មានអ្នកទោសនយោបាយប្រមាណជា ៦០នាក់ត្រូវបានដោះលែង
នៅថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញ ទូរទស្សន៍រដ្ឋបានប្រកាសឲ្យដឹងថា អ្នកទោសចំនួន ៥១៤នាក់បានទទួលការលើកលែងទោស តែគេមិនដឹងពីចំនួនអ្នកទោសនយោបាយទេ។ ប៉ុន្តែអ្នកទទួលខុសត្រូវម្នាក់នៃគណបក្សប្រឆំាងរបស់លោកស្រី អ៊ុង សានស៊ូជីបានបញ្ជាក់នៅថ្ងៃនេះថា មានអ្នកទោសនយោបាយប្រមាណជា ៦០នាក់បានត្រូវដោះលែង។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងចំណោមអ្នកទោសដែលបានទទួលការលើកលែងទោសទំាងជាង ៥០០នាក់ មានអ្នកទោសនយោបាយប្រមាណជា ៦០នាក់ នេះបើយោងតាមការបញ្ជាក់របស់លោក នីន នីន សមាជិកម្នាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក នីន នីនដែលបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ មានអ្នកទោសនយោបាយសរុបប្រមាណជា ៣០០នាក់កំពុងជាប់ឃុំឃំាងនៅក្នុងប្រទេសភូមា។ ម្យ៉ាងទៀត ក្នុងចំណោមអ្នកទោសដែលបានដោះលែងទំាងនោះ ក៏មានសមាជិករបស់គណបក្សលោកស្រី អ៊ុង សានស៊ូជីយ៉ាងតិចណាស់ ៨នាក់ដែរ នេះជាការអះអាងរបស់អ្នកទោសម្នាក់ជាសមាជិករបស់គណបក្សប្រឆំាងនាពេលចេញពីពន្ធនាគារ Insein ស្ថិតក្នុងទីក្រុងរ៉ង់ហ្គូន។
សូមជម្រាបជូនថា កាលពីថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញ ទូរទស្សន៍រដ្ឋភូមាបានប្រកាសពីការលើកលែងទោសអ្នកទោសចំនួន ៥១៤នាក់ ដោយមិនបានប្រាប់ពីតួលេខនៃចំនួនអ្នកទោសនយោបាយទេ។ តែគ្រាន់បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោសទំាងនោះ ក៏មានអ្នកទោសជាជនបរទេសដែរ ពិសេសគឺជនជាតិចិន។ ម្យ៉ាងវិញទៀត វិធានការលើកលែងទោសនេះ គឺដើម្បីចូលរួមរក្សាស្ថិរភាព និងសន្តិភាពយូរអង្វែង ព្រមទំាងរក្សាមិត្តភាពជាមួយប្រទេសជិតខាងផង។ អ្វីជាការកត់សម្គាល់ ការលើកលែងទោសដែលមានជាប់ពាក់ព័ន្ធនឹងអ្នកទោសបរទេស ពិសេសជនជាតិចិនពេលនេះបានធ្វើឡើង មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីភូមា ថេន សេន ទៅកាន់ប្រទេសចិន និងដែលលោកត្រូវស្នាក់នៅរហូតដល់ថ្ងៃសៅរ៍ ទី២២ កញ្ញាចុងសប្តាហ៍នេះ។
មួយវិញទៀត ការប្រកាសដោះលែងអ្នកទោសជាថ្មីរបស់រដ្ឋាភិបាលទីក្រុងណៃពីដ៏ពេលនេះក៏បានធ្វើឡើង ចំថ្ងៃដែលលោកស្រីប្រមុខគណបក្សប្រឆំាង អ៊ុង សានស៊ូជីបានទៅដល់សហរដ្ឋអាមេរិកដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣សប្តាហ៍ និងជួនចំពេលដែលលោកប្រធានាធិបតីភូមា ថេន សេន ត្រៀមខ្លួនចេញដំណើរទៅកាន់ទីក្រុងញូយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ