កម្ពុជា

អគ្គិសនី​នៅតែ​ថ្លៃ​នៅ​កម្ពុជា

តំណាង​រាស្រ្ត​បក្សប្រឆាំង​​រិះគន់​រឿង​អគ្គិសនី​ថ្លៃ នៅ​កម្ពុជា
តំណាង​រាស្រ្ត​បក្សប្រឆាំង​​រិះគន់​រឿង​អគ្គិសនី​ថ្លៃ នៅ​កម្ពុជា ©ម៉េងហួរ/RFI

គណបក្ស​ប្រឆាំង​បាន​បន្ត​រិះ​គន់​ថា អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ថ្លៃ​​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ប៉ុន្តែ​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ថាមពល​បាន​ឆ្លើយ​តប​វិញ​ថា តម្លៃ​អគ្គិសនី​នៅ​ជនបទ​ក្នុង​កន្លែង​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ ចុះ​ថ្លៃ​ហើយ។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​បាន​ឆ្លងឆ្លើយ​ដាក់​គ្នា​ អស់​រយៈពេល​ជិត​២​ម៉ោង​ ជុំវិញ​តម្លៃ​អគ្គិសនី​ថ្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។  ការ​ជជែក​គ្នា​រវាង​គណបក្ស​ប្រឆាំង​សម​រង្ស៊ី ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​​ បាន​ធ្វើ​ឡើង​ កាល​ពី​ព្រឹកមិញ​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ជាតិ​ ស្តី​អំពី​ការ​ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​ឯកជន​បរទេស​មួយ​គ្រប់គ្រង​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ ពី​ទីក្រុង​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​កំពង់ចាម។​

លោក​យឹម ​សុវណ្ណ​ តំណាង​រាស្រ្ត​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម​រង្ស៊ី​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​រដ្ឋ​សភា​ជាតិ​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​វារី​អគ្គិសនី​ច្រើន​កន្លែង​​ ប៉ុន្តែ​តម្លៃ​អគ្គិសនី​​បែរ​ជា​ឡើង​ថ្លៃ​ទៅ​វិញ។​​​​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ​​អគ្គិសនី​កម្ពុជា​បាន​សម្រេច​ចិត្ត​តម្លើង​ថ្លៃ​អគ្គិសនី​ ចំពោះ​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​មួយ​ចំនួន​ ដែល​បាន​ប្រើ​ប្រាស់​អគ្គិសនី​ក្រោម​កម្រិត​​៥០​គីឡូ​វ៉ាត់​ម៉ោង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​​យឹម ​សុវណ្ណ ​បាន​កត់​សម្គាល់ថា អ្នក​នៅ​ជនបទ​ប្រើប្រាស់​អគ្គិសនី​ក្នុង​តម្លៃ​មួយ​ថ្លៃ​ណាស់​ ពោល​គឺ​អាច​មាន​តម្លៃ​ពី​២០០០​រៀល​ ទៅ​៤០០០​រៀល ​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង។ នៅ​ក្រុង​ភ្នំពេញ​ អគ្គិសនី​មាន​តម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​ សម្រាប់​ផ្ទះ​ប្រជាជន​ធម្មតា​មិន​រកស៊ី​ទទួល​ទាន។ តម្លៃ​ខុស​គ្នា​នេះ ​គឺ​ដោយសារ​ទី​ជនបទ​មិន​ទាន់​មាន​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ទៅ​ដល់។

លោក​យឹម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ អគ្គិសនី​ថ្លៃ​មិនមែន​ប៉ះ​ពាល់​តែ​ជីវភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ថែម​ទំាង​រារាំង​ការ​វិនិយោគ​ទៀត​ផង។ លោក​តំណាង​រាស្រ្ត​រូប​នេះ​បាន​បន្ត​ទៀត​ថា ផលិតផល​របស់​កម្ពុជា​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ផលិតផល​បរទេស​បាន​ទេ​ ពីព្រោះ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ថ្លៃ​ពេក។

លោកស្រី លី ស្រី វីណា តំណាង​រាស្រ្ត​គណបក្ស​ប្រឆំាង​សម​រង្ស៊ី​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា លោក​ស្រី​គាំទ្រ​រាល់​គម្រោង​វិនិយោគ​អគ្គិសនី​ណា​ ដែល​ជំរុញ​អោយ​តម្លៃ​អគ្គិសនី​កាន់​តែ​ចុះ​ថោក ​ប៉ុន្តែ​លោក​ស្រី​មិន​គាំទ្រ​ទេ ​ចំពោះ​គម្រោង​វិនិយោគ ​ដែល​ទាញ​អោយ​តម្លៃ​អគ្គិសនី​ឡើង​ថ្លៃ​ទៅ​វិញ​នោះ។​លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា អគ្គិសនី​នៅ​ក្នុង​ប្រទេស​វៀតណាម ​និង​ប្រទេស​ថៃ​មាន​តម្លៃ​តែ​២៥០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​ប៉ុណ្ណោះ។​​

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី លោក ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ថាមពល​បាន​ពន្យល់​ថា អគ្គិសនី​នៅ​ប្រទេស​វៀតណាម​មាន​តម្លៃ​ថោក​ជាង​ប្រទេស​កម្ពុជា ​ពីព្រោះ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​ចេញ​ប្រាក់​ខាត​ជំនួស​ប្រជាជន​គេ។ រីឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ នា​ពេល​កន្លងមក ​រដ្ឋាភិបាល​ក៏​បាន​ជួយ​ឧបត្ថម្ភ​ធន​ដែរ​ ប៉ុន្តែ​ក្រោយ​មក​រដ្ឋ​ក៏​សម្រេច​ឈប់​ទៅ​វិញ​ដោយ​ហេតុផល​ខ្វះ​ថវិកា។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា ​តម្លៃ​អគ្គិសនី​នៅ​ជនបទ​នៅ​តែ​ថ្លៃ​នោះ ​លោក​រដ្ឋ​មន្រ្តី ស៊ុយ សែម បាន​បញ្ជាក់​ថា វា​មិន​ដូច្នោះ​ទេ ​តាមពិត​តម្លៃ​អគ្គិសនី​នៅ​ក្នុង​តំបន់​ជនបទ​មួយ​ចំនួន​បាន​ធ្លាក់​ថ្លៃ​ច្រើន​ហើយ​ ពោល​គឺ​ តម្លៃ​បាន​ធ្លាក់​ចុះ​ពី​ជាង​២០០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង ​មក​នៅ​តម្លៃ​ក្រោម​២០០០​រៀល​ និង​ក្រោម​១០០០​រៀល​ប៉ុណ្ណោះ ​អាស្រ័យ​ទៅ​តាម​តំបន់​នី​មួយៗ។

របាយ​ការណ៍​នា​ពេល​កន្លង​មក​បាន​បញ្ជាក់​ថា លំនៅដ្ឋាន​ប្រមាណ​ជា​១៨​ភាគរយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អគ្គិសនី​ប្រើប្រាស់។ នៅ​ឆ្នាំ​២០២០ ​ភូមិ​ទាំងអស់​នឹង​មាន​អគ្គិសនី​ប្រើប្រាស់ ​ហើយ​នៅ​ឆ្នាំ​២០៣០​​ យ៉ាង​ហោចណាស់​៧០​ភាគរយ​នៃ​គ្រួសារ​ខ្មែរ​នឹង​មាន​អគ្គិសនី​ប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI