អានតួអត្ថបទ
កម្ពុជា

បក្សប្រឆាំង​​ប្រកាស​​ធ្វើ​​បាតុកម្ម​​ តែ​​មិនមែន​​ដើម្បី​​ផ្តួល​​រំលំ​​រដ្ឋាភិបាល​​ទេ​

លោក សម រង្ស៊ី ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ សីហានេះ
លោក សម រង្ស៊ី ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ សីហានេះ Siv Channa/RFI
ដោយ៖ ប៉ែន បូណា
1 នាទី

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​​មួយ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មហា​បាតុកម្ម​នឹង​ត្រូវ​ធ្វើនៅ​ថ្ងៃទី​ ៧​​កញ្ញា​​ខាង​មុខ​ ប្រសិន​បើ​គណបក្ស​​ប្រជាជន​កម្ពុជា​មិន​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​​មួយ​​ ដើម្បី​ស៊ើប​អង្កេត​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ទេ។​ យ៉ាងណា​ក៏ដោយ​ ប្រមុខ​បក្ស​ប្រឆាំង​បញ្ជាក់​ថា​ នោះមិន​មែន​ជា​បាតុកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​កាសែត​ដែល​បើក​ធ្វើ​នៅ​ព្រឹក​មិញ​នេះ​ នៅ​ឯ​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ចាក់អង្រែ ​លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​ប្រកាស​​ថា​ មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ​​​នឹ​ង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៧ ​កញ្ញា​ខាង​មុខ។​ បាតុកម្ម​នេះ​នឹង​រៀបចំ​ឡើង​មួយ​ថ្ងៃ ​មុន​​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​របស់ ​គ.ជ.ប។​

ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ ​គណបក្ស​សង្គ្រោះជាតិ​​គ្រោង​នឹង​បើក​ការហ្វឹកហាត់​ជាមុន​ដល់​ក្រុម​បាតុករ​របស់​ខ្លួន​ អំពី​របៀប​ធ្វើ​បាតុកម្ម​ដោយ​​អហិង្សា​ និង​អំពី​របៀប​ការពារ​ខ្លួន​ក្នុង​ករណី​ដែល​មាន​ការបង្ក្រាប។​ ការហ្វឹកហាត់​ដែល​គ្រោង​ធ្វើនៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​​នោះ​នឹង​មាន​ជំនួយ​ពី​ក្រុម​អ្នក​ជំនាញ​ផង​ដែរ។ ​នេះ​បើយោង​តាម​លោក​ សម រង្ស៊ី។​

ប៉ុន្តែ ​មុន​នឹង​ឈាន​ដល់​បាតុកម្ម​នោះ​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទទូច​ឲ្យ​មាន​ការចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​​មួយ​​ទៅ​ជូន​លោក ​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​ សីហា​ ដើម្បី​ស្នើឲ្យ​មាន​ជំនួប​​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ។​

ប៉ុន្តែ ​ជំនួប​នោះ​ហាក់​នៅ​មិន​ទាន់​មាន​ពន្លឺ​អ្វី​នៅ​ឡើយ​ទេ។ ​លោក​ ឈាង ​វុន​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់អំណាច​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ​គណបក្ស​ប្រជាជន​បាន​ប្រកាស​ចេញ​យន្តការ​ជាច្រើន​ដើម្បី​ជជែក​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។ ​ប៉ុន្តែ​ ការជជែក​កន្លង​ទៅ​ មិន​បាន​លទ្ធផល​អ្វី​ឡើយ។​

ក្នុង​ករណី​ដែល​មាន​បាតុកម្ម​ផ្ទុះ​ឡើង​ លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ថា​ គឺ​មិន​មែន​ជាបាតុកម្ម​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។ ​បាតុកម្ម​នោះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ​ការបញ្ជាក់បែបនេះបាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ចែក​ផ្សាយ​ឯកសារ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​​ថា​ លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​អំពាវនាវ​ឲ្យ​មាន​មហាបាតុកម្ម​ ដើម្បី​ផ្តួលរំលំ​​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។ ​ឯកសារ​​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​ដល់​ស្ថានទូត​​បរទេស ​និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ជាច្រើន​។

លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស ​ធ្លាប់​បាន​ប្រាប់​​វិទ្យុបារាំង​អន្តរជាតិ​ថា ​រដ្ឋាភិបាល​នឹង​គោរព​ពេញទី​ចំពោះ​បាតុកម្ម​អហិង្សា ​ប៉ុន្តែ ​ប្រសិន​បើ​បាតុកម្ម​នោះ​បែរ​ទៅ​ជា​បង្ក​ភាព​វឹកវរ​ និង​ប៉ះពាល់​ដល់​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​នោះ​ អាជ្ញាធរ​ត្រូវតែ​​ចាត់វិធានការ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ