អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី ប្រាប់​កម្មករ​កាត់​ដេរ​នៅ​ក្រុង​បាវិត​មិន​អោយ​ចូល​ធ្វើ​ការ​​បើ​គ្មាន​ប្រាក់​ខែ​១៦០​ដុល្លារ​

លោក សម រង្ស៊ី ចូល​រួម​ជា​មួយ​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​ទាម​ទារ​​តម្លើង​ប្រាក់​ខែ ​(រូបភាពពីfacebook)
លោក សម រង្ស៊ី ចូល​រួម​ជា​មួយ​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​ទាម​ទារ​​តម្លើង​ប្រាក់​ខែ ​(រូបភាពពីfacebook)
១៨ នាទី

លោក សម រង្ស៊ី បាន​ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទី​ដែល​​​មាន​បាតុកម្ម​របស់​កម្មករ​កាត់ដេរ​ជាច្រើន​ថ្ងៃ​មកហើយ។ នៅ​ទីនោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់ក​ម្មករ​ មិនអោយ​ពួកគេ​ចូលធ្វើការ ប្រសិនបើ​ថៅកែ​មិន​ព្រម​ដំឡើង​ប្រាក់ខែ​អោយ​ពួកគេ​ ដល់១៦០ដុល្លារ។ ចំពោះ​ប្រធាន​មន្ទីរ​ការងារ​ខេត្តស្វាយរៀង​ នេះ​ជា​អាកប្បកិរិយា«បញ្ឆេះ»កម្មករ ដែល​អ្នកនយោបាយ​រូបនេះ​«មិនគួរ»​ធ្វើ។ ​

ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី បាន​បន្ត​ដើរ​កៀង​គរ​បាតុករ នៅតាម​ខេត្ត​ទៀត ដើម្បីឱ្យ​ពួកគេ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ការបោះឆ្នោត​ឡើងវិញ និង​ការចុះ​ចេញ​ពី​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ បាន​ទៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ជាទី​ដែល​កម្មក​រោងចក្រ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត់​ធេ​ន និង​តាយសេង ប្រមាណ២ម៉ឺន៥ពាន់​នាក់ បានធ្វើ​បាតុកម្ម ទាមទារ​ការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំខែ តាំងពី​ថ្ងៃទី១៦ធ្នូ។

នៅ​ម៉ោង​ប្រមាណ​ជា៩ព្រឹក មេដឹកនាំ​បក្សប្រឆាំង​កម្ពុជា​បាន​ថ្លែង​ទៅកាន់​កម្មករ​ប្រហែល១ម៉ឺននាក់​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើយ៉ាងណា​ឱ្យ​កម្មករ កម្មការិនី«គ្រប់​រោងចក្រ​ទូទាំងប្រទេស ទទួល​ប្រាក់ខែ​គោល យ៉ាងតិច១៦០ដុល្លារ​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ២០១៤ទៅ»។

លោក សម រង្ស៊ី ដែល​បាន​ដឹកនាំ​មហា​បាតុកម្ម​របស់​មនុស្ស«កន្លះ​លាន​នាក់»នៅ​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​បន្តថា «នៅ​ភ្នំពេញ គេ​ទាមទារ​ជិត​បាន​ហើយ។ នៅ​ស្វាយរៀង​គង់តែ​បានទេ»។ «សូមឱ្យក្មួយៗកម្មករ​ទាំងអស់​ឈប់​ធ្វើការ​ចាប់ពី​ថ្ងៃស្អែក​ទៅ លុះត្រាតែ​បាន១៦០ដុល្លា​ក្នុង​មួយខែ ចាំ​ចូលធ្វើការ​វិញ» នេះ​ជាការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ចំពោះ​កម្មករ​នៅ​ខេត្តស្វាយរៀង ដែល​ចេះតែ​ចេញមក​ទទួល​អ្នកនយោបាយ​រូបនេះ ច្រើនឡើងៗ ទៅតាម​កម្ពស់​ព្រះអាទិត្យ។

ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​រិះគន់​លោក សម រង្ស៊ី ថា​មិនគួរ​មក«បញ្ឆេះ​ថែម​លើក​ការទាមទារ»របស់​កម្មករ​ឡើយ។ លោក ហាស់ ប៊ុន​ធី បាន​ថ្លែងថា ក្រុមកម្មករ​បាន«យល់ដឹង»ថា គណៈកម្មការ​ប្រឹក្សា​ការងារ ដែលមាន​តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ​ កំពុង​គិតគូរ​រឿងនេះ​ហើយ។ ម្យ៉ាងទៀត មន្ត្រី​ជំនាញ​រូបនេះ​បាន​អះអាងថា អាជ្ញាធរខេត្ត​ស្វាយរៀង បាន​ផ្សព្វផ្សាយ​អំពី​ការរៀបចំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ ឱ្យ​បាតុករ​បានដឹង​រួចហើយ​ដែរ។ លោក ហាស់ ប៊ុន​ធី សង្កត់ធ្ងន់ថា រឿង​ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករ​ គឺជា​រឿង«បច្ចេកទេស ក្នុង​វិស័យ​សង្គមកិច្ច និង​សេដ្ឋកិច្ច​សុទ្ធសាធ មិនមែនជា​រឿង​នយោបាយ​ទេ»។

ជំហរ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទំនងជា​សម្ពាធ​បន្ថែម​ទៅលើ​រដ្ឋាភិបាល​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ពិភាក្សា​ដោះស្រាយ​បញ្ហានយោបាយ​ជាមួយ​គណបក្សប្រឆាំង​​នៅពេល​ខាងមុខ ដូចដែល​លោក​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ខេត្តស្វាយរៀង​បាន​យល់ឃើញ។ នៅពេលនេះ ទាំង​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ទាំង​លោក សម រង្ស៊ី បានឱ្យដឹងថា សហព័ន្ធ​សហជីព​កម្មករធំៗបួន នៅ​កម្ពុជា បានសម្រេច កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា នឹងធ្វើ​ពហិការ​មិន​ចូលធ្វើការ បើ​លទ្ធផល​​នៃ​ការប្រជុំ នៅ​ថ្ងៃ​អង្គារ​ស្អែក របស់​គណៈកម្មការ​ប្រឹក្សា​ការងារ មិន​ឆ្លើយតប​ទៅតាម​ការទាមទារ​រប​ស់កម្មករ​រោងចក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ