កម្ពុជា

ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង

គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​
គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​ REUTERS/KCNA

កាល​ពី​ថ្ងៃ​ទី​ចន្ទ​ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​សាកល្បង​ជា​ថ្មី​ទៀត ដោយ​ជោគជ័យ។ ក្រោយ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល លោក​អូបាម៉ា​ប្រធានាធិបតី​អាមេរិក​ព្រមាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​នេះ។ អង្គការ​សហប្រជាជាតិ​វិញ ក៏​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ប្រទេស​ផ្តាច់​ការ​មួយ​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ផ្តាច់​ការ​មួយ​នេះ បាន​បាញ់​មីស៊ីល​បាលី​ស្ទិក​ចំនួន​៣ កាល​ពី​ថ្ងៃ​ចន្ទ ​ខណៈ​ពេល​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំៗ​លើ​ពិភព​លោក​(G20)​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​ចិន​។ ការ​បាញ់​សាក​ល្បង​នេះ ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃនៃ​កិច្ច​ប្រជុំ​កំពូ​លអាស៊ាន​ និង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ឡាវ​។

លោក​គីម​ ជុង​អ៊ុនបា​ន​សាទរ​ចំពោះ​ការ​បាញ់​សាក​ល្បង ​ដោយ​ជោគ​ជ័យ​ប្រភេទ​មីស៊ីល​នេះ។​ លោក​ប្រធានា​ធិប​តី​អាមេរិក​ឯណោះ​វិញ​ បាន​ព្រមាន​ថា​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​នេះ។​

យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ជា​ ឯកច្ឆ័ន្ទ ដោយ​​សមា​​ជិ​កក្រុម​ប្រឹក្សាអ​ង្គការ​សហ​ប្រជា​ជាតិទាំង​១៥ ​បាន​ចាត់​ទុក​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​គឺ​បាន​បំពាន​លើ​តួនាទី​របស់​អន្តរ​ជាតិ និង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អង្គការ​ប្រជា​ជាតិ​ផង​​ដែរ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​កូរ៉េ​ខាង​ជើង ​បញ្ឈប់​សកម្មភាព​ផ្សេងៗ ​រួម​ទាំង​ការ​បាញ់​មីស៊ីល​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជា​ជាតិ ​ហើយ​ប្រទេស​នេះ​ត្រូវតែ​គោ​រព​ឲ្យ​បានពេញ​​លេញ​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​តាម​សេច​ក្តី​សម្រេច​របស់​UN​។

ក្រុម​ប្រឹក្សានេះ​ នឹង​បន្ត​​ឃ្លាំ​​មើល​ស្ថាន​ភាព​នេះយ៉ា​ង​ដិត​ដល់​ និង​ចាត់​វិធានការ​បន្ថែម​​ទៀត និង​បាន​អំពាវ​នាវឱ្យ​ គ្រប់​ភាគី​ទាំង​អស់​ឱ្យ​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង។​
សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​ក៏​ទទួល​បាន​ការ​ឯក​ភាព​ពី​ប្រទេស​ចិ​ន​ផង​ដែរ​ ដែល​ចិន​ខ្លួន​ឯកគឺ​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​នឹង​កូរ៉េ​ខាង​ជើង​។ ដំបូង​ឡើយ​គឺមា​ន​តែ​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋអាមេរិ​ក​ប៉ុណ្ណោះ ដែ​ល​ប្រតិ​​កម្ម​រួម​គ្នា​ទៅ​លើ​កម្ម​វិធី​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​។

បើ​គិត​ត្រឹម​ឆ្នាំ​២​០១៦​នេះ ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ប្រមាណ​២២​គ្រាប់ ​ហើយ​កំពុង​តែ​បន្ត​ពង្រឹង​សមត្ថភាព​មីស៊ីល​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី​អាមេរិក​។ កូរ៉េ​ខាង​ជើង​បាន​ទទួល​រង​ទណ្ឌ​កម្ម​ចំនួន​៥ដង​ហើយ ​ពី​អង្គការ​សហ​ប្រជាជាតិ​ ក្រោយ​ពី​ប្រទេស​នេះ​បាន​សាក​ល្បង​កម្ម​វិធី​នុយ​អ៊ែរ​ក្នុង​ឆ្នាំ២០០៦​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI