ថៃ

ថៃ៖« អំពើភេរវកម្ម​សម្លាប់​មនុស្ស​ជាថ្មី​នៅ​ប៉ែក​ខាងត្បូង​ដែល​សម្បូរ​ពួក​ម៉ូស្លីម​រស់នៅ »

ថៃ៖« អំពើភេរវកម្ម​សម្លាប់​មនុស្ស​ជាថ្មី​នៅ​ប៉ែក​ខាងត្បូង​ដែល​សម្បូរ​ពួក​ម៉ូស្លីម​រស់នៅ »
ថៃ៖« អំពើភេរវកម្ម​សម្លាប់​មនុស្ស​ជាថ្មី​នៅ​ប៉ែក​ខាងត្បូង​ដែល​សម្បូរ​ពួក​ម៉ូស្លីម​រស់នៅ » REUTERS/Surapan Boonthanom

តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ​បាន​រងអំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​ជា​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ ទី២១ កញ្ញា​ម្សិលមិញ។ យោង​តាម​លទ្ធផល​បណ្តោះអាសន្ន អំពើភេរវកម្ម​បាន​ផ្តាច់​ជីវិត​មនុស្ស ៦នាក់ និង​រងរបួស ៤១នាក់ ក្នុង​នោះ​មាន​របួស​ធ្ងន់ ១៩នាក់។ រថយន្ត​បាន​ផ្ទុះ​នៅ​ខាង​ក្នុង​ផ្សារ​មួយ​ដែល​កំពុង​មាន​មនុស្ស​កកកុញ​ច្រើន​ស្ថិត​ក្នុង​ខេត្ត​ប៉ាតានី។ ម្យ៉ាង​ទៀត អំពើ​ភេរវកម្ម​នោះ​បាន​កើត​មាន​ឡើង ចំពេល​ដែល​កងទាហាន​ថៃ និង​ក្រុម​ឧទ្ទាម​មួយ​ក្រុម​កំពុង​ជួប​ចរចា​គ្នា។

ផ្សាយពាណិជ្ជកម្ម

អំពើ​ភេរវកម្ម​ជា​ថ្មី​នេះ​បាន​កើត​មាន​ឡើង ១០ថ្ងៃ ក្រោយ​ពី​មាន​ក្រុម​សកម្មជន​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​ប្រមាណ​ជា ១០០នាក់​បាន​ទម្លាក់​អាវុធ​សុំ​ចុះ​ចូល​ជាមួយ​ទាហាន​ថៃ។ ការ​សុំចុះចូល បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​រវាង​ក្រុម​យោធា​ថៃ និង​ក្រុម​ឧទ្ទាម​អ្នក​កាន់សាសនា​អ៊ីស្លាម។ អ្វី​ជា​ការ​កត់សម្គាល់ ការ​សុំចុះចូល​របស់​ពួក​ឧទ្ទាម​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ផ្តល់​សម្បទាន​ឲ្យ​គ្នា ទោ​វិញ ទៅ​មក៖ ក្រុម​ឧទ្ទាម​ទំាង​នោះ​យល់​ព្រម​ទម្លាក់​អាវុធ និង​ទទួល​បាន​ការ​លើកលែង​ទោស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​កន្លង​មក។ ម្យ៉ាង​ទៀត កិច្ចចរចា​ក៏​មិន​បាន​ផ្តោត​លើ​សម្បទាន​នយោបាយ​ទេ មាន​ន័យ​ថា អត់​និយាយ​ដល់​រឿង​ការ​ទាមទារ​ស្វ័យភាព​របស់​ខេត្ត​ទំាង៣​នៅ​ប៉ែក​ខាង​ត្បូង​ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ទាមទារ​កន្លង​មក​ទេ។ តែ​គេ​ក៏​នៅ​មិន​ទាន់​អាច​ដឹង​បាន​ថា តើ​អ្វី​ទៅ ជា​តួនាទី​របស់​ក្រុមឧទ្ទាម​ទំាង​នោះ​នៅ​ក្នុង​ជួរ​កងទ័ព​ថៃ។

យ៉ាង​ណា​ក៏​ដោយ អំពើហិង្សា​ជាថ្មី​នៅ​ថ្ងៃ​ម្សិលមិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​យ៉ាង​បង្ហូរ​ឈាម​មួយ​ចំពោះ​ពិធី​សុំចុះចូល​របស់​ក្រុមឧទ្ទាម​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ទាហាន​ថៃ និង​ដែល​ត្រូវ​បាន​ទីក្រុង​បាងកក​ចាត់​ទុក​ជា​សញ្ញា​វិជ្ជមាន​មួយ។ តែ​បញ្ហា​នៅ​ត្រង់​ថា ស្នូល​នៃ​ជម្លោះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ទេ ព្រោះ​ថា ចលនា​បះបោរ​របស់​ក្រុម​សកម្មជន​អ្នកទាមទារ​ផ្តាច់​ទឹកដីនិយម​នៅ​បន្ត​យ៉ាង​សកម្ម។ គួរ​ជម្រាប​ជូន​ថា ចលនា​បះបោរ​ទាមទារ​ផ្តាច់​ទឹកដីនិយម​មួយ​នេះ​គ្មាន​អ្នកដឹកនំា​ចេញ​មុខ និង​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ទេ តែ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ក្រុម​តូចៗ​មាន​គ្នា​ប្រមាណ​ជា ១០នាក់។ ឃើញ​ថា នេះ​ពិត​ជា​​លំបាក​ខ្លំាង​ណាស់​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​បាងកក ក៏​ដូច​ជា​ទាហាន​ថៃ​ក្នុង​ការ​បិទបញ្ចប់​ទំាង​ស្រុង​នូវ​ចលនា​ទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​តំបន់​ប៉ែក​ខាងត្បូង​មួយ​នេះ។ ចលនា​ដែល​បាន​ផ្តើម​តំាង​ពី​ឆ្នំា ២០០៤ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា
 ៥ ៣០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI