ជប៉ុន

តើ​ធាតុ​វិទ្យុសកម្ម​អាច​បង្ក​ផលវិបាក​អ្វីខ្លះ​ដល់​សុខភាព​មនុស្ស?

អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម
អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម ©Reuters

អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​​ថា កម្រិត​វិទ្យុសកម្ម នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា (Fukushima) ​បាន​កើនឡើង​ខ្លាំង​ កាល​ពី​ថ្ងៃ​អង្គារ ១៥ មីនា ២០១១ ក្រោយ​ពី​មាន​ការ​ផ្ទុះ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ៤ ជា​បន្តបន្ទាប់​គ្នា។ តើ​ធាតុវិទ្យុសកម្ម​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ដល់​សុខភាព? តើកម្ពុជា​អាច​នឹង​ត្រូវ​ទទួល​ផលប៉ះពាល់​ពី​ការ​លេចធ្លាយ​ធាតុវិទ្យុសកម្ម នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ ដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

ការពន្យល់​របស់​សេង ឌីណា

តើ​អ្នក​ទទួលរង​ធាតុ​វិទ្យុសកម្ម អាច​​មាន​បញ្ហា​សុខភាព​អ្វីខ្លះ?

ការប៉ះពាល់​ដល់​សុខភាព គឺ​​អាស្រ័យទៅនឹង​បរិមាណ​នៃ​វិទ្យុសកម្ម ដែល​យើង​ទទួល។ អ្នក​ដែល​ទទួល​រងធាតុវិទ្យុសកម្ម​ក្នុងកម្រិត​ធ្ងន់ធ្ងរ​ អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ក្នុងរយៈពេល​ខ្លី (គេចាត់ទុក​ថា​ស្លាប់​ដោយ​ពុល​ធាតុវិទ្យុសកម្ម)។ អ្នក​ដែល​ទទួល​រង​ក្នុង​កម្រិត​ធ្ងន់​មធ្យម អាច​ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅថ្ងៃ​អនាគត។

ធាតុវិទ្យុសកម្ម​អាច​មាន​នៅ​ស្ទើរតែ​គ្រប់ទីកន្លែង ក្នុង​បរិយាកាស គ្រាន់តែ​មាន​ក្នុង​កម្រិត​ទាប។ ជាទូទៅ មនុស្ស​ម្នាក់​ៗ​​ទទួល​ធាតុ​វិទ្យុសកម្ម ប្រមាណ​ជា ២​មីលីស៊ីវែរត៍ ក្នុង​មួយ​ឆ្នាំ។ ការ​​ថតកាំរស្មី​អ៊ិច (X-Ray) ក៏​​បណ្តាល​ឲ្យ​យើង​ទទួល​ធាតុវិទ្យុសកម្ម​ដែរ ប៉ុន្តែ ទទួល​ក្នុង​​រយៈពេល​ខ្លី និង​កម្រិត​ទាប ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

អ្នក​ដែល​ទទួល​ធាតុ​វិទ្យុសកម្ម​ ចាប់ពី​កម្រិត ១​ស៊ីវែរត៍​ទៅ (ស្មើ​នឹង​១ពាន់​មីលីស៊ីវែរត៍) ត្រូវ​ចាត់ទុក​​ជា​អ្នក​ជំងឺ​វិទ្យុសកម្ម។ អ្នក​ជំងឺ​អាច​ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ខ្លាំង ប៉ុន្តែ នៅ​អាច​មាន​លទ្ធភាព​ព្យាបាល​បាន។

អ្នក​ដែល​ទទួល​ធាតុវិទ្យុសកម្ម​ ចាប់​ពី ៥​ស៊ីវែរត៍ មាន​អត្រា​ស្លាប់ ៥០% បើ​សិន​ជា​បាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ។ អត្រា​ស្លាប់​អាច​នឹង​កើនឡើង រហូតដល់ ៩០% ឬ ១០០% ប្រសិន​បើ​គ្មាន​ការ​ព្យាបាល។

អ្នក​ដែល​ទទួល​ធាតុវិទ្យុសកម្ម​ចាប់ពី ៨​ស៊ីវែរត៍​ទៅ មាន​អត្រាស្លាប់ ១០០% មានន័យថា អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់ បើទោះជា​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ក៏ដោយ។

តើ​ធាតុវិទ្យុសកម្ម​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​នៅពេលនេះ​មាន​កម្រិត​ប៉ុណ្ណា?

យោងតាម​អាជ្ញាធរ​ជប៉ុន នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ា បច្ចុប្បន្ន​នេះ កម្រិត​វិទ្យុសកម្ម មាន​​​ពី​១០០ ទៅ​៤០០ មីលីស៊ីវែរត៍។ កម្រិត​នេះ​នៅទាប​ជាង ១០០០​មីលីស៊ីវែរត៍ ដែល​​ជនរងគ្រោះ​ត្រូវ​ចាត់ទុក​ថា​ជា​អ្នក​ជំងឺ​វិទ្យុសកម្ម។ ក៏ប៉ុន្តែ បរិមាណ​វិទ្យុសកម្ម ដែល​មនុស្ស​ម្នាក់​ទទួល គឺ​វាអាស្រ័យ​នឹង​បរិមាណ​វិទ្យុសកម្ម​នៅក្នុង​បរិយាកាស​ផង និង​រយៈពេល​ដែល​គាត់​ស្ថិត​នៅ​កន្លែង​មានវិទ្យុសកម្ម​ផង។

ដូច្នេះ អ្នក​ដែល​នៅ​ក្នុង ឬ​នៅ​ក្បែរ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កាន់តែ​យូរ នឹង​ត្រូវ​ទទួលរង​ធាតុវិទ្យុសកម្ម​កាន់តែ​​ច្រើន។

តើ​ធាតុវិទ្យុសកម្ម ដែល​លេចធ្លាយ​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ជប៉ុន អាច​សាយភាយ​ទៅដល់​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

តើ​ធាតុវិទ្យុសកម្ម នៅហ្វ៊ូគូស្ហ៊ីម៉ា អាច​សាយភាយ​ទៅដល់​ណា គឺ​​ជា​រឿង​ដែល​​មិន​មាន​អ្នកណា​ម្នាក់​​អាច​ព្យាករ​ដឹង​ជាមុន​បាន​ច្បាស់​ទេ។ គេគ្រាន់តែ​ដឹង​ថា វិទ្យុសកម្ម​​​មាន​ទម្ងន់​​ធ្ងន់ជាង​ខ្យល់។ ដូច្នេះ វិទ្យុសកម្ម​ដែល​​​សាយភាយ​ឡើង​ក្នុង​បរិយាកាស ​នឹង​ត្រូវ​ធ្លាក់​ចុះ​មក​ដី​វិញ​បន្តិចម្តងៗ។

ដូច្នេះ រយៈចម្ងាយ​នៃ​ការសាយភាយ​វិទ្យុសកម្ម​អាស្រ័យ​នឹង​កត្តា​ធំៗបី៖

  • តើ​ធាតុវិទ្យុសកម្ម​ ដែល​លេចធ្លាយ​ទៅ​ក្នុង​បរិយាកាស​ មាន​បរិមាណ​ប៉ុណ្ណា?
  • តើ​ធាតុវិទ្យុសកម្ម​លេចធ្លាយចេញ​ទៅ​ដល់​កម្រិត​កម្ពស់ណា? តើ​គ្រាន់តែ​លេចធ្លាយ​ចេញ ឬ​ក៏​មាន​កម្លាំង​ផ្ទុះ​រុញ​វិទ្យុសកម្ម​ឲ្យ​ឡើង​ទៅលើ​ខ្ពស់?
  • តើ​ខ្យល់​បក់​ទៅ​ទិសណា?

នៅពេលនេះ ប្រព័ន្ធ​ខ្យល់​នៅ​តំបន់​​ហ្វ៊ូគូស្ហ៊ីម៉ា​មាន​ទិសដៅ​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។ ដូច្នេះ ធាតុវិទ្យុសកម្ម នៅហ៊្វូគូស្ហ៊ីម៉ា​ កំពុង​​​ត្រូវ​ខ្យល់​បក់​ផាត់​ចេញ​ទៅ​​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក។ ចំណែក​ប្រទេស​កម្ពុជាវិញ គឺ​ស្ថិត​នៅ​​ខាងត្បូង ឆៀង​ខាងលិច​ប្រទេស​ជប៉ុន។ ម្យ៉ាង​​ទៀត ​កម្ពុជាស្ថិត​នៅ​​​ចម្ងាយ​ជាង​ ៤ពាន់​គីឡូម៉ែត្រ​ឯណោះ ពី​​ហ្វ៊ូគូស្ហ៊ីម៉ា។

គួរ​បញ្ជាក់ថា កាល​ពី​ឆ្នាំ​១៩៨៦ គ្រោះថ្នាក់​នៅ Tchernobyle មាន​ទំហំ​ធំធេង​ជាង​​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ពេលនេះ​ទៅទៀត។ ក៏ប៉ុន្តែ ធាតុវិទ្យុសកម្ម​បាន​សាយភាយ​តែ​នៅ​ក្នុង​រង្វង់​តិចជាង​២ពាន់​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ដូច្នេះ បើ​មើលទៅ​លើ​​ទិស​ខ្យល់ និង​ទំហំ​​គ្រោះមហន្តរាយ​​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា និង​ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​ពី​អតីតកាល កម្ពុជាមិន​គួរ​ព្រួយបារម្ភ​ អំពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ធាតុ​វិទ្យុសកម្ម​​​​នៅ​ហ្វ៊ូគូស្ហ៊ីម៉ានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI