អាមេរិក

អាមេរិក​បញ្ជូន​យាន​អវកាស​គ្មាន​មនុស្ស​បើក​ទៅ​សិក្សា​អាចមន៍​ផ្កាយ

រូបភាព​​បង្ហាញ​ពី​យានអវកាស​ Osiris-Rex.
រូបភាព​​បង្ហាញ​ពី​យានអវកាស​ Osiris-Rex. NASA/Handout via Reuters

យប់ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​ណាសា​បានបញ្ជូន​យានអវកាស​គ្មានមនុស្ស​បើក​មួយគ្រឿង ឈ្មោះថា Osiris-Rex ធ្វើដំណើរ​ឆ្ពោះ​ទៅរក​​​អាចមន៍ផ្កាយ​ឈ្មោះថា បេននូ Bennu ដើម្បី​​យក​កំទេច​អាចមន៍ផ្កាយនោះ​​ ​​ត្រលប់​មកភពផែនដីវិញ។ តាមគម្រោង យានអវកាស​​ Osiris-Rex ត្រូវទៅដល់​​អាចមន៍​ផ្កាយ​បេននូ ក្នុង​​ពេល​២ឆ្នាំខាងមុខ គឺ​នៅ​ខែសីហា ឆ្នាំ២០១៨។ 

ផ្សាយពាណិជ្ជកម្ម

យានអវកាស​គ្មានមនុស្ស​បើក Osiris-Rex​ មាន​បេសកកម្ម​នាំយក​កំទេច​កំទីថ្ម រឺ​ធូលី​ផ្សេងៗ​ របស់​​អាចមន៍ផ្កាយ​បេននូ ត្រលប់​មក​ភពផែនដី​វិញ។ កំទេច​អាចមន៍ផ្កាយ​ទាំងនេះ សំបូរ​ដោយសារ​ធាតុ​កាបោន ​អាចជួយ​អោយ​អ្នកវិទ្យាសាស្ត្រ​ស្វែងយល់​​ពី​ដើមកំណើត ការករកើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ និង​​ការករកើត​នៃ​ជីវិត។

​​ក្នុង​បេសសកកម្ម​ ​យានអវកាស​ Osiris-Rex ​មាន​​​​ដៃប្រវែង​៣ម៉ែត្រ ប្រើ​សម្រាប់​​​យក​​កំទេច​អាចមន៍​ផ្កាយ។ អង្គការ​ណាសាគិតថា យាន​អវកាស​នេះ​អាច​​​នាំយក​កំទេច​អាចមន៍ផ្កាយ​ប្រមាណ​ពី​៦០ក្រាម ដល់​​២គីឡូក្រាម ត្រលប់​ម​ក​ផែនដី​វិញ។ ​នេះជា​បរិមាណ​​ច្រើនគួរសម​ គិតតាំង​ពី​ពេល​អង្គការណាសា ​បញ្ចេញ​កម្មវិធី​អាប៉ូឡូ ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ​១៩៧២ ជួយអោយ​ក្រុមអវកាស​នាំ​​​កំទេចថ្ម​​ឋានព្រះច័ន្ទ​ សរុប​ប្រមាណ​៣៦២គីឡូក្រាម មក​ផែនដី។

អាចមន៍ផ្កាយ​បេននូ​មានទំងន់​ប្រមាណ​៧៧លាន៦សែនតោន មាន​ចំងាយ​ប្រមាណ​​ពីជិត​៥សែន​គីឡូម៉ែត្រ​​ ទៅ៣៤៤លានគីឡូម៉ែត្រពី​ភពផែនដី។ ​បេននូ​ធ្វើដំណើរ​ជុំវិញ​ព្រះអាទិត្យ ហើយ​រៀងរាល់​៦ឆ្នាំម្តង បេននូ​ស្ថិត​នៅក្បែរ​ភពផែនដីយើង ក្នុង​ចំងាយ​ប្រហែល​​នឹង​ចំងាយ​ពីផែននដី​ទៅ​ឋាន​ព្រះច័ន្ទ​ដែរ។

ណាសា​​គិតដែរថា អាចមន៍ផ្កាយ​បេននូ អាច​នឹង​ប៉ះទង្គិច​ជាមួយ​ផែនដី រវាង​​ឆ្នាំ២១៧៥ និង​ឆ្នាំ​២១៩៦ តែ​​លទ្ធភាព​នៃ​ការប៉ះទង្គិច​នេះ មាន​តិចតួច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI