កម្ពុជា

សហមេធាវី​លោក នួន ជា ច្រាន​ចោល​នូវ​ភស្តុតាង​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​

លោក​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​បង​ទី​២​ សម័យ​ខ្មែរ​ក្រហម​ នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃចន្ទ២៧មិថុនា២០១១​
លោក​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​បង​ទី​២​ សម័យ​ខ្មែរ​ក្រហម​ នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃចន្ទ២៧មិថុនា២០១១​ © Reuters/Mark Peters

ក្នុង​សវនាការ​បិទ​បញ្ចប់​ការសន្និដ្ឋាន​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​០០២ វគ្គ​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​២២​តុលា​នេះ ដល់​វេន​សហមេធាវី​ការពារ​លោក នួន ជា ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន។ ផ្តើម ដំបូង សហ​មេធាវី​បរទេស​របស់​លោក នួន ជា គឺ​លោក​មេធាវី វីកទ័រ គូប៉េ ( Victor Koppe ) បាន​ច្រាន​ចោល​នូវ​ឯកសារ​ភស្តុតាង​នានា​របស់​សហ​ព្រះ​រាជអាជ្ញា ដែល​ដាក់​បន្ទុក​លើ​លោក នួន​ ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា សម័យ​ខ្មែរ​ក្រហម។

ផ្សាយពាណិជ្ជកម្ម

ភាគី​សហ​មេធាវី​ការពារ​ក្តី​លោក នួន​ជា មាន​ពេល​ពីរ​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី២២តុលា​នេះ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​ការពិភាក្សា​ដេញដោល លើ​សំណុំរឿង០០២ ដំណាក់កាល​ទី១ ស្តីពីការជម្លៀស​ដោយ​បង្ខំ និង​ការសម្លាប់​ទាហាន អ្នករដ្ឋការ​ សម័យ​សាធារណរដ្ឋ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់។

ក្នុង​សវនាការ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​មេធាវី Victor Koppe សហ​មេធាវី​បរទេស សញ្ជាតិ​ហូ​ឡង់ ការពារ​ក្តី​លោក នួន​ជា បាន​លើកឡើងថា ឯកសារ​ភស្តុតាង ដែល​លើកឡើង​ដោយ​សហ​ព្រះរាជអាជ្ញា រួមមាន៖ វីដេ​អូ​សម្ភាសន៍​រវាង​អ្នកកាសែត ថេត ​សម្បត្តិ និង​លោក​នួន ជា រួមទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ​និពន្ធ​ដោយ​អ្នកកាសែត និង​អ្នកប្រវត្តិសាស្ត្រ​បរទេស​ជាដើម​នោះ គ្រាន់តែ​ជាការ​ចុច​យក​ភស្តុតាង​ដោយចោះៗ​​របស់​សហ​ព្រះរាជអាជ្ញា ដើម្បី​ដាក់បន្ទុក​លើ​លោក នួន​ ជា ដែល​សព្វថ្ងៃ មាន​អាយុ ៨៧​ឆ្នាំ​ តែប៉ុណ្ណោះ។

តាម​មេធាវី អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា លោក នួន​ជា យល់ស្រប និង​ឯកភាព​ក្នុងការ​ជម្លៀស​ប្រជាជន​កម្ពុជា​ពី​ភ្នំពេញ នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ និង​ការសម្លាប់​អតីត​មេ​ខ្មែរក្រហម​ដទៃទៀត។ ប៉ុន្តែ​លោក នួន​ជា បាន​បដិសេធ មិន​ទទួល​ដឹងឮ​ទេ លើ​ការសម្លាប់​មេដឹកនាំ​ខ្ពស់ និង​ទាហាន​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ និង​បដិសេធ​ពី​តួនាទី​របស់លោក​ ក្នុងការ​ជម្លៀស​ប្រជាជន លើក​ទី២ ក្នុងពេល​ខ្មែរក្រហម​កំពុងកាន់​អំណាច អំឡុង​ឆ្នាំ១៩៧៥។

ក្នុងពេល​សវនាការ នៅ​ព្រឹក​នេះ សហ​មេធាវី​បរទេស ការពារ​លោក​នួន​ជា បាន​កត់​សម្គាល់ផងដែរ​ ​ពី​អវត្តមាន​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា​សព្វថ្ងៃ ដែល​មិនបាន​ចូលរួម​ជា​សាក្សី ដើម្បី​ផ្តល់​សក្ខីកម្ម ​ប៉ះពាល់​ដល់​លោក នួន ​ជា។  ដ្បិត​អី ​តាម​មេធាវី របស់​លោក​នួន ជា លោក ហេង សំរិន ជា​សាក្សី ដោះ​បន្ទុក​លោក​នួន ​ជា ពាក់ព័ន្ធ​នឹង​ការជម្លៀស​ប្រជាជន និង​ការសម្លាប់​ទាហាន​រដ្ឋការ​របប​លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សហ​ព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើ​សុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​មួយជីវិត លើ​លោក នួន​ជា និង​លោក ខៀវ​ សំផន ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការជម្លៀស និង​ការសម្លាប់​ទាហាន លន់ នល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI