កម្ពុជា

លោក​នួន ជា ចោទសួរ​អំពី​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​មកលើ​កម្ពុជា

លោក​នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២។
លោក​នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២។ RFI/Siv Channa

នៅ​ក្នុង​អង្គ​សវនាការ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ជន​ជាប់​ចោទ នួន ជា បាន​ឡើង​ចោទ​សួរ​សាក្សីជំនាញ​ជនជាតិ​អាមេរិកាំង គឺ​លោកស្រី  Elizabeth Becker អំពី​ការ​ទទួល​ខុស​ត្រូវ រប​ស់​សហរដ្ឋអាមេរិក ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​មក​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ ១៩៧០ និង ៧៣។ សំណួរ​ទាំងពីរ​ផ្តោត​លើ​មូលហេតុ និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហរដ្ឋអាមេរិក​ចំពោះ​សោកនាដកម្ម ដែល​កើត​ឡើង​ពី​ការ​ចូល​ជ្រែត​ជ្រែក​ចូល ក្នុង​ប្រទេស​តូចតាច។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ស្ថិតនៅ​ស្ងៀមស្ងាត់​ជា​យូរ​មក លោក នួន ជា បង​ធំ​ទី​២នៃ​របប​ខ្មែរក្រហម​មិនអាច​នៅ​ស្ងៀម​បាន​ទៀត​ទេ ចំពោះ​មុខ​សាក្សី​ជំនាញ​ជនជាតិ​អាមេរិកកាំង ដែល​កំពុង​ផ្តល់​សក្ខីកម្ម​ក្នុង​អង្គ​សវនាការ។ ជន​ជាប់​ចោទ​រូបនេះ បាន​ឡើង​ចោទ​សួរ​ពីរ​សំណួរ​ទៅកាន់​លោកស្រី Elizabeth Becker  ។

សំណួរ​ទី១ លោក នួន ជា បាន​ចោទសួរ​អំពី​មូលហេតុ​នៃ​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​មក​លើ​ទឹកដី​កម្ពុជា កាលពី​ចន្លោះ​ឆ្នាំ ១៩៧០ និង ៧៣ ។ ជាប់​ចោទ​រូបនេះ បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​រយៈពេល ២០០​យប់ និង ២០០ ថ្ងៃ ដែល​សរុប​ទាំងអស់​ប្រហែល ៣​លាន​តោន​មក​លើ​ទឹកដី​កម្ពុជា។ ប្រតិបត្តិការ នេះ​បាន​សម្លាប់​ជន​ស្លូត​ត្រង់ កម្ទេច​ភូមិ​ករ ផ្ទះសម្បែង និង​វត្ត​អារាម​អស់​ជា​ច្រើន។

ចំណែក​ឯ​សំណួរ​ទី២ គឺ នួន ជា បាន​ចោទ​សួរ​សាក្សី​ជំនាញ​ថា តើ​សហរដ្ឋអាមេរិក​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​សោកនាដកម្ម​នេះ​ដែរ ឬ​ទេ? ជា​ការ​ឆ្លើយតប លោក​ស្រី Elizabeth Beckerបាន​អះអាង​ថា មូល​ហេតុដែល​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់បែក​មកលើ​ទឹក​ដី​កម្ពុជា គឺ​ដើម្បី​គាំទ្រ​ដល់​របប​សាធារណរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ នល់។ ម្យ៉ាងទៀត បើ​យោងតាម​សាក្សីជំនាញ រដ្ឋាភិបាល​លោក និក​សុន សង្ឃឹមថា ការទម្លាក់​គ្រាប់បែក​នេះ​អាច​បង្ខំ​ពួក​ខ្មែរក្រហម​ឲ្យ​ចូល​តុ​ចរចា។

ទាក់ទង​នឹង​ការទទួលខុសត្រូវ​រប​ស់​សហរដ្ឋអាមេរិក លោកស្រី Elizabeth Beckerអះអាងថា សហរដ្ឋ​អាស​មេ​រិ​ក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ​ពីព្រោះ​ច្បាប់​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ចូល​ជ្រែ​ត​ជ្រែក​ប្រទេស​តូចតាច​នោះឡើយ។ លោកស្រី ប៊ែ​ក​ឃើ បន្តថា ចំណោទ​នៃ​ការទទួលខុសត្រូវ​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ​ការទម្លាក់​គ្រាប់បែក​មកលើ​ទឹកដី​កម្ពុជា​នៅតែ​ត្រូវគេ​លើក​មក​ជជែក​គ្នា​យ៉ាងខ្លាំង​រហូតដល់​បច្ចុប្បន្ន។

សូមបញ្ជាក់ថា លោកស្រី Elizabeth Beckerត្រូវ​ឡើង​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​អង្គ​សវនាការ​សំណុំរឿង ០០២ វគ្គ​ទី២ ចំនួន៤ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ទី៩កុម្ភៈ​មក។ លោកស្រី​ត្រូវបាន​ភាគី​ពាក់ព័ន្ធ​នានា​ចោទសួរ​ក្នុងនោះ​ក៏មាន​ជនជាប់ចោទ នួន ជា ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI