លោក អូបាម៉ា ៖ ប្រជុំកោះសេនកាគូ ការពារដោយសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលនឹងត្រូវអញ្ជើញទៅដល់ប្រទេសជប៉ុននៅល្ងាចថ្ងៃពុធទី ២៣មេសា នេះ បានអះអាង នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញរបស់ជប៉ុន ឈ្មោះ Yomiuri Shimbunថា ប្រជុំកោះសេនកាគូ ប្រភពជម្លោះដ៏រ៉ាំរ៉ៃរវាងចិននិងជប៉ុន ត្រូវបានការពារដោយសន្តិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន។
“អាមេរិកមាននយោបាយច្បាស់លាស់ ! ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយរដ្ឋបាលជប៉ុន ត្រូវតែបានស្ថិតក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាសន្តិសុខអាមេរិកជប៉ុន ត្រង់មាត្រ៥” ! សន្ធិសញ្ញាដែល អាមេរិកនិងជប៉ុនព្រមព្រៀង ចុះហត្ថលេខារួមគ្នា កាលពីឆ្នាំ១៩៦០ ដើម្បីធានាពង្រឹងកិច្ចសហប្រតិបត្តិការ និងរក្សាសន្តិសុខ ឱ្យគ្នាទៅវិញទៅមក។
ការការពារបូរណភាពដែនប្រជុំកោះសេនកាគូនេះ ត្រូវបានឥស្សរជនជាន់ខ្ពស់អាមេរិក មានជាអាទិ៍រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធានាធិបតី ធ្លាប់លើកឡើងជាបន្តបន្ទាប់ហើយ ប៉ុន្តែនេះជាលើកទីមួយ ដែលលោក អូបាម៉ា បានបញ្ជាក់ជំហរច្បាស់ ចេញបបូរមាត់ប្រធានាធិបតីដោយផ្ទាល់។
ប្រជុំកោះសេនកាគូ ស្ថិតក្នុងសមុទ្ទចិនខាងកើត ចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីតៃវ៉ាន់ និង៤០០គ.ម. ពីកោះអូគីណាវ៉ារបស់ជប៉ុន គ្រប់គ្រងដោយជប៉ុន ប៉ុន្តែចិនតែងទាមទារជារបស់ខ្លួន ក្រោមឈ្មោះថា ទាវយូ និងបានបញ្ជូននាវាទៅក្រវិល កោះនោះ ដែលធ្វើឱ្យហានិភ័យនៃការបះទង្គិចយោធាឡើងខ្ពស់។ កាលពីខែវិច្ឆិកាកន្លងទៅប៉េកាំងបានថែមទាំងប្រកាសជាឯកតោភាគី តំបន់ការពារដែនអាកាស វាសគ្របដល់ប្រជុំកោះជាប់ជម្លោះតែម្តង។
ក្រៅពីមានទីតាំងជាយុទ្ធសាស្ត្រ ម្តុំប្រជុំកោះនេះទំនងមានផ្ទុកឧស្ម័នក្រោមដីដ៏ក្រាស់ក្រែល និងជាទីទាក់ទាញសម្រាប់គ្រប់ភាគី។ លោកអូបាម៉ា ធ្លាប់ជួបប្រធានាធិបតីចិន លោក ស៊ីជិនពីង ជជែកគ្នា ជម្លោះដែនសមុទ្ទនេះ និងស្នើសុំឱ្យមានការដោះស្រាយវិបត្តិ តាមតែផ្លូវចរចា និងការទូត មិនមែនតាមវិធីសម្ញែងកម្លាំងដាក់គ្នាឡើយ។ ប៉ុន្តែនេះជាដំណើរទស្សនកិច្ចក្នុងតំបន់លើកទីមួយ គិតតាំងពីជម្លោះដណ្តើមប្រជុំកោះ ចិនជប៉ុនឡើងតានតឹងខ្លាំង។ លោកអូបាម៉ា បានទៅដល់ក្រុងតូក្យូនៅល្ងាចថ្ងៃពុធនេះ។ ជំនួបកំពូលអាមេរិកជប៉ុន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ស្អែក បន្ទាប់មកលោកអូបាម៉ានឹងបន្តដំណើរទៅប្រទេសកូរ៉េខាងត្បូង ហ្វីលីពីន និងម៉ាឡេស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ