ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​លោក​អូបាម៉ា​អាច​ស្តារ​រូបភាព​​អាមេរិកខ្លាំង​ ​ដើម្បី​​បញ្ចុះបញ្ចូល​​សម្ព័ន្ធមិត្ត​នៅ​អាស៊ីបាន​យ៉ាងដូចម្តេច?

សំឡេង ០៧:២០
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច​នៅអាស៊ី ពីថ្ងៃទី ២៣​មេសា
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច​នៅអាស៊ី ពីថ្ងៃទី ២៣​មេសា ©REUTERS/Giampiero Sposito

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​បាន​ចាកចេញ​ពីទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​អង្គារ ទី ២២ មេសា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅ​អាស៊ី ដោយ​ចាប់ផ្តើម ដំបូង នៅ​ជប៉ុន នៅថ្ងៃ​ពុធ បន្ទាប់មក នៅ​កូរ៉េខាងត្បូង ហ្វីលីពីន និង​ម៉ាឡេស៊ី។ ទស្សនកិច្ច​របស់​លោក​អូបាម៉ា ធ្វើឡើង​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​របស់​អាស៊ី​ប៉ាស៊ីហ្វិក នៅក្នុង​នយោបាយ​ការបរទេស និង​យុទ្ធសាស្រ្ត​យោធា សេដ្ឋកិច្ច​របស់អាមេរិក។ នៅថ្ងៃ​អង្គារ​នេះដែរ កូរ៉េខាងត្បូង​បាន​អះអាងថា គេ​បាន​រកឃើញ​ស្នាម​សកម្មភាព ដែល​អាច​បញ្ជាក់ថា កូរ៉េខាងជើង​អាច​នឹង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើកទីបួន។ 

ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំមុន ​លោក​បារ៉ាក់ អូបាម៉ា​បាន​លុបចោល​ទស្សនកិច្ច នៅអាស៊ី ដោយសារ​តែ​វិបត្តិ​ថវិកា​ក្នុង​ស្រុក។ មេដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត ដូចជា​ជប៉ុន ហ្វីលីពីន​ជាដើម មាន​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​ធ្លាប់​សង្ឃឹម​រង់ចាំ​ចង់​ឲ្យ​លោកអូបាម៉ា​ទៅ​ធ្វើទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់ខ្លួន ដើម្បី បង្ហាញ​ដល់​ប្រទេស​ចិន ថា ពួកគេ​មាន​អាមេរិក​នៅចាំ​ជួយការពារ​ពួកគេ ទប់ទល់​នឹង​ចិន។

 
ក្នុង​កាលៈទេសៈ កំពុង​ប្រឈមមុខ​តានតឹង​ជាមួយ ចិន ដែល​ចេះតែ​ពង្រីក​ឥទ្ធិពល​អំណាច នៅ​អាស៊ី ជប៉ុន ហ្វីលីពីន​ដែលកំពុង​មាន​ជម្លោះ​ដីកោះ ជាមួយ​ចិន ត្រូវការ​ជាចាំបាច់​នយោបាយ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។ លើកនេះ លោកអូបាម៉ា ទៅ​អាស៊ី ដោយ​មិន​ចូលជាន់​ទឹកដី​ចិន ប៉ុន្តែ ទៅធ្វើ​ទស្សនកិច្ច​តែ​ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅអាស៊ី។

កាលពី​ឆ្នាំ ២០១១ លោក​អូបាម៉ា​ធ្លាប់​បាន​ប្រកាស​បែរ​យុទ្ធសាស្រ្ត​យោធា នយោបាយ​ការបរទេស និង​សេដ្ឋកិច្ច មក​នៅ​អាស៊ីប៉ាស៊ីហ្វិក។ លោកធ្លាប់​បាន​ប្រកាស​បង្កើន​វត្តមាន​ទ័ព​អាមេរិក ឲ្យ​ដល់​៦០ភាគរយ នៅ អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុង​ពេលអាមេរិក​ប្រកាស​បង្កើន​វត្តមាន​ទ័ព​នៅអាស៊ី រដ្ឋាភិបាល​អាមេរិក​ក៏​ទើប​បាន​កាត់បន្ថយ​ថវិកា​យោធា អស់​ជាង ៨៦​ពាន់​លាន​ដុល្លារ។ ចំនួន​ទ័ព​ជើងគោក​អាមេរិក ក៏នឹង​ត្រូវ​កាត់បន្ថយ​អស់​មួយ​សែននាក់។ ទ័ព​ដែល​អាមេរិក​​សន្យា​​បញ្ជូន​ឲ្យ​ទៅប្រចាំការ​បន្ថែម នៅអូស្ត្រាលី ត្រូវ​បាន​បញ្ជូន​យ៉ាងយឺតយ៉ាវ មិន​ទៅតាម​កាលគ្រោងទុក

មួយវិញទៀត សម្ព័ន្ធមិត្ត របស់អាមេរិក ដូចជា ជប៉ុន ឬ​ហ្វីលីពីន​ជាដើម ដែល​កំពុង​តាមដាន​មើល​យ៉ាង​កៀកបំផុត ជំហរ​របស់​អាមេរិក នៅក្នុង​ដំណើការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន បាន​បង្ហាញ​ការខកចិត្ត និង​អាក់អន់​ចិត្ត​មិនតិចទេ នៅពេល​ឃើញ​ប្រមុខដឹកនាំ​អាមេរិក​បាន​ទាត់​ចោល​​ការអន្តរាគមន៍​យោធា អាមេរិក នៅក្នុង​វិបត្តិ​អ៊ុយក្រែន ដែល​ពេលនេះ កំពុង​គាប​សង្កត់​ពី​រុស្ស៊ី។

នយោបាយ​ការបរទេស​ទន់ជ្រាយ រារែក មិន​ប្រើ​កម្លាំងបាយ របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​​ នៅ​អាស៊ី របស់​អាមេរិក ចោទ​សួរថា តើ​អាមេរិក​នឹង​នៅ​តែ​អាច​ធានា​បាន​ទេ​ចំពោះ​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធមិត្ត នៅពេល​ណា​ដែល​មានការរំលោភ​ឈ្លានពាន? តើ​អាមេរិក​នឹង​ហ៊ាន​អន្តរាគម​ទ័ព​ដែរឬទេ នៅពេល​ណា​ដែល​ចិន​វាយប្រហារ​មក​លើ​ជប៉ុន ឬ​ហ្វីលីពីន។ ដោយ​មើលទៅលើ​បទពិសោធន៍​អ៊ុយក្រែន ដែល​កំពុង​រងការឈ្លានពាន​ពី​រុស្ស៊ី ប្រទេស​ដែល​កំពុង​ឈ្លោះ​ជាមួយ​ចិន កំពុង​បារម្ភខ្លាចថា អាមេរិក​នឹង​អាច​នៅ​ស្ងៀម ឈរឱបដៃ មិន​អន្តរាគម​​ទ័ព នៅអាស៊ី ព្រោះ​តែ​មិនចង់​ឈ្លោះ​ជាមួយ​មហាអំណាច​ចិន និង​ដើម្បី​រក្សា​ប្រយោជន៍​​សេដ្ឋកិច្ច​របស់​ខ្លួន។

មន្រ្តី​អាមេរិក​ជំនាញ​កិច្ចការ​អាស៊ីប៉ាស៊ីហ្វិក ចង់​ជម្រះ​មន្ទិលសង្ស័យ ដោយ​អះអាងថា ជំហរ​របស់អាមេរិក​សម្រាប់​សម្ព័ន្ធមិត្ត​នៅអាស៊ី គឺ​មិន​ផ្លាស់ប្តូរ។ កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ជប៉ុន ក្រោយ​សង្រ្គាម​បាន​បញ្ជាក់យ៉ាងច្បាស់​ថា អាមេរិក​នឹង​ជួយ​រក្សា​សន្តិសុខ​ឲ្យ​ជប៉ុន នៅ​ពេល​ណា​ដែលជប៉ុន រង​ការវាយប្រហារ​ពី​ប្រទេស​ខាងក្រៅ។

រដ្ឋមន្រ្តី រួមជាមួយ​នឹង​សមាជិក​សភា​ជប៉ុន ដែល​ទៅ​គោរពវិញ្ញាណក្ខន្ធ​ទាហាន​នៅ​វិហារ​យ៉ាស៊ូគូនី នៅថ្ងៃ​ព្រហស្បតិ៍ ១៨ តុលា ២០១២
រដ្ឋមន្រ្តី រួមជាមួយ​នឹង​សមាជិក​សភា​ជប៉ុន ដែល​ទៅ​គោរពវិញ្ញាណក្ខន្ធ​ទាហាន​នៅ​វិហារ​យ៉ាស៊ូគូនី នៅថ្ងៃ​ព្រហស្បតិ៍ ១៨ តុលា ២០១២ REUTERS/Kyodo

ជប៉ុន​គាប​ឲ្យអាមេរិក​ប្រកាន់​ជំហរ​ច្បាស់លាស់
ដំណើរទស្សនកិច្ច​របស់​លោកអូបាម៉ា​ទៅ​កាន់​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អាស៊ី គឺ​ជាវិញ្ញាសារ​ដ៏​លំបាក​មួយ។ ជប៉ុន​ដែល​ជា​សម្ព័ន្ធ​សំខាន់​ជាង​​គេ​របស់​អាមេរិក នៅអាស៊ី បាន​ដាក់សម្ពាធ​លើ​ប្រធានាធិបតី​អាមេរិក។ នៅមួយ​ថ្ងៃ​មុន​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​អាមេរិក ជប៉ុន​មិន​រារែក​នឹង​ញុះញង់​ឲ្យ​មាន​ភាព​តានតឹង និង​កំហឹង​ក្រេវក្រោធ​ពីសំណាក់​ចិន និង​កូរ៉េខាងត្បូង។ នៅថ្ងៃ​អង្គារ ទី ២២ មេសា នៅ​ទីក្រុង​តូក្យូ រដ្ឋមន្រ្តី និង​សមាជិក​សភា​ជប៉ុន​១៥០​នាក់​បាន​ទៅ​គោរព​សព នៅ​វិហារ​យ៉ាស៊ូគូនី ដែល​ចិន និង​កូរ៉េខាងត្បូង រិះគន់ ដោយសារ​តែ​ក្នុង​វិហារ​នោះ​មាន​កប់ផងដែរ មេទ័ព​ជប៉ុន​ដែល​ជា​មេឧក្រិដ្ឋកម្ម​សង្រ្គាម លោកលើក​ទីពីរ។

បើ​ទោះបី​ជា​ជប៉ុន​មិន​សូវចុះសម្រុង ដោយសារ​តែ​និន្នាការ​នយោបាយ​ជាតិនិយម​រៀងៗខ្លួន នោះ​ក៏ដោយ ក៏​ជប៉ុន​នៅ​មិន​បារម្ភ​ពីគ្រោះថ្នាក់​របស់កូរ៉េខាងត្បូង ព្រោះ​ដោយ​សំអាងថា កូរ៉េខាងត្បូង​ក៏ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​អាមេរិក​នៅតែ​អាច​ជួយ​សម្របសម្រួល មិន​ឲ្យ​ក្លាយ​ជា​សត្រូវ​របស់​ជប៉ុន។ ប៉ុន្តែ គឺ​ចិន ដែល​បង្កើន​ថវិកា​យោធា​ជា​បន្តបន្ទាប់ និង​ជា​គ្រោះថ្នាក់​គំរាមកំហែង​ដល់​សន្តិសុខ​ជប៉ុន ដែល​ជប៉ុន​ចង់​ឲ្យ​ទាញ​ឲ្យ​អាមេរិក មក​អារកាត់ និង​មកនៅ​ខាងភាគី​ខ្លួន។ ជប៉ុន​នៅ​តែ​ទៅ​គោរព​សព​នៅ​វិហារ​ដ៏ចម្រូងចម្រាស ដោយ​អាមេរិក​មិន​ហ៊ាន​ស្តីបន្ទោស​ឲ្យ​ជប៉ុន។

មួយវិញទៀត ជប៉ុន​បាន​ឆ្លៀត​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​មក​ធ្វើ​ជា​លេស ដើម្បី​ដាក់សម្ពាធ ឬទាមទារ​ការយកចិត្តទុកដាក់​បន្ថែម​ពី​អាមេរិក។ លោកអូបាម៉ា​ទៅជប៉ុន​ដំបូងគេ ក៏ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជកម្ម​នេះ ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក។ រហូតមកដល់​ពេលនេះ ជប៉ុន និង​អាមេរិក​កំពុង​ចរចាគ្នា ដើម្បីធ្វើ​ឲ្យ​ចេញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មនេះ មុន​នឹង​អាច​ឲ្យ​ប្រទេស​១២​ផ្សេងទៀត ចូលរួម។ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន បាន​និយាយ​នៅថ្ងៃ​នេះ​ហើយថា នៅ​មាន​ការងារ និង​ពេលវេលា​ច្រើន ទៀត ដើម្បី​គេអាច​ឈាន​ទៅ​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ដែល​នឹង​តំណាង​ឲ្យ​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ក្នុង​ពិភពលោកទាំងមូល។
 
កូរ៉េខាងត្បូង៖ កូរ៉េខាងជើង អាចសាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​លើក​ទីបួន…
កូរ៉េខាងជើង ធ្លាប់​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់លោកអូបាម៉ា​នៅអាស៊ី ថា ជា​សកម្មភាព​នាំពពកខ្មៅ​មក​បាំង​នៅអាស៊ី និង​ជំរុញ​ឲ្យ​មាន​ការប្រណាំងប្រជែង​ខាងការផលិត​គ្រាប់បែក​នុយក្លេអ៊ែរ នៅឧបទ្វីប​កូរ៉េ។ អាជ្ញាធរ​កូរ៉េខាងត្បូង​កំពុង​បារម្ភថា កូរ៉េខាងជើង​នឹង​អាច​យកលេស​ពេល​លោកអូបាម៉ាធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នៅថ្ងៃ​សុក្រ ដើម្បី​ធ្វើការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ។ កូរ៉េខាងជើង ចង់​​បង្ហាញ​សមត្ថភាព​គំរាមកំហែង​របស់ខ្លួន​ផង និង​ដើម្បី​ទាក់ទាញ​ឲ្យ​អាមេរិក​ត្រលប់​ចូលមក​តុ​ចរចា ៥ភាគី ដែល​កូរ៉េខាងជើង​ត្រូវការ​ដើម្បី​ជាថ្នូរ​នឹង​ការផ្តល់​ជំនួយ​សេដ្ឋកិច្ច។

កាលពី​ខែ​មករា​ដើមឆ្នាំ​២០១៤ ប្រមុខការបរទេស​អាមេរិក​ទើប​បាន​ប្រកាស​បញ្ជូន​សព្វាវុធ និង​ទ័ព​អាមេរិក​ ចំនួន ៨០០​នាក់ បន្ថែមទៀត ទៅ​កូរ៉េខាងត្បូង។ រហូតមក​ដល់ពេលនេះ អាមេរិក​មានទ័ព​ជាង​​២ម៉ឺន​នាក់ នៅ​កូរ៉េខាងត្បូង។ ក្នុង​ករណី​មាន​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង អាមេរិក​ គឺ​ជា​អ្នក​បញ្ជាការ​លើ​កងទ័ព​​​កូរ៉េខាងត្បូង​​ទាំង​ជាង​៦សែននាក់។ តាមធម្មតា អាមេរិក​ត្រូវ​ប្រគល់​កិច្ចការ​បញ្ជាការ​ទ័ព​កូរ៉េ​នេះ អោយ​ទៅកូរ៉េខាងត្បូង​វិញ នៅ​ឆ្នាំ២០១៥។ ប៉ុន្តែ ដោយសារ​តែមាន​​ការគំរាមកំហែង​មិនឈប់ឈរ និងការបាញ់សាកល្បង​នុយក្លេអ៊ែរ កាលពី​កំឡុង​ដើមឆ្នាំ២០១៣ កូរ៉េខាងត្បូង​បាន​សុំអោយ​អាមេរិក​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI