អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មុខមាត់​ថ្មី​របស់​សហភាពអឺរ៉ុប​តាម​រយៈ​ការ​ប្តូរ​តំណែង​ប្រធាន​ក្រុមប្រឹក្សា និង​ប្រធាន​ការទូត

សំឡេង ០៤:៥១
លោក​ប្រធាន​ក្រុម​ប្រឹក្សាអឺរ៉ុប ដូណាល់ ទូស្ក
លោក​ប្រធាន​ក្រុម​ប្រឹក្សាអឺរ៉ុប ដូណាល់ ទូស្ក
៣២ នាទី

សហភាព​អឺរ៉ុប​បាន​ប្តូរមាត់​ថ្មី​តាម​រយៈ​ការ​ប្តូរតំណែង​ថ្នាក់ដឹក​នំា​មួយ​ចំនួន​របស់​ខ្លួន។ លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី​ដែល​ជា​ជនជាតិ​អ៊ីតាលី​បាន​ចូល​ជំនួស​កន្លែង​លោកស្រី​កាទ្រីន អាស្តុន​ក្នុង​ឋានៈ​ជា​ប្រមុខ​ការទូត​អឺរ៉ុប។ រីឯ​លោក​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​ដូណាល់ ទូស្ក​បាន​ចូល​ជំនួស​កន្លែង​លោក​អ៊ែកម៉ាន់ វ៉ាន់រ៉ុមពុយ​ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប។ គឺ​វត្តមាន​របស់​ជនជាតិ​ប៉ូឡូញ​នៅ​ក្នុង​តំណែង​ជាន់ខ្ពស់​របស់​អឺរ៉ុប​ពេល​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លំាង ពិសេស​នៅ​ក្នុង​ឆាកនយោបាយ​ក្នុង​ប្រទេស​ប៉ូឡូញ។ តើ​មក​ពី​មូលហេតុ​អ្វី និង​ថា​តើ​លោក​ដូណាល់ ទូស្ក​ជា​នរណា​ដែរ?

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ និង​ក្រៅ​ពី​សពអតីត​សម្តេចសង្ឃ​ប្រមុខ​សាសនា​កាតូលិក​ហ្សង់ប៉ូលទី២ មួយ​អង្គ​ចេញ គេ​មិន​ដែល​ឃើញ​ឥស្សរជន​ប៉ូឡូញ​ណា​ម្នាក់​ទទួល​បាន​តំណែង​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្រៅ​ប្រទេស​ដូច​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ពេល​នេះ​ទេ។ ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ប៉ូឡូញ​ទទួល​បាន​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ប៉ូឡូញ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់​តែ​ខ្លំាង​នៅ​លើ​ឆាកជាតិ និង​ឆាកអន្តរជាតិ។ មួយ​វិញ​ទៀត ឥស្សរជន​ប៉ូឡូញ​ដែល​ចូល​កាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ជំនួស​កន្លែង​លោក​អ៊ែកម៉ាន់ វ៉ាន់រ៉ុមពុយ គឺ​លោក​ដូណាល់ ទូស្ក​ដែល​កំពុង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​សព្វថ្ងៃ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​ដូណាល់ ទូស្ក​ត្រូវ​បង្ខំចិត្ត​បោះបង់​តំណែង​ក្នុង​ស្រុក​ដើម្បី​តំណែង​ក្រៅ​ស្រុក។

តើ​លោក​ដូណាល់ ទូស្ក​ជា​នរណា និង​ថា​ហេតុ​អ្វី​បាន​ជា​អឺរ៉ុប​បាន​សម្រេច​ជ្រើសរើស​លោក​ឲ្យ​កាន់​តំណែង​កំពូល​មួយ​នេះ?

មាន​អាយុ ៥៧ឆ្នំា និង​មាន​កំណើត​នៅ​ក្នុង​ស្រុក​ដង់ស្ក​ជាប់​ព្រំប្រទល់ដែន​ជា​មួយ​ប្រទេស​អាល្លឺម៉ង់ លោក​ដូណាល់ ទូស្ក​មាន​ដើមកំណើត​ជា​ជនជាតិ​ប៉ូឡូញ​តំាង​ពី​ក្បាល​ដល់​ចុង​ជើង ដោយ​គ្មាន​ជាប់​សែស្រឡាយ​នឹង​ជនជាតិ​ផ្សេង​ទេ។ មាន​សម្បុរទង់ដែង និង​មាន​ភ្នែកពណ៌ខៀវ លោក​ដូណាល់ ទូស្ក​មិន​សូវ​ចេះ​និយាយ​ភាសា​បរទេស​ទេ។ គាត់​អាច​និយាយ​ភាសា​អង់គ្លេស​បាន​មួយ​ម៉ាត់ ពីរម៉ាត់ ភាសា​បារំាង​គ្មាន​មួយ​ម៉ាត់​សោះ តែ​បើ​ភាសា​អាល្លឺម៉ង់​វិញ គឺ​និយាយ​មិន​ចាញ់​ជនជាតិ​អាល្លឺម៉ង់​ទេ។ ការ​ចេះ​ស្ទាត់​ភាសា​អាល្លឺម៉ង់​ក៏​ដោយសារ​តែ​លោក​មាន​កំណើត​ក្នុង​ស្រុក​ជាប់​នឹង​ព្រំដែន​អាល្លឺម៉ង់​នោះ​ឯង។

មាន​ឳពុក​ជា​អ្នក​ជួសជុល​ដំបូល​ផ្ទះ និង​ម្តាយ​ជា​គិលានុបដ្ឋាយិកា លោក​ដូណាល់ ទូស្ក​បាន​ចាប់​យក​មុខវិជ្ជា​ប្រវត្តិសាស្រ្ត​ដែល​លោក​ទទួល​បាន​សញ្ញាប័ត្រ​ក្នុង​ឆ្នំា ១៩៨០។ ក្រៅ​ពី​បាន​ចូលរួម​ជាមួយ​ចលនា​សាមគ្គីភាព​ដើម្បី​ទម្លាក់​របប​កមុម្មុយនិស្ត​នៅ​ប៉ូឡូញ​ក្នុង​ឆ្នំា ១៩៨៩ អ្នកប្រវត្តិសាស្រ្ត​រូប​នេះ​ក៏​បាន​ស្គាល់​ប្រទេស​រុស្ស៊ី​ច្បាស់​ដូច​បាតដៃ​ដែរ។ នៅ​ក្រោយ​ការ​ធ្លាក់​របប​កុម្មុយនិស្ត លោក​ដូណាល់ ទូស្ក​បាន​ចូល​រួម​ជាមួយ​មិត្តភ័ក្តិ​ដើម្បី​បង្កើត​ចលនា​សេរី​មួយ មុន​នឹង​បង្កើត​​ចេញ​ជា​គណបក្ស​នយោបាយ​មួយ​ឈ្មោះ Plateforme civique ក្នុង​ឆ្នំា ២០០១ ដែល​លោក​ធ្វើ​ជា​ប្រធាន​មក​ដល់​សព្វថ្ងៃ។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ដូណាល់ ទូស្ក​មិនមែន​ជា​តួអង្គឯក​​ដែល​បាន​នំា​ប៉ូឡូញ​ឲ្យ​ចូល​ជា​សមាជិក​អឺរ៉ុប​កាល​ពី​ឆ្នំា ២០០៤ ឯណា តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​រូបលោក​ដូណាល់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ូឡូញ​ក្លាយ​ជា​សមាជិក​គំរូ​មួយ​នៅ​ផ្ទៃក្នុង​សហភាពអឺរ៉ុប​តំាង​ពី​ឆ្នំា ២០០៧។

ឆ្នំា ២០០៧ ដែល​គណបក្ស Plateforme civique របស់​លោក​ដូណាល់ ទូស្ក បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោតសភា និង​ដែល​រូបលោក​បាន​​ក្លាយ​ជា​នាយករដ្ឋមន្រ្តី។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០១១ គណបក្ស​ Plateforme civique ក៏​បាន​ជាប់​ឆ្នោត​ជា​ថ្មី និង​ដែល​លោក​ដូណាល់​បាន​បន្ត​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​អាណត្តិទី២។ នេះ​ពិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​លើកទី១ មិន​ធ្លាប់​មាន​ទេ​នៅ​ប៉ូឡូញ តំាង​ពី​ការ​បិទបញ្ចប់​របប​កុម្មុយនិស្ត​ក្នុង​ឆ្នំា ១៩៨៩។ ប្រជាប្រិយភាព​របស់​គណបក្ស Plateforme civique ក៏​ដូច​ជា​ភាព​ល្បី​ឈ្មោះ​របស់​លោក​ដូណាល់ ទូស្ក​ក៏​ដោយសារ​ថា លោក​បាន​ប្រែ​ក្លាយ​ប៉ូឡូញ​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ស្ថិរភាព​នយោបាយ​ល្អ និង​មាន​ស្ថានភាព​សេដ្ឋកិច្ច​គ្រាន់​បើ​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស​ប្រទេស​ដែល​ធ្លាប់​ដឹកនំា​ដោយ​របប​កុម្មុយនិស្ត​ដូច​ប៉ូឡូញ។ អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​ខ្លំាង​នោះ​គឺ​ថា តំាង​ពី​ផ្ទុះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​លោក​កាល​ពី​ឆ្នំា ២០០៨ មក ប៉ូឡូញ ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​ដែល​ស្គាល់​កំណើន​សេដ្ឋកិច្ច​ថយចុះ ឬ​មួយ​ក៏​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ទេ។

តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​ដូណាល់ ទូស្ក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​លះបង់​តំណែង​នាយករដ្ឋមន្រ្តី​ទៅ​ចាប់​យក​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ឡើយ។ វា​មិន​ខុស​អ្វី​នឹង​សុភាសិត​មួយ​ដែល​និយាយ​ថា ទូក​ទៅ កំពង់​នៅ​នោះ​ទេ ព្រោះ​ថា ការ​ចាកចេញ​របស់​លោក​ដូណាល់ ទូស្ក​មិន​ត្រឹមតែ​ជា​ការ​បាត់​ទម្ងន់​មួយ​ចំពោះ គណបក្ស Plateforme civique របស់​លោក​ប្រឈម​នឹង​គណបក្សប្រឆំាង​របស់​លោក​យ៉ារ៉ូស្លាវ កាហ្ស៊ីនស្គី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ក្តី​កង្វល់​មួយ​ចំពោះ​ប្រជាជន​ប៉ូឡូញ​ទូទៅ​ដែរ ពិសេស​ចំ​ពេល​ដែល​ប៉ូឡូញ​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​នៅ​ឆ្នំា​ក្រោយ។ គឺ​ប្រហែល​ជា​បទពិសោធន៍​ក្នុង​ស្រុក​របស់​លោក​ដូណាល់ ទូស្ក​នោះ​ហើយ​ដែល​នំា​ឲ្យ​លោក​ទទួល​បាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ពេល​នេះ។ មួយ​វិញ​ទៀត និង​ខុស​ពី​លោក​កាហ្ស៊ីនស្គី លោក​ដូណាល់​ជា​អ្នកនិយមអឺរ៉ុប និង​ដែល​បាន​អនុវត្តន៍​នយោបាយ​រំកិល​រក​ប្រទេស​អាល្លឺម៉ង់។

ក្រោម​ភ្នែក ច្រមុះ​របស់​សហភាព​អឺរ៉ុប វត្តមាន​របស់​ឥស្សរជន​ម្នាក់​មក​ពី​អតីត​ប្លុកកុម្មុយនិស្ត​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បាន​បង្កប់​ដោយ​អត្ថន័យ​ធំធេង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ពី​សាមគ្គីភាព​អឺរ៉ុប​តែ​មួយ។ តែ​គេ​ត្រូវ​តែ​ហ៊ាន​និយាយ​ថា នៅ​ក្នុង​កាលៈទេសៈ​ពិភពលោក​សព្វថ្ងៃ អឺរ៉ុប​ត្រូវ​ការ​មនុស្ស​ដូច​លោក​ដូណាល់ ទូស្ក​ដោយ​ខាន​មិន​បាន ពិសេស​ចំ​ពេល​ដែល​បស្ចិមលោក និង​រុស្ស៊ី​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​សព្វថ្ងៃ។ ដូច្នេះ មាន​កិច្ចការ​ជា​ច្រើន​ដែល​កំពុង​រង់ចំា​លោក​ដូណាល់ ទូស្ក និង​ដែល​លោក​មិន​ត្រូវ​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ