ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​អូបាម៉ា​ទើសទាល់​ខ្លាំង​ដោយសារ​រឿង​អាស្រូវ​លួច​ស្តាប់​តាម​ទូរស័ព្ទ

សំឡេង ០៥:២៥
លោក​អូបាម៉ា​បកស្រាយ​ពី​រឿង​លួចស្តាប់​ខ្សែទូរស័ព្ទ​របស់​ប្រជាជន​រាប់លាន​នាក់
លោក​អូបាម៉ា​បកស្រាយ​ពី​រឿង​លួចស្តាប់​ខ្សែទូរស័ព្ទ​របស់​ប្រជាជន​រាប់លាន​នាក់ ©reuters

កាលពី​ពេលថ្មីៗនេះ សេតវិមាន​ធ្លាប់​រិះគន់​ថា រដ្ឋាភិបាល និង​ស្ថាប័ន​យោធា​ចិន​ជាអ្នក​នៅពីក្រោយ​ខ្នង​ក្រុមចោរ​លួច តាម​ព័ត៌មានវិទ្យា ប៉ុន្តែ ពេលនេះ ហាក់ដូចជា​ជាន់កែង​ខ្លួនឯង​ទៅវិញ ព្រោះថា រដ្ឋបាល​របស់​លោក​អូបាម៉ា ខ្លួនឯង​ក៏​កំពុង​រង​ព្យុះ​រិះគន់​​ពី​អង្គការ​ការពារ​​សិទ្ធិមនុស្ស និង​អ្នកកាសែត ពីរឿង​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​​បាន​ចូលលួច​យក​ព័ត៌មាន​របស់​ប្រជាជន​អាមេរិក ​តាមរយៈ​អ៊ិនធ័រណេត ឬ​លួច​ស្តាប់​ខ្សែរ​ទូរស័ព្ទ។

ផ្សាយពាណិជ្ជកម្ម

នៅ​ចុង​សប្តាហ៍​មុន​នេះ កាសែត​អាមេរិកាំង The Washington post និង​កាសែត​អង់គ្លេស​The Guardian ទើប​បាន​ចុះផ្សាយ​របាយការណ៍​ដ៏​គួរ​ឲ្យ​ព្រឺខ្លួន​មួយ ដែល​បង្ហាញ​ពី​កម្មវិធី​ពីរ​របស់​រដ្ឋបាល​លោក​អូបាម៉ា ដែល​កំពុង​លួច​យកការណ៍​ពី​ប្រជាជន​អាមេរិក។ លួចយកការណ៍​ពី​ប្រជាជន​អាមេរិក ព្រោះ​បើតាម​កាសែត The Washington Post ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិកាំង ១០​លាន​នាក់​ត្រូវ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​លួចស្តាប់​ជា​រៀងរាល់ថ្ងៃ។

មួយវិញទៀត ទីភ្នាក់ងារ​សន្តិសុខជាតិ​របស់​អាមេរិក​ដែល​ជាអ្នកគ្រប់គ្រង​កម្មវិធី​នេះ​ផ្ទាល់ ក៏​បាន​ប្រើ​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​មួយ​ទៀត ឈ្មោះ Prism ដើម្បី​ចូលទៅ​យក​ព័ត៌មាន​សម្ងាត់​របស់​បុគ្គល ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន​អ៊ិនធ័រណេត​ធំៗ​ចំនួន ៩ ដូចជា Google ឬ​Youtube Yahoo Facebook ឬ​ក៏​Skype។ ក្រុមហ៊ុន​Google Facebook Microsoft បាន​ចេញមុខ​បដិសេធ ក្រោយ​លេច​ឮ​ព័ត៌មាន​នេះ។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អះអាង​ថា គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ចូលមើល​ ព័ត៌មាន​របស់​អតិថិជន​របស់​ពួកគេ​ ដោយ​ផ្ទាល់ ឬ​ជារៀងរាល់ ថ្ងៃ ដូច​ដែល​របាយការណ៍​បាន​ចុះ​នោះទេ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ក៏​មិន​បាន​បដិសេធ ពី​ការសហការ​កន្លងមក ជាមួយ​អាជ្ញាធរ​អាមេរិក ក្នុង​ករណី​មាន​ដីកា​ពី​តុលាការ និងក្នុង​ករណី​ដែល​គេ​បញ្ជាក់ថា ពិតជា​មាន​តម្រូវការ​ចាំបាច់​នូវ​ព័ត៌មាន​របស់​អតិថិជន​ណាមួយ ដើម្បី​គោលដៅ​សន្តិសុខ​ជាតិ។

ទោះជា​ក្រុមហ៊ុន​អ៊ិនធ័រណេត​បដិសេធ ប៉ុន្តែ របាយការណ៍​សម្ងាត់ ដែល​បញ្ចេញ​ដោយ​អតីត​បុគ្គលិក​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក បង្ហាញ​យ៉ាងច្បាស់​ថា មន្រ្តី​របស់​លោកអូបាម៉ា ពិតជា​លួច​តាមដាន​យ៉ាងសម្ងាត់ ទៅលើ​ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិកាំង ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន​អ៊ីនធ័រណេត។ សេតវិមាន​មិន​បាន​បដិសេធ​ពី​វត្តមាន​របស់​កម្មវិធី​Prism។
 

ក្រុមហ៊ុន​ទូរស័ព្ទ​Verizon ដ៏ធំ​របស់​អាមេរិក​ដែល​ក្រុមស៊ើបការណ៍​សម្តាត់​អាមេរិក​លួចស្តាប់
ក្រុមហ៊ុន​ទូរស័ព្ទ​Verizon ដ៏ធំ​របស់​អាមេរិក​ដែល​ក្រុមស៊ើបការណ៍​សម្តាត់​អាមេរិក​លួចស្តាប់ ©Reuters

ប្រធានក្រុមស៊ើបការណ៍​សម្ងាត់​អាមេរិក លោក​James Clapper ទទួលស្គាល់​ថា ពិត​ជា​មាន​ការចូលយក​ព័ត៌មាន​ពី​ខ្សែ​ទូរស័ព្ទ​របស់​ប្រជាជន​នៅក្នុង​អាមេរិក​មែន ប៉ុន្តែ លោក​បាន​បញ្ជាក់​យ៉ាងដាច់​ណាត់​ថា ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​គ្រាន់​តែ​ចូលយក​លេខទូរស័ព្ទ រយៈពេល​សន្ទនា និង​ឈ្មោះអ្នកនិយាយ​ឆ្លើយឆ្លង​ម្នាក់ទៀត ពោល គឺ​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ត្រួតពិនិត្យ​តាមដាន​លើ​ជនបរទេស នៅ​ក្រៅ​ទឹកដី​អាមេរិក ប៉ុន្តែ មិន​មែន​តាមដាន​ដោយ​ផ្ទាល់​ទៅលើ​ពលរដ្ឋអាមេរិកាំង ឬ​អ្នក​ដែល​រស់នៅ​លើ​ទឹកដី​អាមេរិកទេ។

កាលពីថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​បញ្ជាក់​បន្ថែម ដោយ​ថា គ្មាន​នរណា​ម្នាក់​លួចស្តាប់​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិកាំង​ទេ ហើយនេះ​មិនមែន​ទិសដៅ​របស់​គោលនយោបាយ​របស់​លោកដែរ។ ប៉ុន្តែ សួរថា ហេតុអ្វី​បាន​ជាលោក​អូបាម៉ា​ទើប​ចេញមុខ​មក​បកស្រាយ​នៅពេលនេះ​ទៅវិញ? រឿងអាស្រូវ​ទាក់ទង​នឹង​រឿងលួចស្តាប់​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិក​បាន​បែកខ្ចរខ្ចាយ ជាយូរមកហើយ ដោយ​ចុងក្រោយនេះ គឺ​អ្នកយកព័ត៌មាន​របស់​កាសែត The New York times និង​ទីភ្នាក់ងារ​ព័ត៌មាន​AP ជា​ជនរងគ្រោះ។ ប៉ុន្តែ លោក​អូបាម៉ា​មិន​បាន​ចេញមុខ​បកស្រាយ​ចំៗ​ពី​បញ្ហា​នេះទេ។ មើលទៅ លើកនេះ ទំនង​ជា​ឯកសារ​ចុះផ្សាយ របស់​កាសែត ដែល​ជា​ភស្តុតាង​ច្បាស់​នឹង​ភ្នែក មិន​អាច​ប្រកែក​បាន ដែល​ជំរុញ​ឲ្យ​លោក​បារ៉ាក់ អូបាម៉ា ចេញមុខ​មក​បកស្រាយ​នៅពេលនេះ។ ពីមុន គេ​គ្រាន់​តែ​ដឹងថា មាន​មនុស្ស​មួយក្រុម ឬ​អង្គការ​មួយ​ចំនួន​ដែល​ត្រូវ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក តាមដាន លួចស្តាប់​យក​ការណ៍ប៉ុណ្ណោះ ប៉ុន្តែ នៅពេល របាយការណ៍​ត្រូវ​គេ​ចុះផ្សាយ​ថា ប្រជាជន​អាមេរិកាំង​រាប់លាន​នាក់ កំពុង​ស្ថិតនៅក្នុង​សំណាញ់ លប​ស្តាប់​ជារៀងរាល់​ថ្ងៃ​របស់​អាជ្ញាធរ​អាមេរិក កម្មវិធី​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក លែង​សម្ងាត់ទៀតហើយ។

យោង​តាម​ច្បាប់​អាមេរិក ​ប្រជាជន​អាមេរិកាំង​ត្រូវ​បាន​ទទួល​ការពារ​ដោយច្បាប់ ជីវិត​ឯកជន​របស់ពួកគេ​មិន​អាច​ត្រូវ​តាមដាន​លួច​យក​ការណ៍​សម្ងាត់ ដោយ​គ្មាន​ដីកា​របស់​តុលាការ​ទេ។ នៅពេលនេះ ​គេ​ទាមទារ​ឲ្យ​លោក​អូបាម៉ា​ចេញមុខ​មក​ពន្យល់​ពីសំណុំរឿង ដែល​រដ្ឋាភិបាល​អាមេរិក​បាន​លាក់​ជាយូរមកហើយ។

បើតាម​លោកអូបាម៉ា​សកម្មភាព​លបស្តាប់​ខ្សែទូរស័ព្ទ​របស់​ប្រជាជន​អាមេរិកាំង​មិនមែន​ជា​រឿងសម្ងាត់ទេ ព្រោះ​សមាជិកសភា និង​​ព្រឹទ្ធសភា​បាន​ដឹងរឿងនេះ​ទាំងអស់។ សមាជិក​ព្រឹទ្ធសភា​បាន​ដឹង​ពី​វត្តមាន និង​សកម្មភាព​របស់​តុលាការ​ពិសេស ដែល​បង្កើត​ឡើង​តាំងពី​សម័យ​លោក​Bush មកម្ល៉េះ។

លោកអូបាម៉ា ដែល​អាច​ប្រឈម នឹង​ការបាត់បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជនត្រូវ​បង្ខំចិត្ត​ចេញមក​បកស្រាយ​ជូន​មហាជន​អាមេរិក ជាពិសេស​អ្នកដែល​បាន​បោះឆ្នោត​ឲ្យ​រូបលោក​អស់ពីរ​អាណត្តិ​មកហើយ។ គេ​នៅចាំបាន​ថា នៅពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​អូបាម៉ា ធ្លាប់​បាន​សន្យា​ការពារ​សិទ្ធិ​ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិកាំង ហើយ កាលនៅ​ជា​សមាជិក​ព្រឹទ្ធសភា​ លោក​ធ្លាប់​ចេញមុខ​ប្រឆាំង​នយោបាយ​​របស់​រដ្ឋបាល​លោក​Bush ដែល​បាន​បង្កើត​ភ្នាក់ងារ​តាមដាន​ស្តាប់​ខ្សែទូរស័ព្ទ​របស់​បុគ្គល។ នៅក្រោយ​អំពើ​ភេរវកម្ម​១១ កញ្ញា ២០០១ លោក​Bush​បាន​បង្កើត​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​នេះ​ឡើង នៅ​ឆ្នាំ ២០០៦ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវនិយម ដែល​ចង់​វាយប្រហារ​ប្រទេស​អាមេរិក។

បើតាម​លោក​អូបាម៉ា ការដែល​លោក​បាន​សម្រេចចិត្ត​បន្ត​នយោបាយ​របស់​លោក​Bush ក៏ព្រោះតែ នយោបាយ​នេះ​ពិត​ជា​បាន​ជួយ​ឲ្យ​អាមេរិក​ជៀសផុត​ពី​ការប៉ុនប៉ង​ធ្វើ​ភេរវកម្ម​បាន​ពិតមែន នាពេល​កន្លងមក។ ដោយ​និយាយ​ការពារ​ខ្លួន លោក​អូបាម៉ា​បាន​អះអាង​កាលពីថ្ងៃ​សុក្រ​មុនថា លោក​បាន​ពិចារណា​ថ្លឹងថ្លែង រវាង​សេរីភាព​ជីវិតឯកជន​របស់​ប្រជាជន​អាមេរិក និង​សន្តិសុខ​ជាតិ។ “អ្នក​មិនអាច​បាន​ សន្តិសុខ​ ១០០​ភាគរយ ហើយ​ឲ្យ​គេ​គោរព​សិទ្ធិ​ឯកជន​បាន​១០០​ភាគរយ​ដែរ ដោយ​គ្មាន​ចន្លោះ​ខ្វះខាត​នោះ​ទេ។ មានពេលខ្លះ គេ​ត្រូវធ្វើការ​ជ្រើសរើស” នេះ​ជា​ការថ្លែង​របស់​លោកអូបាម៉ា។ ការអះអាង​របស់​លោកអូបាម៉ា​ទំនង មិន​ទាន់​អាច​បញ្ចុះបញ្ចូល​ប្រជាជន​អាមេរិកាំង បាន​ទេ នៅពេលនេះ ព្រោះថា ក្នុងប្រទេស​បិតា​ប្រជាធិបតេយ្យ​ដូចជា​អាមេរិក ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិកាំង គឺ​ជា​រឿង​រសើបមួយ ដែល​គេ​មិន​អាច​ប៉ះពាល់​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI