សហមេធាវីលោក នួន ជា ច្រានចោលការចោទប្រកាន់របស់សហព្រះរាជអាជ្ញា
ក្នុងសវនាការបិទបញ្ចប់ការសន្និដ្ឋានពិភាក្សាដេញដោលលើសំណុំរឿង០០២ វគ្គទី១ នៅថ្ងៃទី២២តុលានេះ ដល់វេនសហមេធាវីការពារលោកនួន ជា ឡើងធ្វើសេចក្តីសន្និដ្ឋាន។ ទាំង សហមេធាវីបរទេស និងសហមេធាវីជាតិរបស់លោកនួន ជាបានច្រានចោលឯកសារភស្តុតាងជាច្រើនរបស់សហព្រះរាជអាជ្ញា ដែលដាក់បន្ទុកលើកូនក្តីរបស់ខ្លួន។ ប៉ុន្តែ គេនៅមិនទាន់បានលឺ នួន ជា ថ្លែងការពារខ្លួនដោយផ្ទាល់នៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពេញមួយថ្ងៃអង្គារនេះ សហមេធាវីរបស់ នួន ជា បានប្តូរវេនគ្នាឡើងថ្លែងម្តងម្នាក់ដើម្បីការពារកូនក្តីរបស់ខ្លួនចេញពីការចោទប្រកាន់។ ក្នុងសវនាការពេញមួយព្រឹក លោកមេធាវី Victor Koppe សហមេធាវីបរទេស សញ្ជាតិហូឡង់ ដែលការពារក្តីលោក នួន ជា បានថ្លែងបដិសេធឯកសារភស្តុតាងដែលលើកឡើងដោយសហព្រះរាជអាជ្ញា រួមមាន៖ ខ្សែវីដេអូដែល នួន ជា សម្ភាសន៍ជាមួយអ្នកកាសែត រួមទាំងសៀវភៅប្រវត្តិសាស្ត្រ និពន្ធដោយអ្នកកាសែត និងអ្នកប្រវត្តិសាស្ត្របរទេសជាដើម។ លោកចាត់ទុកភស្តុតាងទាំងនោះថាគ្មានទម្ងន់គ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់ខ្លួនទេ។
លោកមេធាវីរូបនេះក៏បានបញ្ជាក់ទៀតថា លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា យល់ស្រប និងឯកភាពក្នុងការជម្លៀសប្រជាជនកម្ពុជាពីភ្នំពេញនៅពេលខ្មែរក្រហមឡើងកាន់អំណាច ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ ប៉ុន្តែ លោក នួន ជា មិនទទួលដឹងឮអំពីការសម្លាប់មេដឹកនាំខ្ពស់ និងទាហានក្នុងរបបសាធារណៈរដ្ឋខ្មែរ លន់ នល់ នៅទួលពោធិ៍ជ្រៃ និងបដិសេធតួនាទីរបស់លោកក្នុងការជម្លៀសប្រជាជន លើកទី២ ក្នុងអំឡុងឆ្នាំ១៩៧៦។
លោក Victor Koppe ក៏បានអះអាងដែរថា លោក ហេង សំរិន ប្រធានរដ្ឋសភាដែលមិនបានចូលរួមជាសាក្សីដើម្បីផ្តល់សក្ខីកម្ម ក្នុងសវនាការ នាំឲ្យប៉ះពាល់ដល់កូនក្តីរបស់ខ្លួន ពីព្រោះ បើតាមលោកមេធាវី លោក ហេង សំរិន ជាសាក្សីដោះបន្ទុកលោកនួន ជា ពាក់ព័ន្ធនឹងការជម្លៀសប្រជាជន និងការសម្លាប់ទាហាន រដ្ឋការរបបលន់ នល់ នៅទួលពោធិ៍ជ្រៃ។
ចំណែកនៅពេលរសៀលវិញ លោក សុន អរុណ មេធាវីជាតិរបស់ នួន ជា ក៏បានឡើងថ្លែងការពារកូនក្តីរបស់ខ្លួនយ៉ាងសកម្មដែរ។ លោកបានទាត់ចោលឯកសារភស្តុតាងនានាដែលសហព្រះរាជអាជ្ញាចងភ្ជាប់ នួន ជា ទៅនឹងមន្ទីរសុន្តិសុខ ស២១ និងច្រានចោលសម្តីសាក្សីជាច្រើនទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ សហព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើសុំឲ្យតុលាការ ផ្តន្ទាទោសលោក នួន ជា និងលោក ខៀវ សំផន ដាក់ពន្ធនាគារមួយជីវិតចំពោះឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀស និងការសម្លាប់ទាហាន លន់ នល់។
សហមេធាវីការពារក្តីលោក នួន ជា មានពេលពីរថ្ងៃ ដើម្បីធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការពិភាក្សាដេញដោលសំណុំរឿង០០២ វគ្គទី១នេះ។ សវនាការនឹងបន្តធ្វើ នៅថ្ងៃព្រហស្បតិ៍ទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ