កម្ពុជា

សមា​ជិក​សភា​បក្ស​ប្រឆាំង​៖ រដ្ឋាភិបាល​មិន​ត្រូវ​ប្រើ​កម្លាំង​ទ័ព​ និង​តុលាការ​គំរាម​កំហែង​កសិករ​ខ្មែរ​

ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​
ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​ Veasna Leang

ក្រុម​សមា​ជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ ហើយមិន​ត្រូវ​ប្រើក​ម្លាំង​ទ័ព ​និង​កម្លាំង​តុលាការ​ទៅ​គំរាម​កំហែង​កសិករ​ខ្មែរ ​ដែល​កំពុង​ទាមទារ​ការ​ដោះ​ស្រាយ​លើបញ្ហា​តម្លៃ​ស្រូវ​ ដែល​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ​។ ការ​ទាមទារ​របស់​សមា​ជិក​សភា​គណ​បក្សប្រឆាំង​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​តម្លៃ​ស្រូវ​ផ្ទុះ​ឡើង​នៅ​ក្នុង​ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ផ្សាយពាណិជ្ជកម្ម

ក្រុម​តំណាង​រាស្ត្រ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៩​ កញ្ញា​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពីក​សិករ​ក្នុង​ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង​ កាល​​ពី​ថ្ងៃទី១៨ ​ខែ​កញ្ញា ពី​តម្លៃ​ស្រូវ​ធ្លាក់ចុះ ​​គឺ​ជា​លទ្ធផលដែល​បាន​កើត​ជា​បណ្តើរៗ ពី​នយោបាយ​ខុស​របស់​រដ្ឋាភិបាល​ ដែល​ដឹក​នាំ​ដោយ​គណបក្សប្រជា​ជន​កម្ពុជា។

 
តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​នោះ ​សមាជិក​សភា​បក្ស​ប្រឆាំ​ងបាន​លើក​យក​អ្វី ​ដែល​ខ្លួន​ហៅ​ថា​នយោបាយខុស​របស់​រដ្ឋាភិបាល​៦ចំណុច ​រួម​មានៈ​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩​ឆ្នាំធ្វើ​​ឲ្យ​កសិករ​បាត់​បង់​ដី ​ការ​ពុំបាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ផលិត​របស់​កសិករ​ ការ​ពុំ​បាន​ផ្តល់​ជំនួយ​បច្ចេក​ទេស​ដល់​កសិករ​បានទូលាយ ​ការ​ពុំ​បាន​បង្កើត​មូល​ដ្ឋាន​ទី​ផ្សារ​កសិ​ផល ការ​ចំណាយ​ថវិកា​ជាតិ​សង់​ប្រព័ន្ធ​ធារាសាស្ត្រដែ​លគ្មា​នប្រសិទ្ធ​ភាព​​ និង​ការ​គ្មាន​គោល​នយោបាយ​កាត់​បន្ថយ​ អត្រា​ការ​ប្រាក់​ខ្ពស់​ចំពោះ​កសិករ។

យ៉ាង​ណាមិញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​បាន​ទាមទារ​ឲ្យ​មាន​នយោបាយ​ត្រឹម​ត្រូវ​ ដើម្បី​លើកស្ទួ​យជីវភាព​កសិករ​ខ្មែរ ​ក្នុង​នោះ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ដីធ្លី​ មធ្យោបាយ និ​ងប​ច្ចេក​ទេស​សម្រាប់​ការ​បង្ក​បង្កើន​ផល និង​បង្កើត​ទីផ្សារ​សម្រាប់​លក់​កសិ​ផល​របស់​កសិករ​។ ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​នោះ ​ក្រុម​តំណាង​រាស្ត្រសង្រ្គោះ​ជាតិ​ បា​ន​សុំឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​កំហុស​របស់ខ្លួ​ន ហើយ​ត្រូវ​រៀប​ចំ​កែ​លម្អ ​ដើម្បី​សង្រ្គោះកសិករ​ខ្មែរ។

ការ​ទាមទារ​​ក៏​ដូច​ជា​ការ​អំពាវនាវ​របស់​ក្រុម​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ ធ្វើ​ឡើង​ក្រោយ​ពី​ប្រជា​កសិករ​ក្នុងស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​ បា​ន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ​កាល​ពី​ថ្ងៃ​ទី១៨ ​ខែ​កញ្ញា ដើ​ម្បី​ទាមទារ​ឲ្យអាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ ដែ​ល​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ពេល​ប្រមូល​ផល​។ 

ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នៃ​ការ​បិទ​ផ្លូវ​ទាមទារ​ឲ្យ​មាន​ការ​អន្តរាគមន​ដោះ​ស្រាយ​តម្លៃ​ស្រូវ​នោះ លោក​ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​សរសេរ​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​ថា​ជន​ ឬ​ក្រុម​ទុច្ចរិត​ទាំង​ឡាយ​ណា ​ដែល​យក​របៀប​វារៈ​ តម្លៃ​ស្រូវ​នេះ ​ជា​មធ្យោបាយ​គៀងគរ​ ដើម្បី​បង្ក​ភាព​ចលាច​ល ប្រឆាំង​នឹង​សណ្តាប់​ធ្នាប់​សង្គម​ និង​ត្រូវ​តែ ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ លោក​បញ្ជាក់​ថា ​រាជ​រដ្ឋាភិ​បាល​​នឹង​​ចាត់​វិធាន​ការ ដ៏​ម៉ឺង​ម៉ាត់​ចំពោះ​ភាព​ញុះ​ញង់​នេះ៕​

នៅថ្ងៃទី១៩ កញ្ញា នេះ​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​បាន​បញ្ជាក់​ជា​ថ្មី​ថា​រដ្ឋាភិបាល​បាន​បញ្ចេញ​ថិវកាប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ និង​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​៧​លាន​ដុល្លារ​អាមេរិក​ មាន​សមត្ថភាព​អាច​ទិញ​ស្រូវ​ពីកសិករ​​ប្រមាណ​១០​ម៉ឺន​តោន​ ក្នុង​តម្លៃ​មិន​ទាប​៨៤​ម៉ឺន​រៀល​ក្នុង​១​តោន។ លោក​នាយករដ្ឋ​មន្ត្រី​ក៏​បាន​អំពាវ​នាវ​ដល់​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ​កុំ​ប្តឹង​តុលាការ​រឹប​អូស​ផ្ទះ​ប្រជា​កសិករ ឬដីធ្លីគាត់ ហើយយោគយល់​ពន្យា​រពេល​សង ឬបន្ថយការប្រាក់។

ចំណែកវិធានការរយៈពេលមធ្យមលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាកម្ពុជាត្រូវការពីចិន៣០០លានដុល្លារ ដើម្បីកសាងរោងម៉ាស៊ិនកិនស្រូវ ឡសម្ងួត ឃ្លាំងស្តុក និងជាទុនសម្រាប់ទិញស្រូវ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI