មានការវាយប្រហារគ្នាជាថ្មីនៅម្តុំអាកាសយានដ្ឋានទីក្រុងដូណេតក្នុងប្រទេសអ៊ុយក្រែន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងប្រទេសអ៊ុយក្រែន កិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខាដោយកងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាមគំាទ្ររុស្ស៊ីមិនត្រូវបានគោរពត្រឹមត្រូវទេ។ ជាក់ស្តែងនៅតំបន់ប៉ែកខាងកើតដែលការប៉ះទង្គិចគ្នាផ្លូវអាវុធកំពុងបន្តមានជាប់ជាប្រចំា។ បន្ទាប់ពីមានស្លាប់ជនស៊ីវិល ១០ កាលពីថ្ងៃពុធកន្លងមក ការបាញ់ផ្លោងដាក់គ្នាបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី២ តុលាម្សិលមិញនៅជុំវិញអាកាសយានដ្ឋានដូណេត។
នៅកន្លែងណាមិនដឹងទេ តែអាកាសយានដ្ឋានក្នុងទីក្រុងដូណេត គឺជាទីតំាងយុទ្ធសាស្រ្តដ៏សំខាន់មួយដែលពួកឧទ្ទាមតែងតែបានព្យាយាមដណ្តើមកាន់កាប់។ បន្ទាប់ពីត្រូវបានកម្លំាងទ័ពអ៊ុយក្រែនវាយរុញច្រាននៅថ្ងៃពុធ ទី១ តុលាមក ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមគំាទ្ររុស្ស៊ីបានបើកការវាយប្រហារជាថ្មីទៀតទៅលើអាកាសយានដ្ឋានដដែលមួយនេះ។ មានព័ត៌មានលេចឡើងថា កម្លំាងឧទ្ទាមវាយយកបានព្រលានចំនួនពីរនៅអាកាសយានដ្ឋាននោះ តែព័ត៌មាននេះត្រូវបានច្រានចោលដោយអ្នកនំាពាក្យទាហានអ៊ុយក្រែន។ យោងតាមអ្នកនំាពាក្យទាហានអ៊ុយក្រែនរូបនេះដដែល កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនកំពុងបន្តកាន់កាប់អាកាសយានដ្ឋានដូណេតដដែល និងក៏កំពុងបន្តផ្គត់ផ្គង់ជំនួយយោធា និងចំណីអាហារឲ្យកម្លំាងទាហានអ៊ុយក្រែនដែលកំពុងឈរជើងនៅទីនោះ។
បើយោងតាមកងទ័ពអ៊ុយក្រែន ពួកឧទ្ទាមបានបើកការវាយប្រហារនៅប៉ែកខាងត្បូង ដោយបានដាក់តំាងជើងបាញ់គ្រាប់រ៉ូកែតនៅតាមអាគារស្នាក់នៅរបស់ប្រជាជនក្នុងស្រុកគៀវស្គី។ គឺនៅទីនោះហើយដែលពួកឧទ្ទាមបានរងការបាញ់ផ្លោងរបស់ទាហានអ៊ុយក្រែន ដោយបានបណ្តាលឲ្យមានស្លាប់ជនស៊ីវិល ១០នាក់នៅថ្ងៃពុធ ទី១ តុលាក្បែរកន្លែងចំណតរថយន្តក្រុង និងនៅក្នុងសាលារៀនមួយ។ គឺអាកាសយានដ្ឋានដូណេតនោះឯងដែលភាគីនីមួយៗកំពុងដណ្តើមគ្នាកាន់កាប់ ព្រោះវាជាទីតំាងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់។
លោកអាឡិចសង់ ហ្សាកាឆេនកូ នាយករដ្ឋមន្រ្តីតែងតំាងដោយខ្លួនឯងនៅដូណេតបានទាយទុកជាមុនថា នៅប៉ុន្មានថ្ងៃខាងមុខនេះ អាកាសយានដ្ឋានដូណេតនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកឧទ្ទាម។ គឺជាទស្សនវិស័យមួយដែលកំពុងធ្វើឲ្យបស្ចិមលោកព្រួយបារម្ភខ្លំាង។ លោកស្រីនាយករដ្ឋមន្រ្តីអាលឺម៉ង់បានទូរស័ព្ទនិយាយជាមួយលោកប្រធានាធិបតីរុស្ស៊ីពូទីននៅយប់ថ្ងៃពុធ ដោយអំពាវនាវឲ្យរុស្ស៊ីឈប់គំាទ្រពួកឧទ្ទាម និងគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបបានចុះហត្ថលេខា។ ប្រភពព័ត៌មានស្និទ្ធិនឹងរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ឲ្យដឹងថា អឺរ៉ុបគ្រោងនឹងដាក់ទ័ណ្ឌកម្មថ្មីប្រឆំាងរុស្ស៊ី ប្រសិនបើអាកាសយានដ្ឋានដូណេតធ្លាក់ក្នុងកណ្តាប់ដៃពួកបះបោរមែននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ