អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាធិបតេយ្យ​នៅ​ប៉ាគីស្ថាន​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់?

សំឡេង ០៤:២៤
ក្រុម​សង្គមស៊ីវិល​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ដែល​ចេញដីកា​ចាប់នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន
ក្រុម​សង្គមស៊ីវិល​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ដែល​ចេញដីកា​ចាប់នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន REUTERS/Mani Rana
ដោយ៖ សេង ឌីណា
២៨ នាទី

វិបត្តិ​នយោបាយ​នៅ​ប៉ាគីស្ថាន​បាន​ចាប់ផ្តើម​កក្រើក​ឡើងវិញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ បាតុករ​ដឹកនាំ​ដោយ​ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម​បាន​នាំគ្នា​ទាមទារ​ឲ្យ​រំលាយសភា។ ក្នុងពេល​ជាមួយគ្នា តុលាការ​កំពូល​ចេញ​ដីកា​ចាប់ខ្លួន​នាយករដ្ឋមន្រ្តី ដោយ​ចោទពីបទ​ពុករលួយ។ ភាពស្មុគស្មាញ​នៅ​ក្នុង​ឆាក​នយោបាយ​ប៉ាគីស្ថាន​ កំពុងតែ​បង្ក​អស្ថិរភាព​ដល់​រដ្ឋាភិបាល​ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត ហើយ​នៅ​ចុងបញ្ចប់ គឺ​លទ្ធិប្រជាធិបតេយ្យ​ ដែល​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធម្មតា គេ​អាច​និយាយ​បាន​ថា អំណាច​ធំបំផុត គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រជាពលរដ្ឋ។ អំណាច​របស់​ពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​រយៈការ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាងរាស្រ្ត និង​ប្រមុខដឹកនាំ​អំណាច​នីតិប្រតិបត្តិ។ នៅ​ក្នុង​ន័យ​នេះ រដ្ឋាភិបាល និង​សភា ដែល​កើតចេញ​ពី​ការ​បោះឆ្នោត គឺ​ជា​អ្នក​ដែល​មាន​អំណាច​ស្របច្បាប់ ក្នុងការ​ដឹកនាំ​ប្រទេស រហូតដល់​ពេល​​ពលរដ្ឋ​ធ្វើការ​សម្រេចផ្លាស់ប្តូរ។

នេះ​គឺ​ជា​ដំណើរការ​ប្រជាធិបតេយ្យ​ជា​ធម្មតា ដែល​គេ​សង្កេតឃើញ​ជាទូទៅ។ ក៏ប៉ុន្តែ នៅប៉ាគីស្ថាន ឆាកនយោបាយ​មាន​សភាព​ស្មុគស្មាញ​ខុសពីធម្មតា ដោយ​គេ​សង្កេតឃើញមាន​តួអង្គ​​ច្រើន ដែល​​កំពុង​តែ​ប្រជែង​អំណាច​គ្នា៖ រដ្ឋាភិបាល ដែល​កើតចេញ​ពី​ការ​បោះឆ្នោត, កងទ័ព, ក្រុមមេដឹកនាំ​សាសនា និង​តុលាការ។

គួរបញ្ជាក់ថា ចាប់តាំង​ពី​ប៉ាគីស្ថាន​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស និង​ផ្តាច់ចេញ​ពី​ឥណ្ឌា នៅ​ឆ្នាំ​១៩៤៧ ប៉ាគីស្ថាន​​ភាគច្រើន​ត្រូវ​ដឹកនាំ​ដោយ​អំណាច​យោធា។ ការ​ដណ្តើម​អំណាច​តាមរយៈ​រដ្ឋប្រហារ គឺ​ជា​រឿង​ដែល​តែងតែ​កើតមាន​ជារឿយៗ ហើយ​គេ​មិនដែល​ឃើញ​មាន​រដ្ឋាភិបាល​ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ អាច​កាន់អំណាច​រហូត​ដល់​ចប់​អាណត្តិ​ពេញលេញ​នោះទេ។

រដ្ឋាភិបាល​ប៉ាគីស្ថាន​បច្ចុប្បន្ន​ គឺ​ជា​រដ្ឋាភិបាល​ស៊ីវិល ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ កាល​ពី​ឆ្នាំ​២០០៨ ហើយ​បិទបញ្ចប់​របបយោធា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ Pervez Musharraf។ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ រំពឹង​ចង់ឃើញ​រដ្ឋាភិបាល​ប៉ាគីស្ថាន​បច្ចុប្បន្ន​នេះ​អាច​កាន់អំណាច​រហូតដល់​ចប់​អាណត្តិ ៥ឆ្នាំ​របស់​ខ្លួន ដើម្បី​ឲ្យ​ប៉ាគីស្ថាន​អាច​ស្គាល់​រសជាតិ​អំណាច​ប្រជាធិបតេយ្យ​មួយអាណត្តិ​ពេញលេញ​បាន​ម្តង និង​ដើម្បី​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​អាច​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​ដែល​មាន​វប្បធម៌​រដ្ឋប្រហារ​មួយនេះ។

តាមការពិត បើ​គេ​សង្កេតមើល​ជារួម​ទៅ តាំង​ពី​បាន​ជាប់ឆ្នោត កាល​ពី​ឆ្នាំ​២០០៨​មក រដ្ឋាភិបាល​ស៊ីវិល​ប៉ាគីស្ថាន​ហាក់ដូចជា​មិនមាន​ឥទ្ធិពល ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​បាន​ពេញលេញ​នោះទេ ដោយសារ​តែ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជារឿយៗ​ជាមួយ​នឹង​មេដឹកនាំ​យោធាផង និង​ជាមួយ​តុលាការ​កំពូល​ផង។

តាម​ច្បាប់ រដ្ឋាភិបាល​ប៉ាគីស្ថាន​​ត្រូវ​ជា​អ្នក​គ្រប់គ្រង​កងទ័ព ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​​រដ្ឋាភិបាល​មិន​ដែល​បាន​​គ្រប់គ្រង​អំណាច​ទ័ព​នៅ​ក្នុង​ដៃ​ពេញលេញ​នោះទេ។ ការ​មិន​ទុកចិត្ត​គ្នា​រវាង​មេដឹកនាំ​ស៊ីវិល និង​មេដឹកនាំ​កងទ័ព ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ប៉ាគីស្ថាន​​ស្ថិត​ក្នុង​អស្ថិរភាព​ជាប់ជា​ប្រចាំ ដោយ​បារម្ភ​ខ្លាច​មាន​រដ្ឋប្រហារ ដែល​អាច​កើតមាន​ឡើង​គ្រប់ពេល។

កាលពីថ្ងៃ​អង្គារ ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម​ប៉ាគីស្ថាន​បាន​ដឹកនាំ​បាតុកម្ម​​ដែល​មាន​អ្នក​ចូលរួម​រាប់សិបម៉ឺននាក់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយសភា ហើយ​រៀបចំ​បោះឆ្នោត​មុនកាល​កំណត់។ ដោយសារ​តែ​មេដឹកនាំ​សាសនា​មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​នឹង​កងទ័ព​ប៉ាគីស្ថាន ធ្វើ​ឲ្យ​គេ​បារម្ភ​ថា បាតុកម្ម​នេះ គឺ​មាន​កងទ័ព​នៅ​ពីខាង​ក្រោយ ដើម្បី​បង្ក​វិបត្តិ​នយោបាយ ហើយ​បាន​លេស​ធ្វើ​រដ្ឋប្រហារ​ច្បាម​អំណាច​មក​កាន់កាប់​ខ្លួនឯង។ ជាការ​ចោទប្រកាន់ ដែល​មេដឹកនាំ​កងទ័ព​ប៉ាគីស្ថាន​បដិសេធ​យ៉ាង​ដាច់អហង្ការ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រមុខដឹកនាំ​សាសនា​ Mohammad Qadri បាន​ព្រមព្រៀង​​បញ្ឈប់​បាតុកម្ម ក្រោយ​ពី​រដ្ឋាភិបាល​សន្យា​ធ្វើការ​កែទម្រង់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ។ ក៏ប៉ុន្តែ បើទោះជា​បាតុកម្ម​ប្រឆាំង​ត្រូវ​បញ្ចប់ រដ្ឋាភិបាល​ស៊ីវិល​ប៉ាគីស្ថាន​នៅ​មាន​បញ្ហា​ប្រឈមដ៏ធំមួយ​ទៀត គឺ​ទំនាស់​ជាមួយ​តុលាការ​កំពូល ដែល​ កាលពីថ្ងៃ​អង្គារ បាន​ចេញ​ដីកា​ចាប់ខ្លួន​នាយករដ្ឋមន្រ្តី រ៉ាចា អាស្ហ្រាហ្វ (Raja Pervez Ashraf) ដោយ​ចោទ​ពី​បទ​ពុករលួយ។

តាមពិត ទំនាស់​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន ជាមួយ​នឹង​តុលាការ​កំពូល​ បាន​ផ្ទុះឡើង​ តាំង​ពី​ឆ្នាំ​២០០៩​ម៉្លេះ ដោយ​តុលាការ​កំពូល​ទាមទារ​ឲ្យ​បើកការស៊ើបអង្កេត​លើ​ករណី​ពុករលួយ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Zardari។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នៅពេលនោះ គឺ​លោក យូស៊ូហ្វ ជីឡានី (Yousuf Gillani) បាន​បដិសេធ​មិន​បើក​ការស៊ើបអង្កេត ហើយ​ក៏​ត្រូវ​រងការ​ចោទប្រកាន់​ពី​តុលាការ​កំពូល​ពីបទ​មិនស្តាប់​បង្គាប់​តុលាការ។ លោក​ជីឡានី ត្រូវ​បង្ខំ​ចិត្ត​លាឈប់​ពីមុខ​តំណែង កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ហើយ​ជំនួស​មកវិញ​ដោយ​​លោក​អាស្ហ្រាហ្វ​។ លោក​អាស្ហ្រាហ្វ​កាន់តំណែង​បាន​ប្រមាណ​ត្រឹមតែ​កន្លះ​ឆ្នាំ ស្រាប់តែ​​នៅពេលនេះ តុលាការ​កំពូល​​ក៏​ចេញដីកា​ចាប់ខ្លួន​លោក​មួយ​ទៀត ដោយ​ចោទ​ពី​បទ​ពុករលួយ។

តើ​ការចេញ​ដីកា​ចាប់ខ្លួន​នេះ ដោយសារ​តែ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ពិត​ជាមាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​មែន ឬ​មួយ​ក៏​​តុលាការ​កំពូល​ប៉ាគីស្ថាន​​​ឆ្លៀត​ឱកាស​មាន​បាតុកម្ម​ប្រឆាំង ចង់​បង្កើត​បញ្ហា​បន្ថែម​មួយទៀត ដើម្បីរុញ​រដ្ឋាភិបាល​ឲ្យ​ធ្លាក់ទឹក? វា​គឺ​ជា​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​អាចសង្កេតឃើញ​បាន គឺ​ភាព​ស្មុគស្មាញ​នៃ​ឆាក​នយោបាយ​ប៉ាគីស្ថាន ដែលធ្វើ​​​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​​​ពិបាក​នឹង​ចាក់ឫសបាន​ជ្រៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ