ចិន-ប៉ាគីស្ថាន

​ប៉ាគីស្ថាន​សរសើរ​ទំនាក់​ទំនង​ជាមួយ​ចិន​ក្នុង​ពេល​កំពុង​ប្រេះឆា​ជាមួយ​អាមេរិក

លោកយូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី (Youssouf Raza Gilani) នាយករដ្ឋមន្រ្តីប៉ាគីស្ថាន
លោកយូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី (Youssouf Raza Gilani) នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ©Reuters

នៅថ្ងៃ​អង្គារ​នេះ លោក​យូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី (Youssouf Raza Gilani) នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​​បាន​ចាប់ផ្តើម​​​ទស្សនកិច្ច​​ផ្លូវការ ទៅកាន់​ប្រទេស​ចិន។ នៅមុនពេល​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ចិន លោក​ហ្គីឡានី​ បាន​​ប្រាប់​បណ្តាញ​សារព័ត៌មាន​ចិន​ស៊ីនហួថា ចិន​គឺ​ជា​មិត្ត​ដ៏​​ល្អ​បំផុត​របស់​ប៉ាគីស្ថាន។ ការលើក​សរសើរ​អំពី​ទំនាក់ទំនង​ជាមួយ​ចិន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ពេល​ដែល​​ទំនាក់ទំនង​ប៉ាគីស្ថាន-អាមេរិក​​កំពុង​តែ​​ជួប​នឹង​ភាព​តានតឹង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​ហ្គីឡានី​នឹង​ត្រូវ​ចាប់ផ្តើម​​ ​នៅ​ទី​​ក្រុង​សៀងហៃ មុននឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​ប៉េកាំង នៅថ្ងៃ​ពុធ​ស្អែក។ នៅ​ប៉េកាំង​ លោក​ហ្គីឡានី​នឹង​ត្រូវ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​​ចិន ហ៊ូ ជិនតាវ និង​លោក​នាយករដ្ឋមន្រ្តី ​វេន ជៀប៉ាវ។ ភាគី​ទាំងពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន ហើយ​គ្រោង​នឹង​​ពិភាក្សា​គ្នា​ អំពី​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ទៅកាន់​ប្រទេស​ចិន បាន​ប្រព្រឹត្តទៅ​​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កងកុម្ម៉ង់ដូ​អាមេរិក​បាន​​ចូល​ទៅ​សម្លាប់​ប៊ិនឡាដិន ដល់​ក្នុង​ទឹកដី​ប៉ាគីស្ថាន ដោយ​មិនបាន​ប្រាប់​អាជ្ញាធរ​ម្ចាស់​ផ្ទះ​ឲ្យ​ដឹង​ជាមុន។ ប៉ាគីស្ថាន​បាន​​ហៅប្រតិបត្តិការ​​របស់​កងកុម្ម៉ង់ដូ​អាមេរិក​ថា​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប៉ាគីស្ថាន។ ចំណែក​អាមេរិក​វិញ​កំពុង​តែ​សង្ស័យ​ថា ការណ៍​ដែល​ប៊ិនឡាដិន​អាច​លាក់​ខ្លួន​នៅ​​ក្បែរ​រដ្ឋធានី​ប៉ាគីស្ថាន គឺ​ប្រហែល​ជា​មក​ពី​មាន​មន្រ្តី​ប៉ាគីស្ថាន​ជា​អ្នក​ជួយ​បិទបាំង។

កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ាគីស្ថាន លោក​ចន ឃែរី (John Kerry) សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន​ធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​ដោយ​ពិតប្រាកដ មិនមែន​គ្រាន់តែ​និយាយ​តែ​មាត់​នោះទេ។ លោក​ឃែរី​ក៏​បាន​បញ្ជាក់ផងដែរ​ថា នៅពេលនេះ សភាអាមេរិក​កំពុង​តែ​សើរើ​មើល​ឡើងវិញ​នូវ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​ប៉ាគីស្ថាន​ជា​រៀងរាល់​ឆ្នាំ។

ស្ថិត​ក្នុង​សភាព​តានតឹង​​ជាមួយ​អាមេរិក​បែបនេះ ប៉ាគីស្ថាន​កំពុង​តែ​ងាក​ទៅ​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន ដែល​ធ្លាប់​ជា​មិត្ត​ចាស់ឆ្នាំ។ លោក​ហ្គីឡានី​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ស៊ីនហួ​ថា ប៉ាគីស្ថាន​អរគុណ​ចិន ដែល​តែងតែ​គាំទ្រ​ប៉ាគីស្ថាន ទោះបី​ស្ថិត​​ក្នុង​កាលៈទេសៈ​ពិបាក​បែបណា​ក៏ដោយ។ ហេតុដូច្នេះ​ហើយ​ទើប​ប៉ាគីស្ថាន​យល់ថា ចិន​គឺ​ជា​មិត្ត​ពិតប្រាកដ ដែល​ចេះជួយគ្នា​ក្នុង​គ្រាក្រ។

គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ប៉ាគីស្ថាន​ទើប​នឹង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​មួយ​កន្លែង ដែល​​ចិន​ជួយ​សាងសង់។ ប៉ាគីស្ថាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ចិន​បាន​ព្រមព្រៀង​ថា​ ​នឹង​ជួយ​សាងសង់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​ពីរ​បន្ថែម​ទៀត​ឲ្យ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI