ប៉ាគីស្ថាន​

ក្រុមជំនាញ​៖​ ​ប៉ាគីស្ថាន​​ប្រហែល​​កំពុង​​​សាងសង់​​ទីតាំង​នុយក្លេអ៊ែរ​​ថ្មី​មួយកន្លែង​​​

កងទ័ព​ប៉ាគីស្ថាន​
កងទ័ព​ប៉ាគីស្ថាន​ REUTERS/Faisal Mahmood

ប៉ាគីស្ថាន​ប្រហែល​ជា​កំពុង​សង់​ទីតាំង​នុយក្លេអ៊ែរថ្មីមួយ នៅ​ភាគខាងកើត​ក្រុង​អ៊ីស្លាម៉ាបាត។​​ នេះ​បើ​​យោងតាម​ក្រុមជំនាញ​​​ប្រទេស​លោក​ខាងលិច ដែលបាន​​នាំគ្នា​វិភាគ​ពី​រូបភាព​ផ្កាយ រណប​​​ថតបាន​កាលពី​ខែកញ្ញា ឆ្នាំ២០១៥ និង​ខែមេសា​ឆ្នាំ២០១៦នេះ។ ​ប៉ាគីស្ថាន​ត្រូវ​គេ​ស្គាល់ថា ជាប្រទេស​​មាន​ភាព​រីកចម្រើន​ផ្នែក​​អាវុធ​នុយក្លេអ៊ែរ​​ក្នុង​ពិភពលោក។ ​​

ផ្សាយពាណិជ្ជកម្ម

យោងតាម​រូបភាព​ផ្កាយរណប ដែល​ក្រុមជំនាញ​ការពារជាតិ​លោកខាងលិច បានវិភាគ​ក្នុងពេល​ថ្មីៗនេះ ​ប៉ាគីស្ថាន​ប្រហែលជា​កំពុង​សាងសង់​ទីតាំងចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​មួយកន្លែង នៅ​ក្រុង​កាហ៊ូតា ចំងាយ​៣០គីឡូម៉ែត្រ​ពីខាងកើត​ក្រុងអ៊ីស្លាម៉ាបាត។ ​

កន្លែង​​ដែលគេគិតថា ​ជាទីតាំង​​នុយក្លេអ៊ែរ​នេះ ​មានផ្ទៃដី​​១,២ហិចតា ​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយកន្លែង។ គួររំលឹកថា ប៉ាគីស្ថាន​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ច្រើនលើក​​​ កាលពី​ឆ្នាំ១៩៩៨។ ប៉ាគីស្ថាន​​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាង​ឥណ្ឌា អ៊ីស្រាអែល​ រឺ​ក៏កូរ៉េខាងជើង​ទៅទៀត។

បើ​យោងតាម​​របាយការណ៍​មូលនិធិ​ដើម្បី​សន្តិភាព​មួយ ចុះផ្សាយ​ឆ្នាំ២០១៥ ប៉ាគីស្ថាន​អាច​​បង្កើន​​ ក្បាលគ្រាប់​​នុយក្លេអ៊ែរ​ចំនួន​២០ ស្តុកទុក ​ក្នុង​មួយឆ្នាំៗ។ ​

បើសិន​ជាប៉ាគីស្ថាន​ពិតជា​កំពុង​សង់ទីតាំង​នុយក្លេអ៊ែរ​ពិតមែន ​ប៉ាគីស្ថាន​កំពុង​ដើរផ្ទុយ​ពី​​គោលការណ៍​​ក្រុមប្រទេស​​ផលិត​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ហៅកាត់ថា GFN។ ក្រុមនេះ​មាន​សមាជិក​​​៤៨ប្រទេស មាន​​គោលការណ៍​កាត់បន្ថយ​ការរីកសាយភាយ​នុយក្លេអ៊ែរ ​ដោយ​ធ្វើការ​​ត្រួតពិនិត្យ​ការនាំចេញ​សម្ភារ​និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ជាសម្ភារ​ដែលគេ​អាច​យក​ប្រើ​ក្នុង​ទិសដៅ​យោធា។ ​សព្វថ្ងៃ​នេះ ​ប៉ាគីស្ថាន​កំពុង​​ព្យាយាម​ចង់ធ្វើជា​សមាជិក​ក្រុមប្រទេស​GFN៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI