កម្ពុជា

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ រកឃើញ​ភាពមិនប្រក្រតី​លើ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ

បុរស​ពរ​កូន​ កំពុង​រកឈ្មោះ​ខ្លួន​នៅក្នុង​បញ្ជី​អ្នកចូល​ទៅ​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ
បុរស​ពរ​កូន​ កំពុង​រកឈ្មោះ​ខ្លួន​នៅក្នុង​បញ្ជី​អ្នកចូល​ទៅ​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ ©RFI/ ស៊ីវ ចាន់ណា

អង្គការ​និ​កហ្វិច និង​វិទ្យាស្ថាន NDI របស់​អាមេរិក បាន​បង្ហាញ​ពី​លទ្ធផល​ជំហាន​ដំបូង​លើ​ការសង្កេត​ដំណើរការ​ពិនិត្យ​បញ្ជី​ ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។ នោះ​គឺ​ភាពមិនប្រក្រតី​មួយចំនួន បាន​កើតមាន​នៅ​តាម​កន្លែងចុះ​ឈ្មោះ​បោះឆ្នោត ដូចជា ស្មៀនឃុំ​សង្កាត់​ចុះឈ្មោះ​អ្នកបោះឆ្នោត ដោយ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត ដោយ សាម៉ី​ខ្លួន មិន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ស្មៀនឃុំ​សង្កាត់ ជាដើម។ ក៏ប៉ុន្តែ គ​.​ជ​.​ប​. បាន​ច្រានចោល​រាល់​ការ​រកឃើញ​របស់​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ទាំង​នេះ ហើយ​ទាមទារ​រក​ភស្តុតាង​ច្បាស់លាស់។

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ជំ​ហ៊ាន​ដំបូង ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ វិទ្យាស្ថាន NDI របស់​អាមេរិក និង​អង្គការ​និកហ្វិច បានមក​ពី​ការសង្កេត​នៅ​ឃុំ​សង្កាត់​ចំនួន ២៩៩ ឃុំ​សង្កាត់ ក្នុងចំណោម ១៦២១ ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស ដែល​ខ្លួន​ដាក់ពង្រាយ​អ្នកសង្កេតការណ៍។

តាម​សេចក្តីប្រកាស មន្ត្រី​អង្គការ​និកហ្វិច និង​វិទ្យាស្ថាន NDI បាន​វិភាគ​ទិន្នន័យ ដែល​ប្រមូលបាន​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១១ និង​បាន​រកឃើញថា ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត បើក និង​បិទ មាន​ភាពមិនប្រក្រតី​មួយចំនួន។ គេរកឃើញ​ដែរថា ស្មៀន​ឃុំ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចុះ​ឈ្មោះ ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ ដោយ​មិន​បង្ហាញខ្លួន​ចំពោះមុខ​ស្មៀនឃុំ​សង្កាត់ និង​អត្តសញ្ញាណប័ណ្ណ​ផុតកំណត់ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ មិន​ត្រូវបាន​អនុវត្ត​ជាទូទៅ​ឡើយ។

ដោយ​ផ្អែក​លើ​លទ្ធផល​ជំហាន​ដំបូង​នេះ អង្គការ​និកហ្វិច និង​វិទ្យាស្ថាន NDI របស់​សហរដ្ឋអាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់ គ​.​ជ​.​ប​. គួរ​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ និង​ត្រួតពិនិត្យ​ឲ្យបាន​ហ្មត់ចត់​លើ​ដំណើរការ​អនុវត្ត​របស់​ស្មៀនឃុំ​-​សង្កាត់ ដោយសារ​តែ​ស្មៀនឃុំ​-​សង្កាត់​មួយចំនួន មិន​ទាន់​យល់​ច្បាស់​ពី​បែបបទ និង​នីតិវិធី​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​នៅឡើយ។

តាមអង្គការ​ឃ្លាំមើល​ការបោះឆ្នោត គ​.​ជ​.​ប​. ក៏​គួរតែ​ធ្វើការ​អង្កេត​លើ​ករណី​ក្នុង​ឃុំ​មួយចំនួន ដូចជា បាន​បដិសេធ​ការចុះឈ្មោះ​មិន​ត្រឹមត្រូវ អនុញ្ញាត​ការចុះឈ្មោះ ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​រំលោភ​ផ្លូវ​ច្បាប់​ទាំងនេះ ឲ្យទាន់​ពេលវេលា​ដោយ​រួមទាំង​ការដាក់ពិន័យ​ដល់​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងនោះ ដែល​មិន​បាន​បំពេញ​ភារៈកិច្ច​ឲ្យបាន​ពេញលេញ។

ក៏​ប៉ុន្តែ ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ ចុះ​ថ្ងៃ​ទី​៦​តុលា​នេះ គ​.​ជ​.​ប​. បាន​ច្រានចោល រាល់​ការរក​ឃើញ​របស់​អង្គការ​សង្កេតការណ៍​បោះឆ្នោត ហើយ​ថា តាម​ការស្រាវជ្រាវ​រប​ស់គ.ជ.ប​. ពុំ​មាន​ករណី​ទាំង​នោះ​កើតឡើង​ទេ។ គ.ជ.ប. បាន​ជំរុញ​ឲ្យ​អង្គការ​សង្កេតការណ៍​បោះឆ្នោត បង្ហាញ​ឈ្មោះ​ឃុំ​សង្កាត់ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត​ណា​ម្នាក់ ដែល​ខ្លួន​បាន​សង្កេតឃើញ។

កាលពី​ថ្ងៃ​៥​តុលា​ម្សិលមិញ គ​.ជ.ប. បានសម្រេច​បន្ថែម​រយៈពេល ៣ ថ្ងៃ លើការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដល់​ឃុំ​សង្កាត់ ៣១៦ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ។ តាម​ធម្មតា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៥​តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI