ភេរវកម្ម

បងធំ​ទី៣​របស់​ក្រុម​អាល់កៃដា​ស្លាប់​ដោយ​ត្រូវ​មីស៊ីល​អាមេរិក

មូស្តាហ្វា អាប៊ូ អាល់​យ៉ាហ្ស៊ីដ (Mustafa Abu al-Yazid)
មូស្តាហ្វា អាប៊ូ អាល់​យ៉ាហ្ស៊ីដ (Mustafa Abu al-Yazid) ©រក្សាសិទ្ធិ

មេដឹកនាំ​លំដាប់ទី៣ របស់​​ក្រុមភេរវជន អាល់កៃដា ត្រូវស្លាប់​ដោយ​មីស៊ីល​អាមេរិក នៅ​ប៉ាគីស្តង់ កាល​ពី​ពីរសប្តាហ៍​មុន។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​​ក្រុមអាល់កៃដា​ និង​ការបញ្ជាក់​របស់​មន្រ្តី​រដ្ឋាភិបាល​អាមេរិក។ នេះ​គឺ​ជា​មេដឹកនាំ​អាល់កៃដា​លំដាប់​ខ្ពស់​បំផុត ដែល​​កងទ័ព​អាមេរិក​សម្លាប់ ចាប់តាំង​ពី​លោក​អូបាម៉ា​បាន​ឡើង​កាន់​តំណែង។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

មូស្តាហ្វា អាប៊ូ អាល់​យ៉ាហ្ស៊ីដ (Mustafa Abu al-Yazid) គឺ​ជា​មេដឹក​​ជាន់ខ្ពស់​លំដាប់​ទី៣ របស់​ក្រុមអាល់កៃដា បន្ទាប់​ពី​ អូសាម៉ា ប៊ីន ឡាដិន (Osama Bin Laden) និង​​អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)។ គេជឿថា យ៉ាហ្ស៊ីដ គឺ​ជា​អ្នក​ជំនាញ​ខាង​រៃអង្គាស​លុយ​ផង និង​ជា​អ្នក​ជំនាញ​ខាង​រៀបចំ​ប្រតិបត្តិការ​វាយប្រហារ​ភេរវកម្ម​ផង។ យោងតាម​​ទីភ្នាក់ងារ​​អែហ្វ-ប៊ី-អាយ (FBI) យ៉ាហ្ស៊ីដ គឺ​ជា​អ្នក​ផ្គត់ផ្គង់​លុយកាក់​ដល់​ក្រុមភេរវជន ដែល​ធ្វើ​ការវាយប្រហារ​លើ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី១១ កញ្ញា ២០០១។

កន្លងមក គេតែងតែ​លេចឮ​ពាក្យចចាមអារ៉ាម​ស្តីពី​ការ​ស្លាប់​របស់​យ៉ាហ្ស៊ីដ។ ក៏ប៉ុន្តែ ទើបតែ​ពេលនេះ​ទេ ដែល​ក្រុមអាល់កៃដា​ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ថា យ៉ាហ្ស៊ីដ ពិត​ជា​បាន​ស្លាប់មែន។ យោងតាម​សេចក្តីថ្លែងការណ៍​នៅលើ​វែបសៃត៍​ស្និទ្ធិ​នឹង​ក្រុមអាល់កៃដា អាប៊ូ អាល់​យ៉ាហ្ស៊ីដ បាន​ស្លាប់​​រួមជាមួយ​ប្រពន្ធ និង​កូន​៣នាក់ ក៏ប៉ុន្តែ មិន​បាន​បញ្ជាក់ថា ស្លាប់​ដោយ​មក​ពីហេតុអ្វី​នោះទេ។ ក៏ប៉ុន្តែ បើ​យោងតាម​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ យ៉ាហ្ស៊ីដ ស្លាប់​កាល​ពី​២​សប្តាហ៍មុន នៅ​ក្នុង​​តំបន់​កុលសម្ព័ន្ធ ប្រទេស​ប៉ាគីស្តង់ ដោយ​ត្រូវ​គ្រាប់មីស៊ីល​អាមេរិក។

កន្លងមក នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក គឺ​លោក​ ឡេអន ប៉ានេតា (Leon Panetta) ធ្លាប់​បាន​ថ្លែង​ថា ប្រតិបត្តិការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅលើ​តំបន់​កុលសម្ព័ន្ធ​ប៉ាគីស្តង់​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ជាន់ខ្ពស់​របស់​អាល់កៃដា​ត្រូវ​បង្ខំ​ចិត្ត​រត់​រក​កន្លែង​លាក់ខ្លួន ហើយ​គ្មាន​ឱកាស​រៀបចំ​ការវាយប្រហារ​ភេរវកម្ម​ទ្រង់ទ្រាយធំ។

ក៏ប៉ុន្តែ ការប៉ុនប៉ង​​បំផ្ទុះគ្រាប់បែក​លើ​យន្តហោះ​​នៅអាមេរិក កាល​ពី​ថ្ងៃ​បុណ្យ​ណូអែល និង​ការប៉ុនប៉ង​​បំផ្ទុះ​រថយន្ត​នៅ​ញូយ៉ក កាលពីពេលថ្មីៗនេះ បង្ហាញថា ​អាល់កៃដា នៅតែ​ជា​ក្រុមភេរវជន​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត​សម្រាប់​អាមេរិក។ យោងតាម​អ្នក​ជំនាញ​ខាង​ភេរវកម្ម ការស្លាប់​របស់ អាប៊ូ អាល់​យ៉ាហ្ស៊ីដ ប្រាកដ​ជា​ធ្វើ​ឲ្យ​​​ក្រុមអាល់កៃដា​ត្រូវ​រង្គោះរង្គើ ក៏ប៉ុន្តែ គេមិនរំពឹង​ថា ការវាយប្រហារ​ភេរវកម្ម​នឹង​ត្រូវ​ចុះខ្សោយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI