កម្ពុជា

បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​អ្នកទទួល​ខុសត្រូវ​នៃ​សោកនាដកម្ម​លើ​ស្ពានពេជ្រ​ចុះ​ចេញ​ពី​តំណែង

ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្មថ្ងៃ​ទី ២២​វិច្ឆិកា ២០១០
ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្មថ្ងៃ​ទី ២២​វិច្ឆិកា ២០១០ © Reuters

គណបក្ស សម រង្ស៊ី បាន​ទាមទារ​ឲ្យ​មន្ត្រី​ដែល​ទទួល​ខុសត្រូវ​លើ​សោកនាដកម្ម នៅ​លើ​ស្ពានពេជ្រ កាល​ពី​យប់ ថ្ងៃ​ទី​២២​វិច្ឆិកា បង្ហាញ​ពី​ការទទួល​ខុសត្រូវ ដោយ​ត្រូវ​ចុះ​ចេញ​ពី​តំណែង។ ការទាមទារ​បែប​នេះ​បាន​ធ្វើ​ឡើង ក្នុង​ឱកាស​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ប្រារព្ធ​ខួប​៧​ថ្ងៃ​នៃ​អ្នកស្លាប់ នៅ​លើ​ស្ពានពេជ្រ​ដែល​បាន​ធ្វើឡើង នៅ​ក្នុង​ទីស្នាក់ការ​របស់​ខ្លួន នៅ​ថ្ងៃ​អាទិត្យ​នេះ។ ដោយឡែក​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ការស៊ើបអង្កេត​សំណុំរឿង​នេះ​បាន​បន្ត​ អំពាវនាវ​ឲ្យ​មហាជន​ជួយ​ផ្តល់​ភស្តុតាង​ថ្មីៗ​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការស៊ើប​អង្កេត ខណៈ​ដែល​ចំនួន​អ្នកស្លាប់​កើន​ដល់ ៣៥១​នាក់។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​ទាមទារ នៅ​ថ្ងៃនេះ​ឲ្យ​អ្នក​ទទួល​ខុសត្រូវ លើ​មហា​សោកនាដកម្ម លើ​ស្ពានពេជ្រ​ចុះចេញ​ពី​មុខតំណែង​ដោយ​ហេតុ​ថា ពួកគេ​មិន​អាច​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​គណបក្ស ​នេះ​ប្រារព្ធ​ខួប​៧​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់​លើ​ស្ពាន ​ពេជ្រ។ គណបក្ស សម រង្ស៊ី ​រួមទាំង​សហគមន៍​ខ្មែរកម្ពុជា​ក្រោម​ដែល​ដឹកនាំ​ដោយ​លោក​ ថាច់ សេដ្ឋា​ សមាជិក​បក្ស​ប្រឆាំង​មួយ​រូប​ដែរ​នោះ ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​លើ​ស្ពានពេជ្រ ដំណាល​គ្នា នៅ​ថ្ងៃ​នេះ​ដោយ​បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​បង្សុកូល និង​បាន​ដង្ហែ​កម្រងផ្កា​មក​ដាក់​ក្បែរ​ស្ពាន​ពេជ្រ។

កាល​ពី​ថ្ងៃ​ទី​២៥​វិច្ឆិកា ដែល​រដ្ឋាភិបាល​ប្រកាស​កាន់ទុក្ខ នៅ​ទូទាំង​ប្រទេស​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ និង​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ប្រកប​ដោយ​ក្តីក្តុកក្តួល​បំផុត។ នៅថ្ងៃ​នេះ អាជ្ញាធរ​បាន​ប្រកាស​តួលេខ​អ្នកស្លាប់​ចំនួន​ ៣៥១ ​នាក់ពោលគឺបានកើនឡើង៤នាក់ទៀត ​និង​អ្នករបួស​ ៣៩៥ ​នាក់​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកនាដកម្ម​មួយ ក្នុង​ឱកាស​បុណ្យ​អុំទូក។

ការស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិ​លមិញ អនុ​គណៈកម្មការ​ទទួល​បន្ទុក​ការស៊ើប​អង្កេត​សំណុំរឿង​នេះ​បាន​ប្រកាស​ជា​ សាធារណៈ​សុំឲ្យ​មហាជន​ទូទៅ រួមទាំង​អ្នក​សារព័ត៌មាន​ផង​ដែល​បាន​ឃើញ និង​ថត​រូបភាព​នៃ​ឧបទ្ទវហេតុ រាត្រី ​២២​វិច្ឆិកា ឲ្យ​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ការស៊ើប​អង្កេត​មាន​សុក្រឹតភាព។

យ៉ាងណា​ក៏ដោយ គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ក្នុង​ ការស៊ើប​អង្កេត​សំណុំ​រឿង​នេះ និង​បាន​ទាមទារ​ឲ្យ​មន្ត្រី​សាលារាជធានី​ភ្នំពេញ​ទទួល​ខុសត្រូវ។​ ប៉ុន្តែ ​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​បាន​បដិសេធ​សេចក្តី​ស្នើ​នេះ​ដោយ​បាន​អះអាង​ ថា ដំណើរ​ការស៊ើប​អង្កេត​កំពុងតែ​ប្រព្រឹត្ត​ទៅ​ដោយ​ហ្មត់ចត់។ ពួកគេ​បាន​ស្នើឲ្យ​បក្ស​ប្រឆាំង​យក​ពេលវេលា​ដើម្បី​ជួយ​គ្រួសារ​ជន​រងគ្រោះ​ វិញ​ទើប​ប្រសើរ ជាង​ការ​អង្គុយ​រង់ចាំ​តែ​រិះគន់។

ឥឡូវនេះ គេ​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការស៊ើប​អង្កេត​ដែល​នឹង​ត្រូវ​ចេញ​នៅ​ពេល​ ឆាប់ៗ​នេះ។ គេ​ក៏​មិនទាន់​ដឹង​ថា តើ​នឹង​មាន​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មហា​សោកនាដកម្ម​នេះ ឬ​ក៏​អត់​នោះ​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI