អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​ព្រមាន​ដក​ទ័ព​ទាំងអស់​ចេញពី​អាហ្វហ្កានីស្ថាន​នៅ​ចុង​ឆ្នាំ​២០១៤

សំឡេង ០៥:១៩
លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក នៅ​វ៉ាស៊ីងតោន កាល​ពីថ្ងៃ​អង្គារ ២៥កុម្ភៈ ២០១៤
លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក នៅ​វ៉ាស៊ីងតោន កាល​ពីថ្ងៃ​អង្គារ ២៥កុម្ភៈ ២០១៤ REUTERS/Joshua Roberts
ដោយ៖ សេង ឌីណា
២៨ នាទី

នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ កាល​ពី​ថ្ងៃ​អង្គារ លោក​អូបាម៉ា​បាន​ប្រាប់​​ លោក​ហាមីដ កាហ្សាយ (Hamid Karzai) ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ថា អាមេរិក​រៀប​ផែនការ​ដកទ័ព​ទាំងអស់​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ចុង​ឆ្នាំ​២០១៤​នេះ ដោយសារ​តែ​លោក​​កាហ្សាយ​​មិនព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទាក់ទង​នឹង​វត្តមាន​ទាហាន​អាមេរិក​ក្រោយ​ឆ្នាំ​២០១៤។

ផ្សាយពាណិជ្ជកម្ម

កាលពីដំបូង លោក​អូបាម៉ា​បាន​ដាក់ចេញ​នូវ​ផែនការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ គ្រោង​​រក្សា​ទុក​ទាហាន​ខ្លះ ដើម្បី​ជួយ​ហ្វឹកហ្វឺន​​ទាហាន​អាហ្វហ្កានីស្ថាន។ អាមេរិក​ក៏​​បាន​រៀបចំ​កិច្ចព្រមព្រៀង​មួយ​ ជាមួយ​អាហ្វហ្កានីស្ថាន ដែល​គេ​ឲ្យឈ្មោះ​ថា “កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី” (Bilateral Security Agreement)។

យោងតាម​កិច្ចព្រមព្រៀង​នេះ ក្រោយ​ការ​ដកទ័ពនៅ​ចុង​ឆ្នាំ​២០១៤ អាមេរិក​នឹង​រក្សា​ទុក​ទាហាន​ចំនួន ១៥ ០០០នាក់ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន សម្រាប់​រយៈពេល ១០ឆ្នាំ។ កិច្ចព្រមព្រៀង​នេះ​ក៏​មាន​ចែង​ផងដែរ អំពី​បេសកកម្ម​ និង​ដែន​សមត្ថកិច្ច​របស់​ទាហាន​​អាមេរិក អំពី​ទំនាក់ទំនង​រវាង​ទាហាន​អាមេរិក និង​អាជ្ញាធរ​អាហ្វហ្កានីស្ថាន និង​អំពី​យុត្តាធិការ​របស់​តុលាការ​អាហ្វហ្កានីស្ថាន ទៅលើ​ទាហាន​អាមេរិក។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​​សភា​​​កុលសម្ព័ន្ធ​អាហ្វហ្កានីស្ថាន​​បាន​ផ្តល់​ការ​យល់​ព្រម​រួចហើយ​ ក៏ប៉ុន្តែ លោក​កាហ្សាយ​បដិសេធ​មិនព្រម​ចុះហត្ថលេខា។

លោក​កាហ្សាយ​បាន​ជំទាស់​ទៅនឹង​​​ខ្លឹមសារ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ ជាពិសេស ទាក់ទង​នឹង​អំណាច​កងទ័ព​អាមេរិក ក្នុងការ​ចូល​ឆែកឆេរ​​នៅ​ពេល​យប់ ទៅលើ​ទីតាំង​ដែល​គេ​សង្ស័យ​ថា​មាន​ភេរវជន និង​អំពី​អភ័យឯកសិទ្ធិ​របស់​ទាហាន​អាមេរិក ដែល​អាច​រួចផុត​ពី​ការ​ជំនុំជម្រះ​របស់​តុលាការ​អាហ្វហ្កានីស្ថាន មានន័យថា ប្រសិនបើ​មាន​ទាហាន​អាមេរិក​រូបណា​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ តុលាការ​អាហ្វហ្កានីស្ថាន​មិន​អាច​កាត់ទោស​បានទេ ដោយ​​គេ​ត្រូវ​បញ្ជូន​ទាហាន​នោះ​ទៅ​ឲ្យ​តុលាការ​អាមេរិក​កាត់ទោស។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា ទំនាក់ទំនង រវាង​លោក​កាហ្សាយ និង​​​លោក​អូបាម៉ា កំពុងតែ​មាន​ភាព​ប្រេះឆា​កាន់តែ​ខ្លាំង ជាពិសេស ចាប់តាំង​ពី​លោក​កាហ្សាយ​សម្រេច​ដោះលែង​អ្នកទោស​ជាច្រើន​នាក់ ដែល​​​អាមេរិក​អះអាង​ថា សុទ្ធតែ​ជា​អ្នក​មាន​បាតដៃ​ប្រឡាក់​ឈាម​ទាហាន​អាមេរិក។

នៅ​ពេល​ថ្មីៗ​ចុងក្រោយនេះ លោក​កាហ្សាយ​បាន​ដាក់លក្ខខណ្ឌ​ថា លោក​​អាច​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​បាន​ ដរាបណាអាមេរិក​សុខចិត្ត​រៀបចំ​ឲ្យ​មាន​ដំណើរការ​សន្តិភាព​ពិតប្រាកដ​មួយ​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់។

នៅពេលនេះ នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​អាមេរិក មិនមាន​អ្នកណា​ម្នាក់​រំពឹង​ថា កិច្ចព្រមព្រៀង​ស្តីពី​វត្តមាន​កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន ក្រោយ​ឆ្នាំ​២០១៤ អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នៅ​ខែ​មេសា​ខាងមុខ​នេះ​ទេ។ គេមើលឃើញ​កាន់តែ​ច្បាស់​ថា លោក​កាហ្សាយ​ចង់​ទុក​សំណុំរឿង​នេះ​ឲ្យ​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ចាត់ចែង។
 
គួរបញ្ជាក់ថា យោងតាម​រដ្ឋធម្មនុញ្ញ​អាហ្វហ្កានីស្ថាន លោកកាហ្សាយ​មិន​អាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​​មួយ​អាណត្តិ​ទៀត​បានទេ។

ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា បេក្ខជន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​​ស្ទើរតែ​គ្រប់គ្នា ជាពិសេស អ្នកដែល​មាន​លទ្ធភាព​ច្រើន​ក្នុងការ​ឈ្នះឆ្នោត​ សុទ្ធតែ​បាន​ប្រកាស​​សន្យា​ថា គេ​​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ នៅពេលបាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី។

ក៏ប៉ុន្តែ កាលពីថ្ងៃ​អង្គារ លោក​អូបាម៉ា​បាន​ព្រមាន​ទុកជាមុន​ថា ប្រសិនបើ​គេ​កាន់តែ​ពន្យារពេល​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ វា​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ច្រើន ក្នុងការ​រក្សា​ទុក​កងទ័ព​អាមេរិក ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ក្រោយ​ឆ្នាំ​២០១៤។ ចំនួន​ទាហាន​ដែល​នឹង​ត្រូវ​រក្សា​ទុក​អាច​នឹង​មាន​តិច ហើយ​បេសកកម្ម​អាច​នឹង​ត្រូវ​កាត់បន្ថយ​ឲ្យ​នៅ​តិចជាង​​អ្វី​ដែល​បាន​គ្រោង​ពីមុន។

មន្រ្តី​យោធា​អាមេរិក​បាន​អះអាង​ថា ការ​ដកកងទ័ព​រាប់ម៉ឺននាក់ រួមជាមួយ​នឹង​គ្រឿងបរិក្ខាយោធា​រាប់រយពាន់តោន ត្រូវការឲ្យ​មាន​ផែនការ​ជាច្រើន​ខែ​ជាមុន ដែលគេ​ចាំបាច់​ត្រូវ​តែ​សម្រេច​ពី​ពេលនេះ​ទៅ។ ម្យ៉ាងវិញ​ទៀត អាមេរិក​ត្រូវជជែក និង​សម្រេច​​ជាមួយ​នឹង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ក្នុង​អង្គការ​អូតង់ ចាប់ពីពេលនេះ​ទៅ អំពី​វិភាគទាន​ដែល​បណ្តា​ប្រទេស​ទាំងនេះ​អាច​ជួយ​​កងទ័ព​អាមេរិក ក្នុង​បេសកកម្ម​នៅ​អាហ្វហ្កានីស្ថាន ក្រោយ​ឆ្នាំ​២០១៤។​

ទោះជាយ៉ាងណា​ គេសង្កេត​ឃើញ​ថា​ ទាំង​អាមេរិក និង​ទាំង​អាហ្កានីស្ថាន សុទ្ធតែ​មិន​ចង់​ឲ្យ​អាមេរិក​ដកកងទ័ព​ទាំងស្រុង ពី​អាហ្វហ្កានីស្ថាន​​នោះទេ នៅ​ចុង​ឆ្នាំ​២០១៤​នេះ ពីព្រោះ​ថា កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន​នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅឡើយទេ ក្នុង​ការ​ទប់ទល់​នឹង​ឧទ្ទាមតាលីបង់។

អាហ្វហ្កានីស្ថាន​​នៅតែត្រូវការ​ជំនួយ​ពី​អាមេរិក ជាពិសេស ជំនួយ​យោធា​រាប់ពាន់លាន​ដុល្លារ ដែល​អាមេរិក​ផ្តល់​ដល់​អាហ្វហ្កានីស្ថាន​ក្នុងមួយ​ឆ្នាំៗ។ ចំណែក​អាមេរិកវិញ​ ដែល​បាន​ចំណាយលុយ​រាប់ពាន់លាន​ដុល្លារ និង​ចំណាយ​អាយុជីវិត​ទាហាន​រាប់ពាន់នាក់ ក្នុងការ​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ជាង ១០ឆ្នាំ​មកហើយ​នោះ ក៏​មិនចង់​ដកទ័ព​ចេញ​ទាំងអស់ ហើយ​ទុក​​ឲ្យ​អាហ្វហ្កានីស្ថាន​​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ដូចជា​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ