សហរដ្ឋអាមេរិក-ដើមបូព៌ា

លោកអូបាម៉ា​សង្ឃឹម​ថា​នឹង​មាន​ការ​រីកចម្រើន​ជា​ដុំកំភួន​នៅ​ដើមបូព៌ា

លោក​អូបាម៉ា និង​លោក​អាបាស់ (Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន
លោក​អូបាម៉ា និង​លោក​អាបាស់ (Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន © Reuters

លោក​បារ៉ាក​ អូបាម៉ា​បាន​ទទួល​ឱ្យ​ចូល​ជួប​សន្ទនា​ នៅ​សេតវិមាន​ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​៩​មិថុនា​ លោក​Mahmoud​ Abbas​ ជា​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន។លោក​ប្រធានាធិបតី​អាមេរិកាំង​សង្ឃឹម​ថា​ នឹង​មាន​ការរីក​ចម្រើន​ជា​ដុំ​កំភួន​ នៅ​ឆ្នាំ​២០១០​នេះ​ នៅ​ភូមិភាគ​ដើម​បូព៌ា​ ​ ទោះ​បី​ជា​មាន​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​នាវា​ដឹក​ជំនួយ​ មនុស្សធម៌​សំដៅ​ទៅ​ឱ្យ​តំបន់​ហ្កាហ្សា​ក្តី។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ការចរចា​សន្តិភាព​ដោយ​ប្រយោល​ ក្រោម​កិច្ច​ឩបត្ថម្ភ​របស់​សហរដ្ឋ​អាមេរិក​បាន​ចាប់​ធ្វើ​ឡើង​វិញ​ តាំង​ពី​មួយ​ខែ​មក​ហើយ​ រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ ជា​សំណុំ​រឿង​អាទិភាព​នៃ​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក​ អូបាម៉ា​។

ទាក់​ទង​នឹង​ស្ថានភាព​សព្វថ្ងៃ​ នៅ​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​អ៊ីស្រាអែល​បិទ​ខ្ទប់​ “​ វា​ពុំ​អាច​ឱ្យ​ការពារ​បាន​ក៏​ដូច​ជា​ស្ថានភាព​ នៅ​ភូមិភាគ​ដើមបូព៌ា​អ៊ីចឹង​ដែរ​ ​ ដល់​ពេល​ត្រូវ​ឈាន​ទៅ​មុខ​ ​ រីក​ចម្រើន​ទៅ​រក​ដំណោះ​ស្រាយ​ដែល​មាន​រដ្ឋ​ពីរ​គឺ​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ “​ ​ ​ -នេះ​ជា​ការ​អះ​អាង​របស់​លោក​អូបាម៉ា​ដែល​បាន​លើក​ឡើង​ជាមួយ​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​ Mahmoud​ Abbas​ អំពី​មធ្យោបាយ​ ដើម្បី​សម្រាល​ការបិទ​ខ្ទប់​។

“​ ខ្ញុំ​គិត​ថា​ លោក​ប្រធាន​Abbas​យល់​ស្រប​ជាមួយ​ខ្ញុំ​ ដើម្បី​និយាយ​ថា​ អ៊ីស្រាអេល​ពុំ​ត្រូវ​ទទួល​រង​កាំជ្រួច​មីស្ស៊ីល​បាញ់​មក​ពី​តំបន់​ហ្កាហ្សា​ទេ​។គេ​ត្រូវ​រក​មធ្យោបាយ​ ដើម្បី​បញ្ឈប់​ការមក​ដល់​នៃ​អាវុធ​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​របស់​អ៊ីស្រាអែល​ ​ ​ ដោយ​ដំណាល​ពេល​គ្នា​ ​ អនុញ្ញាត​ឱ្យ​បណ្តាជន​នៅ​ហ្កាហ្សា​រស់​ជាមួយ​ក្តី​ស្រមៃ​និង​ក្តី​សង្ឃឹម​របស់​ខ្លួន​ “​ ​ -​នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិកាំង​បារ៉ាក​ អូបាម៉ា។

គ្មាន​អ្វី​បាន​ប្រែ​ប្រួល​ជា​សារវន្ត​ទេ​ ​ នៅ​ក្នុង​គោល​ជំហរ​អាមេរិកាំង​។លោក​បារ៉ាក​ អូបាម៉ា​ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ ​ បាន​ចៀស​វាង​ពុំ​ព្រម​ថ្កោល​ទោស​អ៊ីស្រាអែល​អំពី​ការវាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ជំនួយ​មនុស្សធម៌​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៩នាក់​ នៅ​ថ្ងៃ​៣១​ឩសភា​។លោក​អូបាម៉ា​គ្រាន់​តែ​បាន​សុំ​ជា​ថ្មី​ឱ្យ​រដ្ឋ​អ៊ីស្រាអែល​ប្រព្រឹត្ត​ស្រប​តាម​សំណូម​ពរ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ស្តី​ពី​បញ្ហា​ធ្វើ​អង្កេត។

ម្យ៉ាង​ទៀត​ ​ លោក​បារ៉ាក​ អូបាម៉ា​បាន​ប្រកាស​ផ្តល់​ប្រាក់​ជំនួយ​អាមេរិកាំង​៤០០លាន​ដុល្លារ​ ជា​បន្ថែម​ទៀត​ទៅ​ឱ្យ​ប៉ាលេស្ទីន​ ​ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ឱ្យ​គម្រោងការ​សំដៅ​កសាង​ទី​លំនៅ​និង​សាលារៀន​ ​ ​ ប៉ុន្តែ​ក៏​ទាំង​សំដៅ​កែ​លម្អ​បណ្តាញ​ផ្គត់​ផ្គង់​ទឹក​ស្អាត​បរិសុទ្ធ​ នៅ​តំបន់​Cisjordanie​និង​តំបន់​Gaza​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI