អ៊ីរ៉ង់

អ៊ីរ៉ង់​បន្ត​យក​សំណុំរឿង​នុយក្លេអ៊ែរ​ផ្គើន​សហគមន៍​អន្តរជាតិ

អ៊ីរ៉ង់​បន្ត​យក​សំណុំរឿង​នុយក្លេអ៊ែរ​ផ្គើន​សហគមន៍​អន្តរជាតិ
អ៊ីរ៉ង់​បន្ត​យក​សំណុំរឿង​នុយក្លេអ៊ែរ​ផ្គើន​សហគមន៍​អន្តរជាតិ ©Reuters

កាល​ពី​ថ្ងៃ​ច័ន្ទ ទី ៩ មករា ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង ពី​ការ​ផ្តើម​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយខ្លួនឯង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fordow ស្ថិត​ក្នុង​ទីក្រុង Qom។ ទីក្រុង​តេហេរ៉ង់​បាន​ប្រាប់​ថា គោលដៅ​នៃ​ការ​ធ្វើ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម គឺ​ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ពី​ការ​ដែល​អ៊ីរ៉ង់​យក​ទៅ​ផលិត​គ្រាប់បែក​បរមាណូ។ ទន្ទឹម​គ្នា​នេះ សង្រ្គាម​ពាក្យសំដី​កំពុង​បន្ត​រវាង​អ៊ីរ៉ង់ និង​អាមេរិក បន្ទាប់​ពី​តុលាការ​អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​អាមេរិក​ម្នាក់ ដើមកំណើត​អ៊ីរ៉ង់​ពី​បទ​បាន​ធ្វើ​ការ​បម្រើ​ផលប្រយោជន៍​អាមេរិកំាង។

ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អ៊ីរ៉ង់​បាន​សម្រេចចិត្ត​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង​ពេល​នេះ ក្រោយ​ពី​អ៊ីរ៉ង់ ​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និយាយ​មិន​ត្រូវ​គ្នា​ជុំវិញ​ការ​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់​ទៅ​ចម្រើនធាតុ​នៅ​ឯបរទេស។ គួរ​ជម្រាប​ជូន​ថា តំាង​តែ​ពី​ដំបូង​មក​ម្ល៉េះ ប្រទេស​មហា​អំណាច តាម​រយៈ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ស្នើ​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង និង​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទាំង ១ ២០០​គីឡូក្រាម​ដែល​ខ្លួន​មាន យក​ទៅ​ចម្រើនធាតុ​នៅ​ឯ​បរទេស។ កាលណោះ មាន​ការ​លើក​ឡើង​ថា អាច​នឹង​បញ្ជូន​ទៅ​ចម្រើនធាតុ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឬមួយ​ក៏​ប្រទេស​បារាំង។ តែ​អ្វី​ដែល​អ៊ីរ៉ង់​ជំទាស់ គឺ​ដោយ​សុំ​បញ្ជូន​តែ ៤០០គីឡូក្រាម​ប៉ុណ្ណោះ។ បន្ទាប់មក សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចំរើនធាតុ​រួចហើយ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​អ៊ីរ៉ង់​វិញ ដើម្បី​ឲ្យ​អ៊ីរ៉ង់​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល។ ការ​ធ្វើ​យ៉ាង​នេះ មក​ពី​សហគមន៍​អន្តរជាតិ​បារម្ភ​ថា បើ​គេ​ទុក​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​បង្កើន​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ស្រេច​នឹង​ចិត្ត ដោយ​គ្មាន​កំណត់ នឹង​អាច​ឲ្យ​អ៊ីរ៉ង់​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​យោធា ពិសេស​ផលិត​គ្រាប់បែក​បរមាណូ។ សូម​ជម្រាប​ជូន​ថា អ៊ុយរ៉ាញ៉ូម​ចម្រើនធាតុ​ដែល​មាន​អត្រា​តិច​ជាង ២០% គឺ​អាច​យក​ទៅ​ប្រើប្រាស់​តែ​នៅ​ក្នុង​វិស័យ​ស៊ីវិល​ប៉ុណ្ណោះ តែ​បើ​អត្រា​កើន​រហូត​ដល់​ទៅ​ជាង ៩០% គឺ​អាច​យក​ទៅ​ផលិត​គ្រាប់បែក​បរមាណូ។

តើ​អ៊ីរ៉ង់​ពិត​ជា​មាន​បំណង​ចង់​ផលិត​គ្រាប់បែប​បរមាណូ​មែន ឬ ?

អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ័យ​ស្លន់ស្លោ​នា​ពេល​នេះ គឺ​ខ្លាច​អ៊ីរ៉ង់​សម្រេចចិត្ត​ផលិត​គ្រាប់បែក​បរមាណូ។ តែ​ទីក្រុង​តេហេរ៉ង់​បាន​ដឹង​ខ្លួន​រួច​ជា​ស្រេច​ថា ការ​សម្រេចចិត្ត​ណា​មួយ​របស់​ខ្លួន​នឹង​ពិត​ជា​ទទួល​ផលវិបាក​ពី​សហគមន៍​អន្តរជាតិ​ដោយ​ចៀស​មិន​រួច។ យ៉ាង​ណា​ក៏​ដោយ អ៊ីរ៉ង់​នៅ​តែ​បន្ត​ប្រកាស​ថា គ្រប់​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​រាប់​ទំាង​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fordow ផង គឺ​ក្នុង​គោលដៅ​បម្រើ​នៅ​ក្នុង​វិស័យ​ស៊ីវិល​សុទ្ធសាធ។ ទន្ទឹម​គ្នា​នេះ ទីក្រុង​តេហេរ៉ង់​ថែម​ទំាង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថា គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​មាន​ហេតុផល​នយោបាយ។

រហូត​មក​ដល់​ពេល​នេះ ទោះ​បី​ជា​មាន​អ្នកខ្លះ​មិន​ជឿ​លើ​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​គ្រាប់បែក​បរមាណូ​ក៏​ដោយ ក៏​គ្រប់​គ្នា​មិន​បាន​មើល​ស្រាល​លើ​បញ្ហា​នេះ​ទេ។ មុន​គេ​គឺ​សហរដ្ឋអាមេរិក​។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Leon Panetta បាន​ថ្លែង​ឲ្យ​ដឹង​ថា អាទិភាព​ទីមួយ​របស់​អាមេរិក​ពេល​នេះ គឺ​មិនមែន​ព្យាយាម​បញ្ឈប់​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ទៀត​ទេ តែ​ត្រូវ​រារំាង​អ៊ីរ៉ង់​កុំ​ឲ្យ​ផលិត​គ្រាប់បែក​បរមាណូ។ នៅ​ខាង​សហភាព​អឺរ៉ុប​ឯណេះ លោក​ប្រមុខ​ការទូត​អង់គ្លេស​បាន​សម្តែង​ការ​ខក​ចិត្ត​របស់​ខ្លួន ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង។ ប្រទេស​បារំាង​បាន​លើក​ឡើង​ពី​ការ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ទីក្រុង​តេហេរ៉ង់។

តើ​អ៊ីរ៉ង់ និង​អាមេរិក​ស្ថិត​នៅ​មាត់ជ្រោះ​នៃ​សង្រ្គាម ឬ ?

បើ​គេ​និយាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គេ​ពិបាក​នឹង​ស្វែង​រក​​សំឡេង​រួម​តែ​មួយ ក្នុង​ការ​វាយប្រហារ​អ៊ីរ៉ង់។ ប្រទេសចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រែយ៍ និង​មាន​សិទ្ធិ​ប្រើ​វ៉េតូ​ជំទាស់ ពិត​ជា​មិន​ចង់​ឃើញ​អ៊ីរ៉ង់​ទទួល​ទ័ណ្ឌកម្ម​ធ្ងន់ធ្ងរ​ណា​មួយ​ទេ។ ហេតុផល​គឺ​មក​ពី​ប្រទេស​ទំាង​ពីរ​បាន​ទទួល​ផលប្រយោជន៍​ច្រើន ពី​អ៊ីរ៉ង់ ពិសេស​គឺ​ចិន ដែល​ត្រូវ​ការ​ប្រេង​អ៊ីរ៉ង់​យក​ទៅ​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

គេ​ប្រហែល​ជា​អាច​និយាយ​ពី​មាត់ជ្រោះ​នៃ​សង្រ្គាម​រវាង​អាមេរិក និង​អ៊ីរ៉ង់។ នេះ​ហើយ​ជា​អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​ឃើញ​នា​ពេល​បច្ចុប្បន្ន។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សង្រ្គាម​ពាក្យ​សំដី​រវាង​ទីក្រុងតេហេរ៉ង់ និង​វ៉ាស៊ីនតោន​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។ បន្ទាប់​ពី​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​អ៊ីរ៉ង់ អ៊ីរ៉ង់​ក៏​បាន​គំរាម​បិទ​ច្រកសមុទ្រ Ormuz និង​ព្រមាន​មិន​ឲ្យ​នាវា​ចម្បំាង​អាមេរិក​ត្រឡប់​ចូល​ឈូង​សមុទ្រពែរ្ស​វិញ។ អាមេរិក​ក៏​បាន​គំរាម​វាយប្រហារ​អ៊ីរ៉ង់ បើ​អ៊ីរ៉ង់​ហ៊ាន​បិទ​ច្រកសមុទ្រ Ormuz មែន។ បន្ទាប់​មក​នៅ​ថ្ងៃ​ច័ន្ទ ទី៩ មករា​ម្សិលមិញ តុលាការ​អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​អាមេរិក​ម្នាក់ ដើមកំណើត​អ៊ីរ៉ង់ ដោយ​ចោទ​ថា​បាន​ធ្វើ​ការ​បម្រើ​ផលប្រយោជន៍​អាមេរិកំាង។

បើ​មាន​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់​មែន នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ និង​អាច​រាលដាល​ទៅ​ជា​សង្រ្គាម​ទៀត​ផង។ រីឯ​ផលវិបាក​ដ៏​ធំ​មួយ​ទៀត គឺ​កង្វះ​ខាត​ប្រេងកាត។ អ៊ីរ៉ង់​គឺ​ជា​ប្រទេស​នាំ​ចេញ​ប្រេងកាត​លំដាប់ទី៤ នៅ​លើ​ពិភពលោក បន្ទាប់​ពី​រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម។ អ៊ីរ៉ង់​ក៏​អាច​កាត់​ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ពី​ដើមបូព៌ា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ សូម​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ ប្រេង​ឆៅ​ប្រមាណ ១៧% នៃ​ទីផ្សារ​ពិភពលោក​ត្រូវ​ដឹកជញ្ជូន​តាម​ច្រកសមុទ្រ Ormuz ដែល​ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI