អង្គការពាណិជ្ជកម្មពិភពលោក សម្រេចអនុញ្ញាតឱ្យចិនដាក់ទណ្ឌកម្មចំពោះទំនិញអាមេរិក
ថ្ងៃសុក្រទី១វិច្ឆិកា អង្គការពាណិជ្ជកម្មពិភពលោក (OMC) បានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យចិនអាចដាក់ទណ្ឌកម្មចំពោះពន្ធនាំចូលទំនិញរបស់អាមេរិក។ អង្គការពាណិជ្ជកម្មពិភពលោក អនុញ្ញាតឱ្យចិនដាក់ពិន័យអាមេរិក ក្នុងរង្វង់ទឹកប្រាក់ជាង៣,៥ពាន់លានដុល្លារ ចំពោះការនាំចូលទំនិញអាមេរិក ក្នុងមួយឆ្នាំៗ។ គឺជាសេចក្តីសម្រេចលើកទី១ក្នុងប្រវត្តិសាស្ត្រនៃជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំណុំរឿងនេះ គឺចិនបានប្តឹងអាមេរិក តាំងពីឆ្នាំ ២០១៣មកម្ល៉េះ តែអង្គការពាណិជ្ជកម្មពិភពលោក ទើបតែសម្រេច នៅថ្ងៃសុក្រទី១វិច្ឆិកា។ ចិនប្តឹងអាមេរិកពីកាលនោះ ព្រោះតែអាមេរិកបន្ថោកតម្លៃ និងទម្លាក់តម្លៃទំនិញរបស់ចិន។ ការប្តឹងផ្តល់គ្នាស៊ីពេលយូរ ដោយមានការតទល់មុខគ្នាច្រើនដងផង ភាគីតំណាងរបស់អាមេរិក ក៏ធ្លាប់បានសុំពន្យារពេលអស់ច្រើនលើកដែរ។
នៅទីបំផុត អង្គការពាណិជ្ជកម្មពិភពលោក ចេញសេចក្តីសម្រេចជាចុងក្រោយ ហើយការសម្រេចនេះ គឺបិទផ្លូវតវ៉ា ដែលភាគីអាមេរិកមិនអាចប្តឹងតវ៉ាទៅមុខទៀតឡើយ ក៏ប៉ុន្តែ ចំពោះភាគចិនវិញ ចិនអាចមានជម្រើសច្រើនតាមឆន្ទៈរបស់ខ្លួន។ ពោលគឺ ចិនអាចនឹងសិទ្ធិសម្រេចដាក់ទណ្ឌកម្ម ឬមិនដាក់ទណ្ឌកម្មចំពោះទំនិញអាមេរិកក៏បាន ក៏ប៉ុន្តែ ប្រសិនបើដាក់ពិន័យនោះ កម្រិតទណ្ឌកម្មនេះ គឺក្នុងរង្វង់ទឹកប្រាក់ តែជាង៣,៥ពាន់លានដុល្លារ តែប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។ កន្លងមក ចិនធ្លាប់ចង់ទាមទារលទ្ធភាពដាក់ពិន័យអាមេរិក ដល់ទៅ ៧ពាន់ដុល្លារឯណោះ ក្នុងមួយឆ្នាំៗ។
ក្រោយពេលទទួលបានសេចក្តីសម្រេច, ភាគីតំណាងអាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក បានសម្តែងក្តីសោកស្តាយជាខ្លាំង ក៏ប៉ុន្តែ ថានឹងយករឿងនេះ ទៅជជែកជាមួយថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោន ព្រមទាំងភាគីចិនផងដែរ ដើម្បីរកច្រកផ្លូវធ្វើកិច្ចបន្ត។ ទោះយ៉ាងណាក្តី ភាគីអ្នកតំណាងអាមេរិក លើកឡើងថា ការសម្រេចខាងលើនេះ មិនប៉ះពាល់ដល់ដំណើរការចរចាក្នុងជម្លោះពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងឡើយ។
ដំណើការចរចាក្នុងជម្លោះពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនេះកំពុងតែបន្ត! អាមេរិកបានលើកឡើងពីការចរចាគ្នាក្នុងរយៈកាលបីដំណាក់កាល ដើម្បីចុះកិច្ចព្រមព្រៀងថ្មី។ «ដំណាក់កាលទី១ កំពុងតែជិតបានសម្រេចហើយ និងឈរលើផ្លូវល្អស្រុះស្រួលគ្នា ហើយនិងមានការជឿនលឿនខ្លាំង»។ នេះបើតាមតាមការបញ្ជាក់របស់ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានអាមេរិក លោក Larry Kudlow ដែលប្រាប់អ្នកកាសែត ពីថ្ងៃសុក្រ ទី១វិច្ឆិកា។ ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិកបញ្ជាក់ទៀតថា «ការចរចាលើវិស័យកសិកម្ម, សេវាកម្មហិរញ្ញវត្ថុ ជាដើមបានចប់រួចរាល់ហើយ។ ចំណែក ការចរចាទៅលើសំណុំរឿងលួចកម្មសិទ្ធិបញ្ញា គឺកំពុងតែបន្ត និងមានការវិវឌ្ឍល្អ»។ ពីភាគចិនវិញ កាសែតផ្លូវការចិន Chine Nouvelle បានទទួលស្គាល់ថា ការចរចាចុះកិច្ចព្រមព្រៀងអាមេរិកចិន គឺបានយល់ព្រមគ្នាហើយ ទៅលើផ្នែកគោលការណ៍រួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ