លោកអូបាម៉ា ទៅអាស៊ីដើម្បីផ្តល់ការកក់ក្តៅដល់សម្ព័ន្ធមិត្ត ប្រឈមនឹងចិន
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមួយជុំនៅ អាស៊ី ដោយត្រូវចាប់ផ្តើមពីប្រទេសជប៉ុន នៅថ្ងៃពុធស្អែក។ កម្មវត្ថុរបស់លោកប្រធានាធិបតី គឺធ្វើយ៉ាងណា ធានានិងផ្តល់ការកក់ក្តៅដល់ប្រទេសជាដៃគូពាណិជ្ជកម្ម និងការទូត ជាច្រើននៅក្នុងតំបន់អាស៊ី ដើម្បីប្រឈមនឹងស្ទុះឡើងរបស់ចិន។ ជាជំហរដ៏លំបាក !
ដំណើរទស្សនកិច្ចមួយជុំនៅអាស៊ីលើកនេះ ជាវិញ្ញាសាដ៏លំបាកសម្រាប់លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ! លោកត្រូវចាប់ផ្តើម ជាដំបូងនៅប្រទេសជប៉ុន បន្ទាប់មកកូរ៉េខាងត្បូង ហ្វីលីពីន និងម៉ាឡេស៊ី ក្នុងកម្មវត្ថុតែមួយ គឺធ្វើយ៉ាងណាកំរិតឱ្យបានមហិច្ឆតាចិន ដើម្បីបំពេញចិត្តប្រទេសជាសម្ព័ន្ធមិត្តជាប់ជម្លោះជាមួយប៉េកាំង តែមិនក៏មិនត្រូវធ្វើចិនមហាអំណាចសេដ្ឋកិច្ចទីពីររង្គាសចិត្ត ឡើងសម្ពាធឡើយ។
តាំងពីឆ្នាំ២០១១មក សហរដ្ឋអាមេរិករបស់លោកអូបាម៉ា បានប្រកាសផ្តល់អាទិភាព យោធា ការទូត និងពាណិជ្ជកម្ម ទៅខាងអាស៊ី ! ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់នេះ ហាក់ដូចជាពុំឃើញមានសញ្ញាអ្វីច្បាស់លាស់ បង្ហាញពីទិសដៅនយោបាយថ្មីនេះទេ។ ដូច្នេះនេះជាឱកាសល្អ ឬអាចចាត់ទុកជាតេស្ត ដ៏សំខាន់មួយ បញ្ជាក់ពីនយោបាយអាមេរិកនៅអាស៊ី។
ម្យ៉ាងវិញទៀត អាមេរិកត្រូវការឃើញសម្ព័ន្ធអាស៊ី រួមរូបគ្នាជាធ្លុងមួយ ជាពិសេស ជប៉ុននិងកូរ៉េខាងត្បូង ដើម្បីប្រឈមនឹងការស្ទុះឡើងខ្លាំងផ្នែកយោធារបស់ចិន។ នាឱកាសជំនួបប្រជុំនៅអឺរ៉ុប លោក អូបាម៉ា បានប្រមូលអស់គ្រប់រូបមន្ត ដើម្បីឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ និងនាយករដ្ឋមន្ត្រីជប៉ុន ព្រមចូលអង្គុយចរចាគ្នាក្នុងតុតែមួយ។
ប៉ុន្តែនៅថ្ងៃនេះ ពោលគឺពីរថ្ងៃ មុនការអញ្ជើញដល់ក្រុងតូក្យូ លោកប្រធានាធិបតីអាមេរិក ត្រូវឃ្មើសចិត្តជាថ្មី នឹងទង្វើជាតិនិយមដ៏ងប់ងល់របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលផ្ញើដង្វាយផ្កាទៅវិដាក់ហារយ៉ាស៊ូគូនី។ មានចារឈ្មោះឧក្រិដ្ឋជនសង្គ្រាម១៤នាក់វិហារ យ៉ាស៊ូគូនី ទីសក្ការៈតំណាងអំណាចយោធាជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលបានផ្តាច់ជីវិតបណ្តាជនអាស៊ីអស់ជាង២០លាននាក់។
រាល់ពេលមានឥស្សរជននយោបាយជាន់ខ្ពស់ជប៉ុនទៅទីនោះ តែងដុតរោលប្រទេសជិតខាងចិន ពិសេសកូរ៉េខាងត្បូង ឱ្យក្រេវក្រោធឡើង។ បន្ថែមលើជម្លោះដែនកោះ កូរ៉េខាងត្បូងនិងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាមេរិកទាំងពីរនាក់ មើលមុខគ្នាមិនចំតាំងពីជាច្រើនខែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ