ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ពុំមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
ស្ថាប័នជាតិ រួមទាំងថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល គ្រប់ក្រសួងមន្ទីរ បានចំណាយពេលជាង ៣ម៉ោង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃទី១៥តុលា។ នៅឯព្រះបរមរាជវាំង នៅព្រឹកនេះ ក៏មានព្រះរាជពិធីបុណ្យខួបគម្រប់ ១ឆ្នាំ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិសំខាន់ៗ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ មិនបានចូលរួមទេ។ លោក កឹមសុខា ឲ្យដឹងថា ព្រះបរមរាជវាំង មិនបានតបនឹងលិខិតរបស់លោក ដែលស្នើសុំ ចូលរួមព្រះរាជពិធីបុណ្យ នៅថ្ងៃទី១៥តុលានេះទេ។
សំឡេងត្រែទ័ព លាយឡំនឹងភ្លេងពិពាធ លាន់ឮ នៅវិមានតម្កល់ព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ នៅខាងកើតវិមានឯករាជ្យ ក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីព្រឹកព្រលឹម ម៉ោង ៧ ព្រឹក បន្តរហូតដល់ម៉ោងជាង ១០ ព្រឹក ថ្ងៃអង្គារ ទី១៥តុលានេះ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ក្នុងស្រុកគ្រប់ប៉ុស្តិ៍។ វិទ្យុជាតិ FM 96 និងវិទ្យុជាតិ វត្តភ្នំ ក៏បានផ្សាយបន្តដែរ។
ដំបូងឡើយ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈរដ្ឋមន្ត្រី ថ្នាក់ឧបនាយករដ្ឋមន្ត្រី ដាក់កូរោងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា នៅវិមានតម្កល់ព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ ដែលបែរព្រះភ័ក្ត្រ ទៅទិសខាងកើត។ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា ជាបន្តបន្ទាប់មកទៀត ថ្នាក់ដឹកនាំតាមក្រសួងរបស់រដ្ឋាភិបាលនិមួយៗ កាកបាទក្រហម និងក្រុមកាយឫទ្ធិ ជាដើម បានបន្តដាក់កូរោងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ មួយក្រុមម្តង។
ចាប់តាំងពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងឧត្តមសេនីយ៍កងទ័ពប៉ូលិស ជាដើម បានដើរ លើកម្រាលព្រំពណ៌ក្រហម ទៅកាន់ព្រះបរមរូប ដោយមិនដោះស្បែកជើង និងដោះមួក ក្នុងឯកសណ្ឋានអាវស កត្រង់ អមដោយគ្រឿងឥស្សរយស តាមឋានុក្រម។
បន្ទាប់ពីដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា នៅវិមានតម្កល់ព្រះបរមរូបរួចហើយ ថ្នាក់ដឹកនាំជាតិកំពូលៗ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅចូលរួមក្នុងព្រះរាជពិធីបុណ្យខួបគម្រប់ ១ ឆ្នាំ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥តុលានេះ។
ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានលោក កឹម សុខា ប្រធានស្តីទី អះអាងថា មិនបានចូលក្នុងព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងព្រះរាជពិធីបង្សុកូលរម្លឹកព្រះវិញ្ញាណក្ខន្ធ ថ្វាយសម្តេចព្រះ នរោត្តម សីហនុ ទេ។ លោកថា ព្រះបរមរាជវាំង មិនបានឆ្លើយតបនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលទូលសុំ ចូលរួមព្រះរាជពិធីបុណ្យ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥តុលានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ