ប៉ាគីស្ថាន​

ភេរវកម្មអត្តឃាត​​​ចំនួន​​២​វាយប្រហារ​​ប៉ាគីស្ថាន​ សម្លាប់​​​មនុស្ស​​​​​១៤នាក់​

ទាហាន​ឈរ​យាម​តាមផ្លូវ ក្រោយ​ភេរវកម្ម​នៅ​សង្កាត់​អ្នកកាន់​គ្រិស្តសាសនា​កើតឡើង។
ទាហាន​ឈរ​យាម​តាមផ្លូវ ក្រោយ​ភេរវកម្ម​នៅ​សង្កាត់​អ្នកកាន់​គ្រិស្តសាសនា​កើតឡើង។ REUTERS/Fayaz Aziz

ភេរវកម្ម​ចំនួន​២​បានវាយប្រហារ​ភាគពាយព្យ​ប្រទេស​ប៉ាគីស្ថាន នៅព្រឹក​​ថ្ងៃសុក្រ​នេះ ​សម្លាប់​មនុស្ស​១៤នាក់ និងបង្ក​​របួស​រាប់សិប​នាក់។ ជា​​ភេរវកម្ម​​​វាយប្រហារ​​តុលាការ​​​ក្រុងម៉ាដាន់ និង​​​​​សង្កាត់​​អ្នកកាន់​សាសនា​គ្រិស្ត។ មិនទាន់​មាន​ក្រុមភេរវជន​ណា​ប្រកាស​ទទួលខុសត្រូវ​​ភេរវកម្ម​ទី១ទេ តែ​ក្រុមតាលីបង់​ប្រកាស​ទទួល ខុសត្រូវ​ភេរវកម្ម​ទី២។ ​ 

ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​ទី១​បាន​កើតឡើង នៅ​ពីមុខ​តុលាការ​ក្រុងម៉ាដាន់ ភាគខាងជើង​ប៉ាគីស្ថាន នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ។ ភេរវជន​អត្តឃាតមួយរូប​បាន​​​សម្រុក​ទៅកាន់​ទ្វារចូល​តុលាការ ហើយ​បាន​​ចោលគ្រាប់បែក​ដៃ​ច្រើនគ្រាប់​ មុននឹង​បំផ្ទុះគ្រាប់បែក​ដែល​លាក់​ក្នុង​​អាវ​​របស់ខ្លួន។ ភេរវកម្ម​នេះ​បានសម្លាប់​ប៉ូលិស​២នាក់ ស្មៀន និង​​មេធាវីច្រើននាក់។

៦០គីឡូម៉ែត្រ​ពី​ក្រុងម៉ាដាន់ ដែល​រងភេរវកម្ម​នេះ ភេរវកម្ម​មួយទៀត បាន​វាយប្រហារ​សង្កាត់​ក្រីក្រ​​របស់​ក្រុមអ្នកកាន់​សាសនា​គ្រិស្ត នៅ​ជិត​​​​​ក្រុងពេស្ហាវ៉ា ភាគខាងជើង​ប្រទេស។ ទាហាន​ប៉ាគីស្ថាន​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ បាញ់​ទៅវិញទៅមក​ជាមួយ​ក្រុមភេរវជន​តាលីបង់។ ​ភេរវជន​អត្តឃាត​​៤នាក់​ និង​អ្នកយាម​សង្កាត់​ម្នាក់​បាន​ស្លាប់​។ ​នាយករដ្ឋមន្ត្រី​ណាវ៉ា ស្ហារីហ្វ បាន​ថ្កោលទោស​ការវាយប្រហារ​នេះ។​

គួររំលឹក​ថា ឆ្នាំ២០១៦ ​ក្រុមតាលីបង់ប៉ាគីស្ថាន​​​ក៏​ធ្លាប់​វាយប្រហារ​ក្រុមគ្រិស្តសាសនិក សម្លាប់​មនុស្ស​៧៥នាក់ នៅ​ក្រុង​ឡាហរ ភាគកណ្តាលប្រទេស​ ​និង​វាយប្រហារ​ក្រុមមេធាវី​នៅក្រុង​​កេតា ភាគខាង​ត្បូង ​​សម្លាប់​មនុស្ស​៧៣នាក់។

សហគមន៍​​អ្នកកាន់​សាសនាគ្រិស្ត​ មេធាវី និងចៅក្រម​តែង​រងការ​វាយប្រហារ​ភេរវកម្ម។ ក្រុម​ប្រដាប់អាវុធ​ផ្សេងៗ ពិសេស​ក្រុមតាលីបង់​តែង​​វាយប្រហារ​តុលាការ រឺ​សាលារៀន ព្រោះ​ជា​ផ្ទាំងស៊ីប​ស្រួល​វាយប្រហារ​បំផុត។​ ខែធ្នូ​ឆ្នាំ២០១៤ ​ក្រុមតាលីបង់​បាន​វាយលុក​សាលារៀន​មួយកន្លែង ​នៅ​ក្រុងពេស្ហាវ៉ា ​ធ្វើអោយ​មនុស្ស​ជាង​១៥០នាក់​ បាត់បង់ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI