ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អវត្តមាន​របស់​លោក​អូបាម៉ា​នៅ​អាស៊ី​បានជា​ប្រយោជន៍​ទៅដល់​ចិន

សំឡេង ០៥:២៨
ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​ជំនួបកំពូល​ APEC ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ចន្ទ ៧តុលា ២០១៣
ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​ជំនួបកំពូល​ APEC ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ចន្ទ ៧តុលា ២០១៣ REUTERS/Edgar Su

ប្រមុខដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​ (APEC) បាន​ចាប់​ផ្តើម​បើក​ធ្វើ​ជំនួបកំពូល នៅថ្ងៃ​ចន្ទនេះ នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។ ជំនួបកំពូល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​លោក​អូបាម៉ា។ ឆ្លៀត​ក្នុង​អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក ទាំង​ក្នុង​ជំនួបកំពូល APEC និង​ទាំង​ក្នុង​ជំនួបកំពូល​អាស៊ីបូព៌ា ដែល​បើក​ធ្វើ​នៅ​ព្រុយណេ នៅថ្ងៃ​ពុធ គឺ​ប្រធានាធិបតី​ចិន ដែល​កំពុង​ដើរ​តួឯក​នៅ​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

 

ជំនួបកំពូល APEC បាន​បើក​ធ្វើ​ដោយ​គ្មាន​វត្តមាន​របស់​លោក​អូបាម៉ា ក៏ប៉ុន្តែ មាន​វត្តមាន​វិបត្តិ​ថវិកា​អាមេរិក។ វិបត្តិ​នៅ​អាមេរិក គឺ​ជា​ក្តីបារម្ភ​មួយ បន្ថែម​ពី​លើ​ស្ថានភាព​សេដ្ឋកិច្ច​អាស៊ី ដែល​កំពុង​តែ​មាន​អត្រា​កំណើន​ធ្លាក់​ចុះ។ ធនាគារ​ពិភពលោក​ទើប​នឹង​បាន​ចេញ​ការព្យាករ​ថ្មី​មួយ ដោយ​បាន​កាត់បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​អាស៊ី​បូព៌ា សម្រាប់​ឆ្នាំ​២០១៣​នេះ ពី ៧,៨% មក​នៅ​ត្រឹមតែ ៧,១%​ប៉ុណ្ណោះ ដោយសារ​តែ​អត្រា​កំណើន​សេដ្ឋកិច្ច​នៅតាម​ប្រទេស​សំខាន់ៗមួយ​ចំនួន ដូចជា ចិន ឥណ្ឌូណេស៊ី ថៃ និង​ម៉ាឡេស៊ី ជាដើម មាន​ការ​ធ្លាក់ចុះ​ទាប​ជាង​ការ​ព្យាករ​ពីមុន។

នៅ​អាមេរិក ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីមួយ រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​ជាប់គាំង​អស់រយៈពេល​មួយសប្តាហ៍​មកហើយ ដោយ​មិនទាន់​ឃើញ​មាន​ពន្លឺ​នៃ​ដំណោះស្រាយ​ណាមួយ​នៅឡើយ។

លើសពីនេះ​ទៅទៀត អាមេរិក​កំពុង​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ថ្មីមួយទៀត ដែលកាន់តែ​​​ធ្ងន់ធ្ងរ គឺ​បញ្ហា​បំណុលរដ្ឋ។ រតនាគារ​អាមេរិក​នឹង​​ត្រូវ​អស់លុយ​ត្រឹមថ្ងៃ​ទី១៧​តុលា​ខាងមុខ។ ប្រសិនបើ​ដល់​ពេលនោះ សភា​អាមេរិក​មិន​អនុម័ត​ច្បាប់ដំឡើង​កម្រិត​បំណុល​រដ្ឋ​ទេ រដ្ឋាភិបាល​អាមេរិកនឹង​​មិន​អាច​ខ្ចី​លុយ​គេ​បន្ថែម​ទៀត​បានទេ ហើយ​បំណុល​ចាស់​ក៏​មិន​មាន​លុយ​សងគេ​ដែរ។ អាមេរិក​អាច​នឹង​ត្រូវ​ក្ស័យធន ហើយ​ពិភពលោក​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ថ្មីមួយទៀត។

ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច វិបត្តិថវិកា​អាមេរិក​ កំពុង​​​បង្កបញ្ហា​ចោទធំមួយទៀត ប៉ុន្តែ​ ជា​បញ្ហា​ចោទ​ជាចម្បង​លើ​អាមេរិក​ខ្លួនឯង នោះ​គឺ​ភាព​ចុះខ្សោយ​នៃ​​នយោបាយ​ការបរទេស។ ​​

​វិបត្តិ​ថវិកា​បាន​ធ្វើ​ឲ្យ​លោក​អូបាម៉ា​ត្រូវ​បង្ខំចិត្ត​លុបចោល​ដំណើរទស្សនកិច្ច​មក​កាន់​តំបន់​អាស៊ី ហើយ​ខកខាន​មិនបាន​ចូលរួម​ ទាំង​ក្នុង​​ជំនួបកំពូល APEC នៅថ្ងៃ​ចន្ទ​នេះ និងក្នុង​​ជំនួបកំពូល​អាស៊ី​បូព៌ា ដែល​ត្រូវ​បើក​ធ្វើ ក្នុង​ប្រទេ​សព្រុយណេ នៅថ្ងៃ​ពុធ​ ១០តុលា។
 
គេ​សង្កេតឃើញ​ថា ជារៀងរាល់​ឆ្នាំ នៅ​ក្នុង​ជំនួបកំពូល​អាស៊ី​បូព៌ា តែងតែ​មាន​ការ​លើកឡើង អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេស​មួយចំនួន​ក្នុង​អាស៊ាន (ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ)។ ប្រទេស​ជាប់ជម្លោះជាមួយ​ចិន​នេះ តែងតែ​ដាក់ក្តី​រំពឹង​លើ​អាមេរិក ដើម្បី​ជួយ​ទប់ទល់​ជាមួយ​នឹង​ចិន។ ក៏ប៉ុន្តែ ឆ្នាំ​នេះ ប្រធានាធិបតី​អាមេរិក​បែរជា​មិន​អាច​មក​ចូលរួម​ក្នុង​ជំនួបកំពូល​នេះ​បាន។

ភាព​ផុយស្រួយ​នៃ​ស្ថិរភាព​របស់​ស្ថាប័ន​កំពូល​រដ្ឋ កំពុងតែ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​ពិភពលោក ត្រូវ​បាត់បង់​ទំនុកចិត្ត ពី​ប្រទេស​ដទៃ។ បណ្តា​ប្រទេស ដែល​រំពឹង​លើ​អំណាច​អាមេរិក ប្រាកដ​ជា​ត្រូវ​ចោទ​ជា​សំណួរ​ថា តើ​អាមេរិក​ពិត​ជា​មាន​សមត្ថភាព​​ និង​ឆន្ទៈ ក្នុងការ​រក្សា​នយោបាយ​ការបរទេស​របស់​ខ្លួន ដូចការ​សន្យា​ដែរ​ឬទេ? សម្រាប់​ប្រទេស​នៅ​អាស៊ីវិញ​ សំណួរត្រូវ​ចោទឡើង​​ថា តើ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា ដែល​ចង់​ងាក​ទៅ​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី​អាច​នឹង​អនុវត្ត​បាន​ដែរ​ឬទេ? តើ​គេ​គួរ​បន្ត​នៅ​រំពឹង​លើ​អាមេរិក ឬ​ក៏​ត្រូវ​ជ្រើសរើស​ផ្លូវ​ផ្សេង?

ក្នុង​ពេល​ជាមួយគ្នា​នេះ អវត្តមាន​របស់​លោក​អូបាម៉ា នៅ​អាស៊ី គឺ​ជា​កាដូ​ដ៏​ធំមួយ សម្រាប់​ចិន។ នៅ​ក្នុង​ពេល​ដែល​លោក​អូបាម៉ា​លុបចោលទស្សនកិច្ច​នៅ​អាស៊ី គឺ​លោក​ស៊ី ជីនពីង ដែល​កំពុង​តែ​ដើរ​ជា​តួឯក។ ក្នុង​ដំណើរទស្សនកិច្ច នៅ​ឥណ្ឌូណេស៊ី លោក​ស៊ី ជីនពីង​ បាន​ប្រកាស​ពី​ការចុះកិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក្នុង​ទំហំទឹក​ប្រាក់​ រហូត​ដល់​ទៅ​ប្រមាណ​ជា ៣០ពាន់​លាន​ដុល្លារ។ លើស​ពី​នេះ​ទៅទៀត លោក​ស៊ី ជីនពីង បាន​ឡើង​ថ្លែង​សុន្ទរកថា នៅ​ចំពោះមុខ​សភា​ឥណ្ឌូណេស៊ី ដែល​ជា​រឿងដ៏​កម្រ។

បន្ទាប់មកទៀត លោក​ស៊ី ជីនពីង បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​​ម៉ាឡេស៊ី ហើយ​បាន​ប្រកាស​ពី​ការ​បង្កើត​ទំនាក់ទំនង​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ រវាង​ចិន និង​ម៉ាឡេស៊ី រួមមាន​ទាំង​ការ​ពង្រឹង​ចំណង​ទាក់ទង​ខាង​ផ្នែក​យោធា​ផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ី​ក៏​ជា​ទិសដៅ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា​ដែរ ប៉ុន្តែ ត្រូវ​លុបចោល​ទៅវិញ ក្រោយ​ពីមាន​វិបត្តិ​ថវិកា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI