ប៉ាគីស្ថាន៖ ​អ្នកព្រួតគ្នា​វាយសម្លាប់​និស្សិត​ដោយ​ចោទ​ពីបទ​ប្រមាថ​សាសនា​ត្រូវ​តុលាការ​ចោទប្រកាន់

បណ្តាជន​នាំគ្នា​ធ្វើ​បាតុកម្ម​ កាលពីថ្ងៃ​សុក្រ ១៤ មេសា ២០១៧ ដើម្បី​ថ្កោលទោស​ចំពោះ​ការ​ព្រួតគ្នា​វាយសម្លាប់​និស្សិត ដោយចោទពីបទ​ប្រមាថសាសនា
បណ្តាជន​នាំគ្នា​ធ្វើ​បាតុកម្ម​ កាលពីថ្ងៃ​សុក្រ ១៤ មេសា ២០១៧ ដើម្បី​ថ្កោលទោស​ចំពោះ​ការ​ព្រួតគ្នា​វាយសម្លាប់​និស្សិត ដោយចោទពីបទ​ប្រមាថសាសនា REUTERS/Fayaz Aziz

កាលពីថ្ងៃ​សៅរ៍ តុលាការប៉ាគីស្ថាន​បាន​ធ្វើការ​ចោទប្រកាន់​មនុស្ស​ចំនួន ៨នាក់ ពីបទ​​ជាប់​​​ពាក់ព័ន្ធ​នឹង​សកម្មភាព​ព្រួតគ្នា​វាយសម្លាប់​និស្សិត​ម្នាក់ ដោយចោទ​ថា​បាន​ប្រមាថសាសនា។ ហេតុការណ៍​វាយសម្លាប់​និស្សិត​នេះ កំពុងតែ​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង កាល​ពីថ្ងៃ​ព្រហស្បតិ៍។ ម៉ាស្ហាល ខាន់ និស្សិត​ផ្នែក​សារព័ត៌មាន វ័យ ២៣ឆ្នាំ ត្រូវបាន​ក្រុម​និស្សិត​ដូចគ្នា​ព្រួត​វាយដំ​រហូតដល់ស្លាប់។ មូលហេតុ គឺ​ដោយសារ​តែ​គេ​ចោទប្រកាន់​​ម៉ាស្ហាល ខាន់ ថា​បាន​ប្រមាថ​សាសនា​អ៊ីស្លាម ក្រោយ​ពី​មាន​ការ​ជជែក​ដេញដោលគ្នា​យ៉ាង​តឹងសសៃ ក នៅ​ក្នុង​សកលវិទ្យាល័យ ទាក់ទង​នឹង​សាសនា។

គួរបញ្ជាក់ថា ប៉ាគីស្ថាន ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​លើសលុប​កាន់សាសនា​អ៊ីស្លាម ហើយ​ភាគច្រើន​ជា​អ្នក​ប្រកាន់គំនិត​អភិរក្ស​និយម មាន​ច្បាប់​ដាក់ទោស​ដល់​អ្នក​ប្រមាថ​សាសនា ដែល​អាច​ត្រូវ​ជាប់គុក​អស់មួយជីវិត ឬ​រហូត​ដល់​ប្រហារ​ជីវិត​ក៏មាន។

ក៏ប៉ុន្តែ ហេតុការណ៍​វាយសម្លាប់​និស្សិត​ម៉ាស្ហាល ខាន់ កាល​ពីថ្ងៃ​ព្រហស្បតិ៍ បាន​បង្ក​ឲ្យ​មាន​ការបរិហាររិះគន់​យ៉ាងខ្លាំងៗ​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស ក៏ដូចជា ក្រុម​អ្នក​មាន​គំនិត​សេរីនិយម​នៅ​ប៉ាគីស្ថាន។ សកម្មភាព​នេះ​មិនត្រឹមតែ​ជា​ការ​សម្លាប់​មនុស្ស​ក្រៅផ្លូវ​តុលាការ​តែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​រន្ធត់ និង​ហួសចិត្ត​ទៅទៀត គឺ​អ្នក​ដែល​ធ្វើ​សកម្មភាព​ព្រួត​វាយសម្លាប់​និស្សិត​នេះ គឺ​សុទ្ធសឹង​ជា​និស្សិត​ដូចគ្នា។ ជា​និស្សិត​ថ្នាក់​ឧត្តមសិក្សា ដែល​ទទួល​បាន​នូវការ​អប់រំ​ខ្ពស់ ហើយ​ដែល​គួរតែ​​ចេះ​គិត​ពិចារណា​ និង​មាន​គំនិតទូលាយ​។

គណៈកម្មការ​សិទ្ធិមនុស្ស​ឯករាជ្យ​របស់​ប៉ាគីស្ថាន​បាន​បរិហារ​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​របស់​ម៉ាស្ហាល ខាន់ ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​វែកមុខ​រក​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដ៏ឃោរឃៅ​នេះ​ ដើម្បី​នាំខ្លួន​យក​មក​កាត់ទោស​តាមច្បាប់។

ប៉ូលិស​ប៉ាគីស្ថាន​បាន​ឲ្យដឹង​ថា គិត​មក​ត្រឹម​នឹង​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ១២នាក់ ជាប់សង្ស័យ​ក្នុង​ការ​សម្លាប់​ម៉ាស្ហាល ខាន់ ហើយ​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ផ្សេងទៀត។ ចំណែក​ឯ​រដ្ឋអាជ្ញា​វិញ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ១២នាក់ ដែល​ត្រូវ​ចាប់ខ្លួន មាន ៨នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តុលាការ​ ហើយ​ត្រូវ​ចោទ​ប្រកាន់​ជាផ្លូវការ​ពីបទ​មនុស្សឃាត និង​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI