ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ដក​ទ័ព​ខ្លួន​ឲ្យ​អស់ពី​អ៊ីរ៉ាក់ នៅ​ចុងឆ្នាំ​២០១១នេះ

សំឡេង ០៨:០៨
លោកប្រធានាធិបតីអូបាម៉ាប្រកាសដកទ័ពអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រទី ២១ តុលា ឆ្នាំ ២០១១
លោកប្រធានាធិបតីអូបាម៉ាប្រកាសដកទ័ពអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រទី ២១ តុលា ឆ្នាំ ២០១១ ©Reuters

ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​កាលពី​ ថ្ងៃ​សុក្រទី ២១ តុលា ដក​ទ័ព​អាមេរិក​ ​ពីទឹកដី​អ៊ីរ៉ាក់​ ឲ្យ​អស់ នៅចុងឆ្នាំ ២០១១នេះ។​ ទាហាន​អាមេរិក​នៅអ៊ីរ៉ាក់​មានជាង ១សែន ៧ម៉ឺននាក់ នៅឆ្នាំ ២០០៨។ ប៉ុន្តែ រហូត​មកដល់​ឆ្នាំ ២០១១ ទាហាន​អាមេរិក​បាន​ថយចុះមក នៅ​ត្រឹម​ប្រមាណ ៤ម៉ឺននាក់។ ជាមួយ​នឹង​ការដកទ័ព​ចុងក្រោយ​របស់អាមេរិក​ដែល​កំពុងឈរជើង​​​នៅអ៊ីរ៉ាក់ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​បិទ​ទំព័រ​សង្រ្គាម​ជិត ៩ឆ្នាំ​របស់​អាមេរិក ​នៅអ៊ីរ៉ាក់។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រទី ២១ តុលា ដក​ទ័ព​អាមេរិក​ ​ពីទឹកដី​អ៊ីរ៉ាក់​ ឲ្យ​អស់ នៅចុងឆ្នាំ ២០១១នេះ។​ ទាហាន​អាមេរិក​នៅអ៊ីរ៉ាក់​មានជាង ១សែន ៧ម៉ឺននាក់ នៅឆ្នាំ ២០០៨។ ប៉ុន្តែ រហូត​មកដល់​ឆ្នាំ ២០១១ ទាហាន​អាមេរិក​បាន​ថយចុះមក នៅ​ត្រឹម​ប្រមាណ ៤ម៉ឺននាក់។ ជាមួយ​នឹង​ការដកទ័ព​ចុងក្រោយ​របស់អាមេរិក​ដែល​កំពុងឈរជើង​​​នៅអ៊ីរ៉ាក់ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​បិទ​ទំព័រ​សង្រ្គាម​ជិត ៩ឆ្នាំ​របស់​អាមេរិក ​នៅអ៊ីរ៉ាក់។

 
កិច្ចព្រមព្រៀង​ដែល​អាមេរិក និង​អ៊ីរ៉ាក់​បាន​ចុះជាមួយ​គ្នា នៅឆ្នាំ​២០០៨ បាន​បញ្ជាក់​ ថា អាមេរិក​នឹង​ដក​ទ័ព​ខ្លួន​ឲ្យ​ពី​អ៊ីរ៉ាក់ឲ្យ​អស់ នៅត្រឹម​ចុងឆ្នាំ ២០១១។ ដោយពិតទៅ កងទ័ព​អាមេរិក​បាន​បញ្ចប់​បេសកកម្ម​យោធា​របស់​ខ្លួន នៅអ៊ីរ៉ាក់ តាំងពី​ឆ្នាំ ២០១០​ម្ល៉េះ ប៉ុន្តែ ទ័ព​អាមេរិក​មិន​អាច​ចាកចេញ​អស់​ពី​អ៊ីរ៉ាក់​ភ្លាមៗ ដោយសារ​តែ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី និង​ក្រសួងការពារ​ជាតិ​អាមេរិក​ត្រូវ​ពិភាក្សា​គ្នា ពី​​ការ​ទុក​ទ័ព​អាមេរិក​ជាង​៣ពាន់​នាក់​ឲ្យ​នៅ​បណ្តុះបណ្តាល​កងទ័ព​ អ៊ីរ៉ាក់ នៅក្រោយ​ការដកចេញ​ទាំងស្រុង​ទ័ព​អាមេរិក​ពីទឹកដី​អ៊ីរ៉ាក់។

កាលពី​ពេល​ថ្មីៗនេះ ការចរចា​រវាង​ភាគី​ទាំងពីរ​បាន​ជាប់គាំង​ដោយ​មក​ពី ទីក្រុង​បាកដាដ និង​មន្ទីរបញ្ចកោណ​អាមេរិក​និយាយ​មិន​ត្រូវគ្នា​។ ទីក្រុង​បាកដាដ​ចង់​ឲ្យ​អាមេរិក​បន្សល់​ទុកទ័ពខ្លះដើម្បី បណ្តុះបណ្តាល​ទាហាន​របស់ខ្លួន ជា​ពិសេស​ទាហាន​ទ័ព​ជើង​អាកាស និង​ជើងទឹក ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ប្រើប្រាស់​សព្វាវុធ​ដែល​អ៊ីរ៉ាក់​ទិញ​ពី​ អាមេរិក។ អាមេរិក​​យល់ព្រម​រក្សា​ទុក​ទ័ព​របស់ខ្លួន​ជាង ៣​ពាន់​នាក់​នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ នៅក្រោយ​ឆ្នាំ ២០១១ ប៉ុន្តែ អ៊ីរ៉ាក់​ក៏ត្រូវ​ ​ចេញ​អភ័យឯកសិទ្ធិ​ ឲ្យ​​ទាហាន​អាមេរិក ដែល​នឹង​ការពារ​​ទាហាន​អាមេរិក​ឲ្យ​រួច​ផុតពី​​រាល់ការចោទប្រកាន់​ ឧក្រិដ្ឋកម្ម​សង្រ្គាម​​។ សំណើរបស់​អាមេរិក​​ត្រូវ​សភា​អ៊ីរ៉ាក់​បដិសេធ​មិន​ព្រមធ្វើតាម។

អាមេរិក​ទាមទារ​ឲ្យ​អ៊ីរ៉ាក់​ចេញ​អភ័យឯកសិទ្ធិ​ដល់​ទាហាន​អាមេរិក ព្រោះពេលនេះ រដ្ឋាភិបាល​ចម្រុះ​អ៊ីរ៉ាក់​កំពុង​ស្វែង​រក​កាត់ទោស​ទាហាន​អាមេរិក​ណា​ដែល​បាន​ ប្រលូក​នៅក្នុង​ការបាញ់សម្លាប់​ជនស៊ីវិល​អ៊ីរ៉ាក់។

ទាហាន​អាមេរិក​ដែល​នៅសល់​ក្នុង​ទីកដី​អ៊ីរ៉ាក់
ទាហាន​អាមេរិក​ដែល​នៅសល់​ក្នុង​ទីកដី​អ៊ីរ៉ាក់ ©Reuters

ប្រយោជន៍​នយោបាយ
អាមេរិក​ដក​ទ័ព​​ចេញ​ពី​អ៊ីរ៉ាក់ គឺ​បាន​ប្រយោជន៍​នយោបាយ​ទៅទាំងសងខាង។ នៅអាមេរិក លោក​អូបាម៉ា​បាន​ប្រកាស​ថា លោក​បាន​រក្សា​ការសន្យា​របស់លោក​ដែល​ថា នឹង​ដកទ័ព​អាមេរិក​ពី​អ៊ីរ៉ាក់ ឲ្យ​អស់​មុន​ឆ្នាំ ២០១១។ ការនាំ​ទ័ព​អាមេរិក​ឲ្យ​ត្រលប់​មកជួប​ជុំ​គ្រួសារ​វិញ ជា​រឿង​សំខាន់ ដែល​លោក​ត្រូវ​បង្ហាញ​ដល់​ប្រជាជន​អាមេរិក នៅមុន​ការបោះឆ្នោត អាណត្តិក្រោយ ឆ្នាំ ២០១២ ដែល​លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជាថ្មីទៀត។

នៅភាគីអ៊ីរ៉ាក់វិញ រដ្ឋាភិបាល​អ៊ីរ៉ាក់ចង់​ណាស់​ឲ្យ​អាមេរិក​នៅសល់​ទ័ពខ្លះ​ដើម្បី​ រក្សាសន្តិសុខ​ និង​ធានា​បង្ហាត់​ទាហាន​អ៊ីរ៉ាក់ ដែល​នៅមាន​សមត្ថភាព​ទន់ខ្សោយ ប៉ុន្តែ សមាជិក​រដ្ឋាភិបាល​ដែល​មួយ​ចំនួន​មក​ពី​និកាយ​Chiites ចង់​ឲ្យ​ទ័ព​អាមេរិក​ចាកចេញ​ពីអ៊ីរ៉ាក់ជា​ដាច់ខាត គឺ​ត្រូវ​បញ្ឈប់​ត្រួតត្រាអ៊ីរ៉ាក់​​តទៅទៀត។ ពួកនិកាយ​​ Chiites និយមជ្រុល​ខ្លះ ដែល​​បាន​ចាត់ទុក​អាមេរិក​​​​ឈ្លានពាន​អ៊ីរ៉ាក់ ចាប់តាំង​ពី​ឆ្នាំ ២០០៣ ឧស្សាហ៍​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក។ ពួកគេ​បាន​ប្តេជ្ញាហើយថា នឹង​ទៅ​បំផ្ទុះគ្រាប់បែក​សម្លាប់​ជនជាតិ​អាមេរិក រហូតដល់​អាមេរិក​ដកកងទ័ព​ខ្លួន​ឲ្យ​ចេញ​អស់​ពីទឹកដីអ៊ីរ៉ាក់។

បើទោះបី​ជា​ទាហាន​អាមេរិក​ដក​ចេញ​អស់​ពី​អ៊ីរ៉ាក់ ក៏​អំពើហិង្សា​នៅតែ​កើតមាន​​ នៅអ៊ីរ៉ាក់។ ព្រោះថា ពួក​ និកាយ​និយមជ្រុល​Chiites និង​ពួក​និកាយ​Sunnit​ដែល​ជា​បណ្តាញ​របស់អាល់កៃដា​តែង​តែ​វាយប្រហារ​ទៅ​លើ​ កម្លាំង​ការពារ​អ៊ីរ៉ាក់។ បំណង​របស់ពួកគេ​គឺ​ចង់​​បង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​Nuri al Malikiបច្ចុប្បន្ន គ្មាន​សមត្ថភាព​គ្រប់គ្រង​ និង​រក្សា​សន្តិសុខ​ក្នុង​ប្រទេសបានទេ។

សម្រាប់​ប្រធានាធិបតីអាមេរិក ​អ៊ីរ៉ាក់​អាច ​កសាង​ប្រជាធិបតេយ្យ​ដោយ​ខ្លួនឯង។ ទាហាន​អ៊ីរ៉ាក់​ដែល​បាន​ប្រើប្រាស់​អាវុធអាមេរិក​​ ក៏មាន​​សមត្ថភាព​ប្រយុទ្ធប្រឆាំងនឹង​ពួកបះបោរ​ជ្រុលនិយម​ក្នុង​ប្រទេស​​​ បានដែរ។ អ៊ីរ៉ាក់​ពេលនេះ មាន​យន្តហោះចម្បាំង​អាមេរិក ធុន F 16 ចំនួន ១៨​គ្រឿង ហើយ អ៊ីរ៉ាក់​គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម​ពី​អាមេរិក​ចំនួន ១៨គ្រឿង​ទៀត។

ប្រជាជន​អ៊ីរ៉ាក់​រងគ្រោះ​ដោយ​គ្រាប់​បែក
ប្រជាជន​អ៊ីរ៉ាក់​រងគ្រោះ​ដោយ​គ្រាប់​បែក ©Reuters

អស់ទ័ពអាមេរិកគឺ​ដូច​ជាបិទទំព័រខ្មៅងងឹត​នៅអ៊ីរ៉ាក់?
នៅឆ្នាំ ២០០៣ អាមេរិក​យកលេស​ថា មាន​អាវុធគីមី ដើម្បី​បើកប្រតិបត្តិការ​យោធា​ខ្លួន នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ ទីបំផុត​អាមេរិក​របស់​លោក​Bush បាន​ផ្តួល​អំណាច​លោក​សាដាម ហ៊ូសេន និង​បាន​ចាប់ខ្លួន​លោក​សាដាម​បញ្ជូន​ទៅកាត់ទោស​ព្យួរក​នៅតុលាការ​អ៊ីរ៉ាក់។ ប៉ុន្តែ បញ្ហា​មិន​នៅបញ្ចប់​ត្រឹមណេះទេ។ រហូតមកដល់​ពេលនេះ អាវុធ​គីមី​ដែល​អាមេរិក​អះអាង​ដើម្បី​បង្ក​សង្រ្គាម​នៅអ៊ីរ៉ាក់ មិនត្រូវ​បាន​គេ​រកឃើញ។ ផ្ទុយទៅវិញ គេ​ឃើញតែ​អំពើភេរវកម្ម​ និង​អំពើហិង្សា​សម្លាប់មនុស្ស​ដែល​កើតមាន​កាន់តែច្រើន​ ចាប់តាំងពី​អាមេរិក​ទៅត្រួតត្រា ​អ៊ីរ៉ាក់។

ប្រជាជន​អ៊ីរ៉ាក់​មកពី​និកាយ​Sunnit និង​Chiites មើលឃើញ​ថា អាមេរិក​កំពុង​ឈ្លានពាន​ចូល​ទឹកដី​អ៊ីរ៉ាក់។ ពួក Sunnit ជាដើម​បាន​ចូលដៃ​ជាមួយ​បណ្តាញ​អាល់កៃដា​ដើម្បី​​ប្រឆាំង​អាមេរិក។ អំពើ​បំផ្ទុះ​គ្រាប់បែក​សម្លាប់មនុស្ស​កើតមាន​សឹង​មិន​លោះថ្ងៃ។ រហូតមកដល់​ពេលនេះ ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ដែល​ស្លាប់​នៅក្នុង​អំពើ​ភេរវកម្ម​របស់​ពួក​ជ្រុលនិយម និង​ការវាយប្រហារ​របស់​ទាហាន​អាមេរិក​លើ​ពួកឧទ្ទាម បាន​ឡើង​ដល់​ជាង ១សែននាក់។

ការខាតបង់​​ក៏​កើតមានដែរ នៅខាង​អាមេរិក។ រហូតមកដល់​ពេលនេះ ទ័ពអាមេរិក​ជាង ៤៥០០​នាក់​ស្លាប់ នៅក្នុង​សង្រ្គាម​អ៊ីរ៉ាក់។ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ ប្រជាជន​អាមេរិក មិន​សប្បាយចិត្ត​នឹង​ឃើញ​រដ្ឋ​ចំណាយ​លុយ​របស់ខ្លួន ទៅលើ​សង្រ្គាម​នៅបរទេសទេ។ អាមេរិក​បាន​ចំណាយ​លុយ​​ជាង ៧០០​ពាន់​លាន​ដុល្លារសម្រាប់តែ​សង្រ្គាមនៅអ៊ីរ៉ាក់។ ប៉ុន្តែ បើតាម​ក្រសួង​ថវិកាអាមេរិក ការកាត់បន្ថយទ័ព​អាមេរិក នៅអ៊ីរ៉ាក់​កន្លងមក បាន​ធ្វើ​ឲ្យ​អាមេរិក​អាច​សន្សំ​បា្រក់​បាន​តែ​ជាង ៦ពាន់​លានដុល្លារតែប៉ុណ្ណោះ ព្រោះថា អាមេរិក​នៅតែ​ចំណាយ​លុយ​សម្រាប់​ព្យាបាល​ទាហាន​អាមេរិក​ដែល​រងរបួសដោយសង្រ្គាម និងសម្រាប់​កម្ម​វិធី​​ធ្វើ​សមាហរកម្ម​ទាហាន​អាមេរិក​ចូលទៅក្នុង​សង្គម ក្រោយ​ពី​ត្រលប់​ពី​ធ្វើ​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI