គណបក្សសង្គ្រោះជាតិប្រកាសបញ្ឈប់ការចរចា ហើយនឹងធ្វើបាតុកម្មជាថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយការចរចាកាលពីថ្ងៃទី១០មីនា ដើមសប្តាហ៍ដោយមិនបានសម្រេចលទ្ធផលអ្វីនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ មីនានេះ បានប្រកាសបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយថា បាតុកម្មទ្រង់ទ្រាយធំនឹងផ្ទុះឡើងវិញ។ លោក សម រង្ស៊ីអះអាងថា គណបក្សសង្គ្រោះជាតិនឹងវិលចូលតុចរចាឡើងវិញប្រសិនបើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានកែទម្រង់តាមការទាមទារបស់បក្សខ្លួន។ ដោយឡែកគណបក្សកាន់អំណាចសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់មេបក្សប្រឆាំងដែលទាត់ចោលតុចរចា និងជ្រើសរើសយកបាតុកម្មនោះ។
ស្ថានការណ៍នយោបាយនៅកម្ពុជាបានស្គាល់ភាពតានតឹងសាជាថ្មីវិញទៀតហើយនៅថ្ងៃទី១២ មីនានេះ។ ជាការតានតឹងនៅពេលដែលប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីបានប្រកាសបញ្ឈប់ការចរចាជាមួយបក្សកាន់អំណាច ហើយប្រកាសឱ្យមានបាតុកម្មទ្រង់ទ្រាយធំសាជាថ្មីម្តងទៀត។ ការប្រកាសបែបនេះត្រូវបានធ្វើឡើង នៅក្នុងវេទិការសាធារណៈនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។
ការប្រកាសទាត់ចោលតុចរចាជាមួយបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បែបនេះ គឺធ្វើឡើងភ្លាមៗពីរថ្ងៃក្រោយការចរចាគ្មានលទ្ធផលផ្លែផ្ការវាងក្រុមគណៈកម្មការចម្រុះនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១០ មីនាកន្លងទៅ។
ថ្លែងដោយមានសំឡេងទះដៃគាំទ្រតាមពីក្រោយផងនោះ លោក សម រង្ស៊ី បានចោទគណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈស្មោះត្រង់ណាមួយដែលចង់ឱ្យមានកំណែទម្រង់ស្ថាប័នការបោះឆ្នោតនោះទេ ហើយថា ជម្រើសរបស់គណបក្សសង្គ្រោះជាតិ គឺគ្មានអ្វីក្រៅពីបាតុកម្មនោះឡើយ។
ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ សមាជិកគណកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ គណបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតជាផ្លូវការជូនគណបក្សប្រជាជនដើម្បីឱ្យដឹងច្បាស់ថាតើគណបក្សប្រជាជននឹងលើកយកបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោត ជារបៀបវារៈនៃការចរចាថ្ងៃទី១៧ មីនាឬយ៉ាងណា។ លោក ម៉ៅ មុនីវណ្ណ សង្កត់ធ្ងន់ថា បើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយពីគណបក្សកាន់អំណាចនោះទេ គណបក្សសង្គ្រោះជាតិនិងផ្តាច់ផ្លូវចរចា ហើយធ្វើបាតុកម្ម។
គណបក្សប្រជាជនកម្ពុជាវិញដែលជាដៃគូចារចាជាមួយគណបក្សសង្គ្រោះជាតិ បានអះអាងថា ខ្លួនមានការសោកស្តាយដែលប្រធានគណបក្សសង្គ្រោះជាតិទាត់ចោលតុចរចា និងជ្រើសរើសបាតុកម្មដើរតាមដងផ្លូវជំនួសវិញ។ តាមរយៈលោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃការរិយាល័យនយោបាយគណបក្សប្រជាជន បានស្នើឱ្យគណបក្សសង្គ្រោះជាតិវិលចូលសភា ហើយតស៊ូមតិក្នុងសភាជាការប្រសើរជាង។
អ្នកវិភាគស្ថានការណ៍នយោបាយ លោក បណ្ឌិតសុខ ទូច បានស្តីបន្ទោសគណបក្សទាំងពីរថា រាល់ការចរចាជាមួយគ្នាតែងតែប្រើស្នៀតដាក់គ្នាដូចជាការលើកយកលេសបញ្ហាសញ្ជាតិតែមួយជាដើម ដែលធ្វើឱ្យដៃគូរនយោបាយដើរចេញពីតុចរចា។ ការទាត់ចោលតុចរចាស្តីពីកំណែទម្រង់ការបោះឆ្នោត ដែលជាចំណុចគន្លឹះនៃវិបត្តនយោបាយនៅកម្ពុជានោះ លោក បណ្ឌិតសុខ ទូច ពន្យល់ថា អ្នកនយោបាយទាំងពីរគណបក្សមិនបានគិតគូរពីផលប្រយោជន៍របស់ជាតិធំជាងគណបក្សរបស់ខ្លួននោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ