Oxfam ស្នើឲ្យក្រុមហ៊ុន Coca និង PepsiCo ចាត់វិធានការឈប់រំលោភយកដីនៅកម្ពុជា
អង្គការ Oxfamរបស់ប្រទេសអង់គ្លេស នៅថ្ងៃពុធនេះ បានស្នើទៅក្រុមហ៊ុនភេសជ្ជៈធំៗពីរ គឺក្រុមហ៊ុន Coca-Cola និងPepsiCo ត្រូវតែដាក់សំពាធទៅក្រុមហ៊ុនផលិតស្ករនានា អោយបញ្ឈប់ការរឹបអូសយកដីធ្វើពាណិជ្ជកម្មស្ករ នៅប្រទេសមួយកម្ពុជា និងប្រទេសប្រេស៊ីល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាគមសប្បុរសធម៌របស់អង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា ក្រុមហ៊ុនភេសជ្ជៈ និងក្រុមហ៊ុនផ្គត់ផ្តង់អាហារអង់គ្លេស បានបរាជ័យ ក្នុងការទប់ស្កាត់ការរំលោភដីធ្លី ដែលបានកើតឡើងដោយសារពាណិជ្ជកម្មស្ករជាសកល។ នេះបើយោងតាមទីភ្នាក់ងារបារាំងAFP ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
នាយកប្រតិបត្តិអង្គការ Oxfam លោកស្រី Winnie Byanyima បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏នោះថា ខណៈស្ករជាសារធាតុសំខាន់សម្រាប់សុខភាពមនុស្ស វាក៏កំពុងក្លាយជាបញ្ហាដ៏ល្វីងជូរចត់នៃការរឹបអូសយកដីធ្លី ក្នុងប្រទេសមួយចំនួន ដូចជាកម្ពុជា និងប្រេស៊ីលផងដែរ។ លោកស្រី Winnie បានបន្តថា ការពិតក្រុមហ៊ុន Coca-Cola និង PepsiCo និងក្រុមហ៊ុនផ្គត់ផ្គង់អាហាររបស់អង់គ្លេស ជាអ្នកផលិត និងទិញស្ករធំជាងគេនៅលើពិភពលោក។ ប៉ុន្តែពួកគេមិនមានវិធានការ ត្រួតពិនិត្យឲ្យច្បាស់លាស់ថា ស្ករដែលពួកគេបញ្ជាទិញមកនោះ មិនត្រូវបានផលិតចេញពីរោងចក្រដែលរំលោភយកដីពីសហគមន៍ក្រីក្រនោះទេ។ ប្រធានអង្គការ Oxfam បន្តថា ក្រុមហ៊ុនទាំង៣នេះជាក្រុមហ៊ុន ដែលមានឥទ្ធិពលខ្លាំង ដូច្នេះប្រសិនបើពួកគេ មានវិធានការណាមួយនោះ ពួកគេប្រាកដជាអាចធ្វើអោយមានការផ្លាស់ប្តូរបាន។
របាយការណ៏ ដែលមានចំណងជើងថា «គ្មានទេជាតិផ្អែម ដោយកើតចេញពីការរឹបអូសដីគេ» បានរៀបរាប់ថាមានស្រុកមួយ នៅភាគខាងត្បូង ប្រទេសកម្ពុជា មានប្រជាជន២០០គ្រួសារ ត្រូវបានក្រុមហ៊ុនផលិតស្ករមួយ ដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុនអង់គ្លេសឈ្មោះ Tate&Lyle រំលោភយកដីពួកគេ នៅឆ្នាំ ២០០៦ ហើយក្រុមហ៊ុននោះ ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ស្ករឲ្យក្រុមហ៊ុន Coca-Cola និង PepsiCo ផងដែរ។
ចំនែកនៅប្រទេសប្រេស៊ីល អំពើហិង្សាដីធ្លី ដែលកើតចេញពីក្រុមហ៊ុនផលិតស្ករ ក៏បានធ្វើឲ្យប៉ះពាល់ដល់ សហគមន៏នេសាទនៅ ភាគខាងជើងនៃរដ្ឋ Pernambuco តាំងពីឆ្នាំ ១៩៩៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ