អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ថានការណ៍​មនុស្សធម៌ និង​សន្តិសុខ​កំពុង​ដុនដាបខ្លំាង​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល

សំឡេង ០៥:១៤
លោក Michel Djotodia បុរសខ្លំាងថ្មី​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល ថ្ងៃទី៣០ មីនា ឆ្នំា ២០១៣
លោក Michel Djotodia បុរសខ្លំាងថ្មី​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល ថ្ងៃទី៣០ មីនា ឆ្នំា ២០១៣ REUTERS/Alain Amontchi
៣២ នាទី

នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល ៤ខែ ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé មក ស្ថានការណ៍​មនុស្សធម៌ និង​សន្តិសុខ​កំពុង​ដុនដាប​ខ្លំាង។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​អនុម័ត​ដោយ​សមាជិក​ទំាង ១៥ប្រទេស​នៃ​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្តែង​ក្តីព្រួយបារម្ភ និង​បាន​ប្រកាស​ត្រៀមខ្លួន​ចាត់វិធានការ​គ្រប់​បែបយ៉ាង​ដើម្បី​ទប់​សាធារណរដ្ឋ​អាហ្រ្វិក​កុំ​ឲ្យ​ក្ស័យធន។ ទន្ទឹម​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​ប្រកាស​គំាទ្រ​ចំពោះ​បេសកកម្ម​របស់​សហភាព​អាហ្រ្វិក​ដែល​កំពុង​បំពេញ​ការងារ​នៅ​ទីកន្លែង​ស្រាប់។

ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី២២ មីនា ឆ្នំា ២០១៣ ថ្ងៃ​ដែល​ចលនា​ឧទ្ទាម​សេលេកា (Séléka) ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé ដែល​បាន​កាន់​តំណែង​តំាង​ពី​ឆ្នំា ២០០៣ នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ ចលនា​ឧទ្ទាម​សេលេកា គឺ​ជា​ចលនា​មួយ​ដែល​រួមផ្តុំ​ដោយ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ចំនួន ៥ក្រុម ដឹកនំា​ដោយ​លោក Michel Djotodia។ លោក Djotodia ដែល​បាន​ប្រកាស​ថា លោក​នឹង​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​សម័យអន្តរកាល​រយៈពេល ៣ឆ្នំា​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​ដឹកនំា​ដោយ​លោក​នាយករដ្ឋមន្រ្តី Nicolas Tiangaye។

ជា​គោលការណ៍ ការ​រៀបចំ​បោះឆ្នោត​មួយ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នំា ២០១៦ ខាង​មុខ។ តែ​ការ​ពិត​​ជាក់ស្តែង​ពេល​នេះ សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​ដែល​មាន​ទំហំ​ផ្ទៃដី​ធំ​ជាង​ប្រទេស​អង់គ្លេស​រហូត​ដល់​ទៅ ៣ដង និង​មាន​ប្រជាជន​រស់នៅ​សរុប​តែ​ប្រមាណ ៤លាន ៥សែននាក់​នោះ បាន​និង​កំពុង​ពើបប្រទះ​នឹង​ភាព​អនាធិបតេយ្យ​យ៉ាង​ពេញទី​នៅ​ទូទំាង​ប្រទេស។ តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé មក សកម្មភាព​ទូទៅ​នៅ​ទូទំាង​ប្រទេស​ហាក់​ដូច​ជា​បាន​ជាប់គំាង​មួយ​កន្លែង។ បុគ្គិលរដ្ឋ​អត់​ទទួល​បាន​ប្រាក់ខែ និង​លែង​ទៅ​ធ្វើ​ការ​ដូច​ធម្មតា សាលារៀន​របស់​រដ្ឋ​បាន​បិទ​ទ្វារ អាហ្រ្វិកកណ្តាល​ត្រូវ​បាន​សហភាពអាហ្វ្រិក​ព្យួរចោល​មួយ​រយៈ​ជា​សមាជិក​របស់​ខ្លួន ព្រម​ទំាង​បាន​និង​កំពុង​ស្ថិត​ក្នុង​ការ​ដាក់​ទ័ណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។

សូម្បី​តែ​ចលនាឧទ្ទាម​សេលេកា​ខ្លួន​ឯង​ដែល​ជា​តួអង្គ​នៃ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ Fraçois Bozizé ក៏​ផ្តើម​បែកបាក់​ផ្ទៃក្នុង លែង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដូច​មុន​ទៀត​ឡើយ។ មេកន្រ្តាញសង្រ្គាម​នៃ​ចលនា​ឧទ្ទាម​មួយ​នេះ​ដែល​អ្នក​ខ្លះ​ជា​ជនជាតិ​ឆាដ ឬមួយ​ស៊ូដង់​បាន​ផ្តើម​ប្រព្រឹត្តិ​បទល្មើស​ដោយ​សេរី​នៅ​ក្នុង​ទីក្រុង​បង់ហ្គី ដូច​យ៉ាង​ការ​ចាប់រំលោភ សម្លាប់ លួចប្លន់ ឬមួយ​ក៏​ចាប់​ក្មេង​យក​មក​កាន់​អាវុធ​ជា​ដើម។ និយាយ​ជា​រួម នៅ​ក្រោយ​រដ្ឋប្រហារ​យោធា ស្ថានការណ៍​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង ទំាង​ផ្នែកមនុស្សធម៌ និង​សន្តិសុខ។ គឺ​ជា​ស្ថានការណ៍​មួយ​ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ពិពណ៌នា ជា​ការ​រលំបាក់​នៃ​និតិរដ្ឋ។ លោក​បាន គីមូន​ក៏​បាន​បរិហារ​ពី​និទ្នណ្ឌភាព​លើ​បទល្មើស​ដែល​ប្រព្រឹត្តិ​ដោយ​ពួកឧទ្ទាម​សេលេកា។

បច្ចុប្បន្ន​នេះ និង ៤ខែ ក្រោយ​រដ្ឋប្រហារ​យោធា សហភាព​អាហ្រ្វិក​បាន​សម្រេច​បង្កើត​ឲ្យ​មាន​បេសកកម្ម​អន្តរជាតិ​មួយ​មាន​កម្លំាង ៣ ៦០០នាក់​ដើម្បី​ជួយ​ការពារ រក្សាសន្តិសុខ និង​សុវត្ថិភាព​ឲ្យ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។ គឺ​ជា​បេសកកម្ម​មួយ​ដែល​ត្រូវ​បាន​ទទួល​ការ​សាទរ​ពី​លោក Babacar Gaye អ្នកតំណាងពិសេស​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ ទន្ទឹម​គ្នា​នេះ និង​ក្រោម​សំណើ​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​នូវ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​ចាត់ទុក​ស្ថានការណ៍​នៅ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល​ថា ជា​ការ​គំរាមកំហែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​មួយ​នេះ និង​នៅ​ក្នុង​តំបន់​ទំាង​មូល។

យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​អនុម័ត​ដោយ​ប្រទេស ១៥ ជា​សមាជិក ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ត្រៀមខ្លួន​ដើម្បី​ចាត់​វិធានការ​គ្រប់​បែបយ៉ាង​ក្នុង​ការ​ជួយ​ថែ​រក្សា​ស្ថិរភាព​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ តែ​គេ​នៅ​មិន​ដឹង​ថា តើ​វិធានការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះ​នឹង​មាន​អ្វី​ខ្លះ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ក្រុមប្រឹក្សាសន្តិសុខ​បាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​អន្តរកាល​បច្ចុប្បន្ន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​អន្តរកាល និង​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន។

សម្រាប់​អង្គការ​សហប្រជាជាតិ អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លំាង និង​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​ស្ថានការណ៍​មនុស្សធម៌ និង​សិទ្ធមនុស្ស​ដុនដាប​ខ្លំាង។ តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រជាជន​ចំនួន ១លាន ៦សែននាក់​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ និង​មាន​ប្រជាជន​ប្រមាណជា ២០៦ ០០០នាក់​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ក្នុង​ស្រុក ក្នុង​នោះ​មាន​អ្នក​ធ្វើចំណាក​ស្រុក​ទៅ​រស់នៅ​ប្រទេស​ជិតខាង​ចំនួន ៦០ ០០០នាក់។ គឺ​ជា​ព្រឹត្តិការណ៍​អាសន្ន​មួយ​ដែល​លោកស្រី​ប្រធាន​ប្រតិបត្តិការណ៍​ផ្នែកមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ Valerie Amos បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់​វិធាន​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​សាធារណរដ្ឋ​​អាហ្រ្វិកកណ្តាល​ក្លាយ​ជា​ប្រទេស​ក្ស័យធន។

សូម​រម្លឹក​ជូន​ថា តាម​ពិត​ទៅ ស្ថានការណ៍​នយោបាយ​ផុយស្រួយ​របស់​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​ពេល​នេះ គឺ​ជា​ការ​វិលចុះ វិលឡើង​នៃ​កង់ប្រវត្តិសាស្រ្ត ព្រោះថា តំាង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៦០ មក ប្រទេស​អាហ្រ្វិក​អភ័ព្វ​មួយ​នេះ​មិន​ដែល​ស្គាល់​សុខសន្តិភាព​ម្តង​ណា​ទេ ឬ​មួយ​ក៏​ថា ស្គាល់​ដែរ តែ​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ។ អស់​ពី​វិបត្តិ​មួយ ឆ្លង​ចូល​វិបត្តិ​មួយ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​សងសឹក​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​អំណាច។ ម្យ៉ាង​ទៀត អស្ថិរភាព​នយោបាយ​ជា​អចិន្ត្រៃយ៍​របស់​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​ក៏​ដោយសារ​តែ​ភាព​ផុយស្រួយ​ផ្នែក​នយោបាយ​របស់​ប្រទេស​ជិតខាង​ដែរ ពិសេស ប្រទេស​ឆាដ​នៅ​ប៉ែក​ខាង​ជើង ប្រទេស​ស៊ូដង់​នៅ​ប៉ែកខាង​កើត ប្រទេស​កាមេរូន​នៅ​ប៉ែកខាងលិច និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ព្រម​ទំាង​ប្រទេស​កុងហ្គោ​នៅ​ប៉ែកខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ