បដិវត្តន៍អារ៉ាប់ជាសំណុំរឿងចម្បងក្នុងដំណើរទស្សនកិច្ចរបស់លោកអូបាម៉ានៅអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកអូបាម៉ាបានធ្វើដំណើរទៅដល់ប្រទេសអៀរឡង់ នៅថ្ងៃចន្ទ ២៣ ឧសភា ២០១១នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់អឺរ៉ុប។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកអូបាម៉ានឹងនាំយកសំណុំរឿងដើមបូព៌ា និងបដិវត្តន៍អារ៉ាប់ ទៅជជែកជាមួយប្រទេសសម្ព័ន្ធមិត្ត។ ដំណើរទស្សនកិច្ចនេះ ក៏នឹងជាឱកាសមួយដែរ ឲ្យលោកអូបាម៉ាពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប។
នៅអៀរឡង់ លោកអូបាម៉ានឹងធ្វើដំណើរទៅកាន់ភូមិកំណើតនៃសាច់ញាតិខាងម្តាយរបស់ លោក ដែលជាជនជាតិអាមេរិក មានដើមកំណើតអៀរឡង់។ នៅថ្ងៃអង្គារស្អែក លោកអូបាម៉ាត្រូវបន្តដំណើរទៅកាន់ប្រទេសអង់គ្លេស។ ម្ចាស់ក្សត្រិយានីអង់គ្លេសនឹងទទួលលោកអូបាម៉ាឲ្យស្នាក់នៅក្នុងវាំង ចំនួនពីរយប់ មុននឹងបន្តដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមជំនួបកំពូល G8 នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ឧសភា។
នៅក្នុងអំឡុងជំនួបកំពូល G8 នៅបារាំង លោកអូបាម៉ាគ្រោងជួបទ្វេភាគីជាមួយលោកសាកូហ្ស៊ី ប្រធានាធិបតីបារាំង, លោកមេដេវេដេវ ប្រធានាធិបតីរុស្ស៊ី និងលោកណាអូតូ កាន់ នាយករដ្ឋមន្រ្តីជប៉ុន។
ក្នុងជំនួបទាំងនេះ លោកអូបាម៉ាគ្រោងនឹងជជែកអំពីការជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅតំបន់ដើមបូព៌ា និងអាហ្វ្រិកខាងជើង ដែលកំពុងតែកើតមានចលនាបះបោរទាមទារលទ្ធិប្រជាធិបតេយ្យ។ ក្នុងពេលជាមួយគ្នានេះ ប្រមុខដឹកនាំអឺរ៉ុប ទំនងជានឹងទាមទារឲ្យអាមេរិកចូលរួមកាន់តែសកម្មថែមទៀត ក្នុងប្រតិបត្តិការយោធានៅលីប៊ី ដើម្បីដាក់សម្ពាធឲ្យលោកកាដាហ្វ៊ីចុះចេញពីតំណែងកាន់តែឆាប់។
គួរបញ្ជាក់ថា នៅពេលចាប់ផ្តើមប្រតិបត្តិការយោធានៅលីប៊ី កងទ័ពអាមេរិកបានដើរតួនាទីសកម្មជាងគេបំផុត។ ក៏ប៉ុន្តែ ក្រោយមក អាមេរិកក៏បានដកឃ្លាថយ ដោយទុកឲ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបជាអ្នកចាត់ចែង។ ប្រតិបត្តិការយោធានៅលីប៊ីបានចូលរួមចំណែកធំបំផុត ក្នុងការរារាំងកងទ័ពរបស់លោកកាដាហ្វ៊ីមិនឲ្យកាប់សម្លាប់ ប្រជាជនស៊ីវិល។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គេនៅតែមិនអាចទម្លាក់លោកកាដាហ្វ៊ីចេញពីអំណាចបាន។
នៅក្នុងជំនួបកំពូល G8 លោកអូបាម៉ានឹងជជែកជាមួយប្រទេសជាដៃគូ ដើម្បីធ្វើយ៉ាងណារកអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ មកជំនួសលោកដូមីនិក ស្រ្តូសកាន់ ឲ្យបានឆាប់។
នៅថ្ងៃសុក្រ ក្រោយពីបិទបញ្ចប់ជំនួបកំពូល G8 លោកអូបាម៉ានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់លោក។ នៅទីនោះ លោកនឹងជួបជាមួយប្រមុខដឹកនាំប៉ូឡូញ ព្រមទាំងប្រមុខដឹកនាំមួយចំនួនទៀត មកពីអឺរ៉ុបខាងកើត។ សំណុំរឿងសំខាន់បំផុតក្នុងជំនួបនេះ គឺគម្រោងសាងសង់ខែលការពារមីស៊ីល។
ចាប់តាំងពីលោកអូបាម៉ាឡើងកាន់តំណែងជាប្រធានាធិបតីមក លោកបានផ្តោតអាទិភាពនៃនយោបាយការបរទេស នៅក្នុងតំបន់អាស៊ី ព្រោះលោកយល់ថា អាស៊ីគឺជាតំបន់ប្រកបទៅដោយសក្តានុពល។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកមុនៗបែរជាមិនរវីរវល់ ទុកបណ្តោយឲ្យចិនពង្រីកឥទ្ធិពលបានតាមចិត្ត នៅអាស៊ី។
ការដែលលោកអូបាម៉ាបង្វែរអាទិភាពទៅកាន់តំបន់អាស៊ី បានធ្វើឲ្យប្រទេសខ្លះ យល់ថា លោកអូបាម៉ាហាក់ដូចជាលែងសូវរវីរវល់នឹងសម្ព័ន្ធមិត្តចាស់ នៅអឺរ៉ុប។ ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ គឺជាឱកាសមួយ សម្រាប់ឲ្យលោកអូបាម៉ាពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ