ក្នុង​កង្វះ​អាហារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI