ឆ្នាំថ្មី អ.ស.ប.បង្កើនចំណាយ បូកសកម្មភាពបន្ថែមក្នុងសំណុំរឿងស៊ីរី និងសំណុំរឿងរ៉ូហ៊ីងយ៉ានៅភូមា
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃសុក្រ ទី២៧ធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) អនុម័តបង្កើនចំណាយបន្តិចបន្ថែមទៀតសម្រាប់គម្រោងដំណើការទូទៅ នៅក្នុងឆ្នាំថ្មី ២០២០។ ក្នុងនោះ មានបន្ថែមចំណាយសម្រាប់កិច្ចការស៊ើបអង្កេតសំណុំរឿងស៊ីរី និងឧក្រិដ្ឋកម្មនៅភូមា ដែលកិច្ចការទាំងពីរនេះ បានធ្វើឱ្យរុស្ស៊ីនិងសម្ព័ន្ធមិត្ត មិនសប្បាយចិត្តជាខ្លាំង។
កញ្ចប់ថវិការបស់អង្គការសហប្រជាជាតិ ក្នុងគម្រោងដំណើការងារទូទៅ នៅឆ្នាំថ្មី ២០២០ គឺមានចំនួន ៣,០៧ ពាន់លានដុល្លារ គឺកើនឡើងច្រើនជាងបន្តិច បើធៀបឆ្នាំ២០១៩ ដែលមានត្រឹមតែ ២,៩ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ការកើនឡើងលុយថែមបន្តិចនេះ ក៏ស្របនឹងការបង្កើនសកម្មភាពការងារ សំខាន់ពីរបន្ថែមទៀតដែរ។ នោះគឺការស៊ើបអង្គេតឧក្រិដ្ឋកម្មដែលកើតមាននៅប្រទេសស៊ីរី ចាប់តាំងពីស៊ីរីធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរកាលពីឆ្នាំ២០១១រហូតមក។ ហើយកិច្ចការដ៏ចម្រូងសម្រាស់ទី២ គឺការស៊ើបអង្កេត សំណុំរឿងបង្ក្រាបនិងការសម្លាប់រង្គាលទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។
កិច្ចការសកម្មភាពទាំងពីរនេះ គឺបានធ្វើឱ្យរុស្ស៊ីនិងប្រទេសសម្ព័ន្ធមិត្ត ខ្ញាល់ជាខ្លាំង។ អ្នកការទូតមួយចំនួនបានកត់សម្គាល់ និងបានខ្សឹបប្រាប់ទីភ្នាក់ព័ត៌មានបារាំងAFP ថា នៅក្នុងដំណើរការបោះឆ្នោតសម្រេចគម្រោងកញ្ចប់ថវិកានេះ ប្រទេសរុស្ស៊ី, ស៊ីរី, ភូមា, គាំទ្រដោយ កូរ៉េខាងជើង, អ៊ីរ៉ង់, នីហ្គារ៉ាហ្គ័រ, វ៉េណេស៊ុយអេឡា ជាដើម បានបោះឆ្នោតជំទាស់ ប៉ុន្តែ សំឡេងរបស់ពួកប្រទេសទាំងនេះ តិចតួច មិនអាចខ្ទាសដំណើរការសម្រេចអនុម័តកញ្ចប់ថវិកានេះបានទេ។ សេចក្តីសម្រេចនេះ មានចែងពីលក្ខខណ្ឌចាប់បង្ខំតម្រូវឱ្យរដ្ឋសមាជិកបង់វិភាគទាន ជាកាតព្វកិច្ច។ ភាគីរុស្ស៊ីនិងស៊ីរី ចាត់ទុកថាជារឿងមិនសមហេតុផល និងថា ខ្លួននឹងពិចារណាមើលសិនចំពោះរឿងបង់លុយវិភាគទាននេះ។
ក្រៅពីកិច្ចការចម្រូងចម្រាស់ខាងលើនេះ អង្គការសហប្រជាជាតិ នៅឆ្នាំថ្មី ក៏សម្រេចថានឹងបង្កើតសកម្មភាពបេសកម្ម នៅក្នុងដំណើរការសង្កេតតាមដានពីជម្លោះទាស់ទែងគ្នានៅប្រទេសយ៉េមែន ហើយនងបន្តបេសកម្មជួយរៀបចំនយោបាយរដ្ឋ នៅកោះហៃទី ជាដើម។
គួរជ្រាបដែរថា ការអនុម័តគម្រោងថវិការបស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការការងារទូទៅ គឺមិនពាក់ព័ន្ធនឹងបេសកម្មសម្រាប់កិច្ចការរក្សាសន្តិភាពនោះទេ។ បេសកម្មសម្រាប់រក្សាសន្តិភាព គឺមានទំហំទឹកប្រាក់ ប្រមាណជា៦ពាន់លានដុល្លារ ដាច់ដោយឡែកផ្សេងទៀត ដែលជាទូទៅ ត្រូវអនុម័តនៅខែមិថុនា ជារៀងរាល់ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ