រុស្ស៊ី-ប៉ាគីស្តង់

ជំនួប​កំពូល​រុស្ស៊ី-ប៉ាគីស្ថាន​នៅទីក្រុង​ម៉ូស្គូ

ប្រធានាធិបតី​រុស្ស៊ី​(ឆ្វេង) ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ាគីស្ថាន នៅទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ទី ១២ ឧសភា ២០១១
ប្រធានាធិបតី​រុស្ស៊ី​(ឆ្វេង) ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ាគីស្ថាន នៅទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ទី ១២ ឧសភា ២០១១ ©REUTERS

លោកប្រធានាធិបតី​ប៉ាគីស្តង់ Asif Ali Zardari ដែលម្សិលមិញ បាន​អញ្ជើញមក ដល់​ក្រុងម៉ូស្គូ នៅ​កិច្ច​ចរចា​ថ្ងៃនេះ ជាមួយ លោកប្រមុខរដ្ឋ​រុស្ស៊ី Dmitri Medvedev ផ្តោត ការយក ចិត្តទុកដាក់ ទៅលើ វិស័យនយោបាយផង សេដ្ឋកិច្ចផង។ ខាងនយោបាយ ម៉ូស្គូ ទទួលស្គាល់​វិភាគទាន​ដ៏​ហំហួន ដែល​ប៉ាគីស្តង់ រួម​ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ភេរវនិយម ដែលមាន​ប្រភព​ចេញ​មក​ពី អាហ្វហ្កានីស្ថាន។ ខាង​សេដ្ឋកិច្ច ជាលទ្ធផល​នៃ​កិច្ចចរចា គូភាគី​ចុះ​នឹង​គ្នា គឺ អនុស្សរណៈ​ដល់​ទៅ ៦ច្បាប់។

ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​នេះ​របស់ លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Asif Ali Zardari បាន​ញ៉ាំង​ឲ្យ កាសែត​ឥណ្ឌាឈ្មោះ “ The Hindu “ លេខថ្ងៃ​១១​ឧសភា ម្សិលមិញ ចេញ​អត្ថបទ ដែលមាន ន័យថា វិមាន​ក្រេមឡាំង ឥឡូវ​ចែករំលែក​ទំនាក់ទំនង​ខ្លួន ជាមួយ​ឥណ្ឌា​ផង-ប៉ាគីស្ថាន​​ផង។

ដូច​គេដឹង​ស្រាប់ ឥណ្ឌា​តែងជា​សម្ព័ន្ធមិត្ត​ដ៏ស្និទ្ធ​របស់​រុស្ស៊ី។ សម័យ​លោក ប្រធានាធិបតី ប៉ាគីស្ថាន Pervez Mucharraf រុស្ស៊ី​តែងបាន​សម្លឹង​មើល​ទៅ ប៉ាគីស្ថាន គឺ ដោយភ្នែក​របស់​ឥណ្ឌា ដែលជា​សត្រូវផ្ទាល់​នឹងប៉ាគីស្ថាន។ កាលណោះ ដើម្បីរៀបចំ​ទស្សនកិច្ច លោក Mucharraf នៅរុស្ស៊ី ទីក្រុងម៉ូស្គូ បាន​ចំណាយ​ពេល អស់ជា​ច្រើនឆ្នាំ។ លើកនេះ ការរៀបចំ​ទស្សនកិច្ច លោកប្រធានាធិបតី Zardari គឺ​បាន​ស៊ីពេល អស់តែ ៩ខែ ប៉ុណ្ណោះ។

មូលហេតុ គឺ​ដោយសារ​ប៉ាគីស្ថាន ត្រូវ​ម៉ូស្គូ​ទទួល​ស្គាល់​ថា ជា​អ្នកដើរ​តួធំ​ចំបង ក្នុង​ផែនការ របស់ រុស្ស៊ី ខាង​វាត​សកម្មភាព​ខ្លួន នៅតំបន់​អាស៊ីកណ្តាល និង​អាស៊ីខាងត្បូង និងខាង​ត្រៀមខ្លួន ទុក​ជាមុន​ស្រេច សម្រាប់​ជួប​នឹង​ស្ថានការណ៍​ថ្មី ក្រោយពី​កងកម្លាំង​អន្តរជាតិ នាំមុខ ដោយ​ស.រ.អា. ដកចេញ​ទៅវិញ ជាបណ្តើរៗ ពី​ប្រទេស​អាហ្វហ្កានីស្ថាន។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅប៉ាគីស្ថាន លោក Andrei Budnik ថ្លែង​ថា រុស្ស៊ី​ផ្តល់​អត្ថន័យ​យ៉ាងធំ​ដល់​សហប្រតិបត្តិការ ជាមួយ​ប៉ាគីស្ថាន ក្នុង​បញ្ហា​រៀបរយ​ស្ថានការណ៍ នៅ​អាហ្វហ្កានីស្ថាន ដោយឈរ​លើ​ការយល់ឃើញ​ដូចគ្នា​ថា ការស្វែងរក​សន្តិភាព សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន​មិនមែន​ជា​សិទ្ធិ​ផ្តាច់មុខ របស់​កម្លាំង នៅក្រៅ បែបយ៉ាង​ស.រ.អា.ឡើយ។

ខាងវិស័យ​សេដ្ឋកិច្ច ជាលទ្ធផល នៃកិច្ចចរចា​ថ្ងៃនេះ ភាគី​រុស្ស៊ី និងប៉ាគីស្ថាន ចុះនឹង​គ្នា គឺ អនុស្សរណៈដល់ទៅ ៦​ច្បាប់ ស្តីអំពី​ការយោគយល់​គ្នា។ ក្នុង​នោះ មួយ​ច្បាប់ គឺចុះ​រវាង “ក្រុមប្រឹក្សា​ប៉ាគីស្ថាន​ខាង​វិនិយោគ” និង “ទីភ្នាក់ងារ​ជាតិ​រុស្ស៊ី ខាង​វិនិយោគ” សល់ពីនេះ គឺចុះ​រវាង​ក្រុមហ៊ុនរដ្ឋ និង​ឯកជន។ អនុស្សរណៈទាំង​នេះ ប៉ះលើ ៖
- ការធ្វើទំនើបកម្ម និងពង្រីក រោងចក្រ​ស្ល​ដែកថែប នៅក្រុងKarachi ដែល​ក្នុង​ទសវត្សរ៍​ទី​៧០ បាន​ត្រូវ​សង់ឡើង ដោយ​សហភាពសូវៀត។
- ការលក់​ខ្សែ​ផ្លូវដែក​របស់រុស្ស៊ី​ទៅឲ្យ​ប៉ាគីស្ថាន
- ការសហការគ្នា ជីកបូមប្រេងកាតនិងឧស្ម័ន
- ការផលិតថាមពលអគ្គិសនីរួមគ្នា
-- ការជីកធ្យូងថ្មរួមគ្នា
-- និងការសហការគ្នា វិស័យកសិកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI