សង្គមស៊ីវិលព្រួយបារម្ភខ្លាចច្បាប់ប្រេងកាតមានចន្លោះប្រហោងដែលបង្កជាផលប៉ះពាល់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី១៧ ខែមិថុនា រដ្ឋសភាកម្ពុជានឹងអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ អង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភខ្លាចច្បាប់ខាងលើនេះមានចន្លោះប្រហោងបង្កឲ្យមានផលប៉ះពាល់ផ្សេងៗ។ ការសម្រេចដាក់ឲ្យសភាអនុម័តច្បាប់ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Kris Energy បានចុះកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ២០១៧។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ច្បាប់នេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺសេចក្តីព្រាងច្បាប់នេះមិនបានដាក់ឲ្យមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយនោះទេ នេះអាចធ្វើឲ្យមានចំណុចខ្វះខាតណាមួយ។ លោកបន្ថែមថារឿងប្រេងកាតនេះ គឺជារឿងល្អផង និងជារឿងមិនល្អផងសម្រាប់កម្ពុជា បើសិនមិនមានការគ្រប់គ្រងបានល្អ ដែលអាចក្លាយជាផលប៉ះពាល់មួយដែរ ដោយសារការរុករកប្រេងកាតនេះពាក់ព័ន្ធនឹងបរិស្ថាន និងផលប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា។
រដ្ឋសភាកម្ពុជានឹងដាក់សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជារបៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ ដែលនឹងកំណត់ធ្វើឡើងនៅថ្ងៃចន្ទ ទី១៧ខែ មិថុនាខាងមុខនេះ។ សេចក្តីសំរេចនេះ បានធ្វើឡើងបន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ខែមិថុនា បានលើកយកសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ មកប្រជុំពិភាក្សារួមនឹងរបៀបវារៈមួយចំនួនទៀត។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតដែលមាននេះ មានសារៈសំខាន់ណាស់ ចំពោះការអនុញ្ញាតឲ្យធ្វើអាជីវកម្មប្រេងកាតនៅកម្ពុជា។
ការដាក់ឲ្យរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី«ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»នេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Kris Energy បានចុះកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ២០១៧ សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។
ក្រុមហ៊ុន Kris Energy របស់សិង្ហបុរីនេះ គឺជាអ្នកទិញភាគហ៊ុនពីក្រុមហ៊ុនរបស់អាមេរិកឈ្មោះ Chevron។ ក្រុមហ៊ុន Kris Energy មានភាគហ៊ុន៩៥% នៅក្នុងតំបន់នោះ ត្រូវគេរំពឹងថា នឹង អាចផលិតប្រេងឆៅ ប្រមាណ ៧០០០បារ៉ែល ក្នុងមួយថ្ងៃ។ ដោយឡែកកម្ពុជា ជាដៃគូ នៃភាគហ៊ុនសេសសល់ រំពឹងថា នឹងចំណេញ ប្រាក់ប្រមាណ ៧៨០លានដុល្លារ ក្នុងអំឡុងពេល ៩ឆ្នាំ។ នេះបានតាមការផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់ប្រេងកាតមាន៩ជំពូក និង៧២មាត្រាត្រូវបានកាត់តែងឡើងជាលើកដំបូងដោយ អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ីតាំងពីឆ្នាំ១៩៩៦។ បន្ទាប់មកមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas ដើម្បីពិនិត្យ និងកែសម្រួលបន្ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ