កម្ពុជា

បក្សប្រឆាំង​ទាំងពីរ​ផ្តើម​ជួប​សកម្មជន​មូលដ្ឋាន​និយាយ​ពី​ការ​រួបរួមគ្នា

លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន samrainsyparty.org

ក្រោយពី​ការបង្កើត​ចេញ​ជា​រូបរាង​កាលពី​ថ្ងៃទី១៧កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន “ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ” គណបក្សប្រឆាំង​បានប្រកាសថា នឹង​រៀបចំ​ពិធី​ជួបជុំគ្នា​មួយ​នៅ ថ្ងៃទី៣០កក្កដា​ខាងមុខនេះ​នៅ​ភ្នំពេញ។ កិច្ចប្រជុំ​ជា​លើកដំបូង​នេះ​មាន​គោលដៅ​បង្ហាញ​ស្មារតី​រួបរួមគ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដល់​សកម្មជន​ថ្នាក់ក្រោម​របស់ខ្លួន។ គណបក្សកាន់អំណាច​អះ​អាង​ថា​មិន​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

“ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ” ដែល​បង្កើតឡើង​ដោយ​គណបក្សប្រឆាំង​ទាំងពីរ​បានប្រកាស​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ​ពី​ការជួបជុំ​លើកដំបូង​មួយ​នៅ​ថ្ងៃទី៣០កក្កដា នៅ​ទីក្រុង​ភ្នំពេញ។ លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ជំនួប​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ នឹងមាន​អ្នកចូលរួម ៣០០ នាក់​ ដែល​សុទ្ធសឹង​ជាម​ន្ត្រី​ថ្នាក់​ខេត្ត និង​ថ្នាក់ឃុំ​សង្កាត់​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។

បើ​យោងតាម​លោក​កឹម សុខា គោលដៅ​នៃ​ពិធី​ជួបជុំគ្នា​នោះ​គឺ​ដើម្បី​ពន្យល់​ដល់​មន្ត្រី​ថ្នាក់កណ្តាល​និង​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​ទាំងពីរ ​អំពី​ស្មារតី​នៃ​ការបង្រួបបង្រួម​គ្នា។ កិច្ចប្រជុំ​នោះ​ក៏​ត្រូវគេ​គ្រោង​នឹង​លើក​យុទ្ធសាស្ត្រ​មួយចំនួន​ សម្រាប់​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​អនុវត្ត​ផងដែរ។ លោក​សម រង្ស៊ី ដែល​អវត្តមាន​ពី​ប្រទេស​ជា​យូរ​មកហើយ​នោះ ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​តាមរយៈ Video Conference។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ត្រូវបាន​ប្រកាសឡើង​ កាលពី​ថ្ងៃទី១៧កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ជំនួប​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដើម្បី​ពិភាក្សា​អំពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង។ ការបង្កើត​ចលនា​នេះ​ឡើង​ត្រូវបាន​គេ​ពន្យល់ថា មាន​គោលដៅ​រួមគ្នា​បង្កើត​គណបក្ស​តែមួយ​នៅក្នុងពេលឆាប់ៗនេះ ​ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​គណបក្សកាន់អំណាច​នៅក្នុង​ការបោះឆ្នោតជាតិ ​នា​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ។

ប៉ុន្តែ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​ក្រុមអ្នកកាសែត ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការរួបរួម​គ្នា​រវាង​គណបក្សប្រឆាំង​ទាំងពីរ​ទំនងជា​មិនអាច​ទៅរួច​ទេ ពី​ព្រោះតែ​មេដឹកនាំ​ទាំងពីរ​មាន​ក្តី​សុ​បិ​ន្ត​ខុសពី​គ្នា។ ម្យ៉ាងទៀត លោក​បាន​មើលឃើញថា ការរួបរួម​របស់​ប​ក្ស​ប្រឆាំង​មិនមែនជា​ការព្រួយបារម្ភ​របស់​គណបក្សកាន់អំណាច​ទេ ផ្ទុយទៅវិញ ប្រសិនបើ​មាន​ដៃគូ​ប្រជែង​មួយ​ខ្លាំង វា​នឹង​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កាន់តែ​ខិតខំ​ប្រឹងប្រែង​ថែមទៀត។

យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ហាក់ដូចជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ ដើម្បី​ក្លាយជា​គូប្រជែង​ពិតប្រាកដ​របស់​គណបក្ស​កាន់អំណាច។ លោក​កឹម សុខា គ្រោង​នឹង​ចេញទៅ​ក្រៅប្រទេស​នៅ​សប្តាហ៍​ក្រោយនេះ​ ដើម្បី​បំពេញការងារ​ចាំបាច់​មួយចំនួន ​ក្នុងនោះ​ក៏មាន​ការ​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ឲ្យ​លោក​សម រង្ស៊ី បាន​ចូលរួម​បោះឆ្នោត​ផងដែរ។ លោក​បាន​ប្រាប់​ឲ្យ​ដឹងថា ការបោះឆ្នោត​ដែលមាន​ការចូលរួម​ពី​គ្រប់​មេដឹកនាំ​បក្សនយោបាយ​គឺជា​បេសកកម្ម​ចម្បង​របស់​គណបក្សប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI