សហរដ្ឋអាមេរិក-ហ្ស៊កដានី

ទស្សនកិច្ច​របស់លោក​អូបាម៉ា​នៅ​ហ្ស៊កដានី​ដើម្បី​ជួយគាំទ្រ​សម្ព័ន្ធមិត្តដ៏សំខាន់​របស់អាមេរិក​

លោក​​​Barack Obama អញ្ជើញទៅដល់ Amman នៃប្រទេស Jordanieថ្ងៃ២២មីនា២០១៣
លោក​​​Barack Obama អញ្ជើញទៅដល់ Amman នៃប្រទេស Jordanieថ្ងៃ២២មីនា២០១៣ REUTERS/Jason Reed

បន្ទាប់​ពី​​ប៉ាឡេស្ទីននិង​អ៊ីស្រាអែលលោក​ប្រធានាធិបតី​អាមេរិក កំពុង​ស្ថិត​ក្នុង​ប្រទេស​ហ្ស៊កដានី ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្ត្រ​មួយ​ទៀត​ក្នុង​តំបន់​។ ជំនួប​ជាមួយ​នឹង​ព្រះ​មហា​ក្សត្រ​​ Abdallah 2 បាន​ផ្តល់​ជា​ផ្លែផ្កា​ច្រើន​ ជាពិសេស​ទាក់ទង​នឹង​វិបត្តិ​នៅ​ស៊ីរី។ អាមេរិក​នឹង​ផ្តល់​ជំនួយ ២០០​លាន​ដុល្លារ​​សម្រាប់​ហ្ស័កដានី​ ដែល​ទទួល​ជនភៀស​ខ្លួន​ស៊ីរី​ប្រមាណ​ជាង​ បួន​សែន​៦​ម៉ឺន​នាក់។ ប៉ុន្តែ​ទស្សនកិច្ច​​របស់​លោក​ប្រធានាធិបតី​អាមេរិក​នេះ គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ប្រទេស​អារ៉ាប​ជា​សម្ព័ន្ធ​មិត្ត​ចុងក្រោយ​ក្នុង​តំបន់​។ ហ្ស៊កដានី​ ប្រទេស​អារ៉ាប​មួយ​ដែល​មិន​រង​គ្រោះ​នឹង​ចលនា​បដិវត្តន៍ តែ​ត្រូវការ​ជានិច្ច​បង្អែក​ពី​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក​និង​ហ្ស៊កដានី ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ជាយូរ​អង្វែង​មក​ហើយ-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក​អូបាម៉ាចំពោះ​ព្រះចៅ​ Abdallahទីពីរ​នៃ​ប្រទេស​​ហ្ស៊កដានី។ រាជាណាចក្រ ហ្ស៊កដានី បាន​ជួយ​អាមេរិក​នៅ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​អំពើភេរវនិយម។ ជាថ្នូរវិញ ទីក្រុង​វ៉ាស៊ីនតោន នឹង​ផ្តល់​ប្រាក់​ជំនួយ​ផ្សេងៗ​​ប្រមាណ​ជា ១០០០​លាន​ដុល្លារ​-នេះ​ជាការថ្លែងរបស់​លោក​អូបាម៉ា។

លោកប្រធានាធិបតីអូបាម៉ា ក៏បាន​ថ្លែង​កោត​សរសើរ​ មិន​​​ដាច់​ពី​បបូរ​មាត់ដែរ ចំពោះ​គតិ​បណ្ឌិត​​របស់​ព្រះចៅ Abdallahទី២៖ “សម្ព័នមិត្ត​ហ្ស៊កដានី  ចេះ​ស្តាប់​នូវ​ការ​ទាមទារ​​របស់​ពលរដ្ឋ​និង​​ធ្វើ​កំណែ​ទម្រង់​ទៅតាម​ការ​ទាមទារ​របស់​ប្រជាជន”​។ ប្រធានាធិបតីអាមេរិក បាន​លើកជាឧទាហរណ៍ខ្លះៗដែរ​ ដូចយ៉ាង “នាយរដ្ឋមន្ត្រី​ហ្ស៊កដានី ជា​អ្នក​សម្រេច​ឲ្យ​មាន​ការ​ប្រជុំ​​សភា ​ហើយ​​ហ្ស៊កដានី  ក៏​ជា​ប្រទេស​គំរូ​មួយ​នៅក្នុងតំបន់ ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​ដោយ​​ចលនា​បដិវត្តន៍។ សន្ទរកថា​របស់​លោក​អូបាម៉ា​នេះ បាន​ជួយ​លើក​ទឹកចិត្ត​យ៉ាង​ច្រើន​ដល់​​ព្រះមហាក្សត្រ​មួយ​អង្គដែលកំពុងទន់ខ្សោយ។​

ទន់ខ្សោយ ពីព្រោះហិបប្រាក់រដ្ឋហ្ស៊កដានី ស្ទើរតែអស់រលីងស្អាត​ ហើយឧនភាពរដ្ឋ បាន​ឡើង​ដល់ ៣០០០ ​លាន​អឺរ៉ូ ។ ​លែងមានជួយឧបត្ថម្ភប្រជាពលរដ្ឋទៀតហើយ​ប្រាក់​ជំនួយ​​​​តម្លៃ​ម្ហូប​អាហារ​ឬ អគ្គីសនី ជាដើម។ ការ​បញ្ឈប់​ជំនួយ​រដ្ឋ​នៅ​លើ​ផលិតផល​ប្រេងឥន្ទនៈ បាន​ជំរុញ​​ឲ្យ​មាន​ការងើបបះបោរ​ជាច្រើន​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុងប្រទេស។

ស្របគ្នានេះ គណបក្សប្រឆាំង​ហ្ស៊កដានី បាន​បរិហារអំ​ពី​កំណែទម្រង់​នយោបាយ​នានា របស់រដ្ឋាភិបាល​ ​ដែល​ពួកគេ​ទិតៀន​ថា ជាកំណែទម្រង់ ធ្វើ​ឡើង ដើម្បី​យក​​លំអរ ​មុខ​មាត់​ប្រទេស​ប៉ុណ្ណោះ ។ ក៏ប៉ុន្តែ ព្រះមហាក្សត្រ នៅតែជាទីគោរព​របស់ប្រជាពលរដ្ឋ​ ដែលភ័យព្រួយតែម្យ៉ាង ខ្លាច​សង្គ្រាម​នៅស៊ីរី រាលដាល​ និងបណ្តាល​ឲ្យ​មាន​អស្ថិរភាពជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI