មេតាលីបង់ស្លាប់ ជាឱកាសឬជាការរំខាន កិច្ចចរចាសន្តិភាពនៅប៉ាគីស្ថាន ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មេដឹកនាំតាលីបង់ នៅប៉ាគីស្ថាន Hakimullah Mehsud ដែលអាមេរិកតាមស្វែងរកបំផុត នៅទីបំផុត បានស្លាប់ក្នុងប្រតិបត្តិDrone នាថ្ងៃសុក្រម្សិលមិញ នៅតំបន់កុលសម្ព័ន្ធភាគនិរតីប្រទេសប៉ាគីស្ថាន។ សហរដ្ឋអាមេរិក ធ្លាប់បានប្រកាសផ្តល់ប្រាក់៥លានដុល្លារអាមេរិកដល់ជនណាដែលបានផ្តល់ដំណឹង ឬចាប់ខ្លួនបងធំទីមួយរបស់ពួកឧទ្ទាមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយមតាលីបង់ប្រចាំប៉ាគីស្ថានរូបនេះបាន។
លើកនេះជាព័ត៌មានពិត ដែលបញ្ជាក់ដោយពួកតាលីបង់ផ្ទាល់តែម្តង។ ចំណែកប្រភពព័ត៌មានតំបន់ ក៏បានរៀបចំរាប់អំពីពិធីបញ្ចុះសព អាគីមុឡះ មេះស៊ុទ ដែលមានលក្ខណៈប្រញេបប្រញាប់ ពោលគឺបញ្ចុះក្នុងថ្ងៃស្លាប់តែមួយ។ ប៉ុន្តែលក្ខខណ្ឌ និងកាលៈទេសៈនៃ ការស្លាប់ និយាយមិនដូចគ្នាទេ។ សមាជិកកងយុទ្ធជនអ៊ីស្លាមតាលីបង់ខ្លះ ប្រកាសថា មេស៊ុទស្លាប់ នៅក្នុងរថយន្ត ពេលចេញពីប្រជុំ។ អ្នកបើកបរ ឪពុកមា និងអង្គរក្ស នៅក្នុងឡាននោះស្លាប់ទាំងអស់។ ប៉ុន្តែបើតាមប្រភពក្រសួងសន្តិសុខប៉ាគីស្ថានវិញ គ្រាប់មីស៊ីលរបស់យន្តហោះឌ្រូន បានបាញ់ចំផ្ទះដែលក្រុមមេដឹកនាំតាលីបង់២៥នាក់ កំពុងជួបប្រជុំគ្នា និយាយអំពីសំណើសុំចរចារបស់រដ្ឋាភិបាល។ ហើយអ្វីដែលត្រូវគ្នា គឺសាកសពរបស់ អាគីមូឡះ មេះស៊ុទ ខ្ទេចមើលយល់ទេ។
អាគីមូឡះ មេះស៊ុទ មានអាយុប្រមាណជាង៣០ឆ្នាំ បានក្លាយជាមេបញ្ជាការចលនា Tehreek-e-Talibanប៉ាគីស្ថាន (ក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម) នៅឆ្នាំ២០០៧។ កាច ប្រសប់ខាងបញ្ជាឱ្យចាត់ការ អាគីមូឡះ មេះស៊ុទ ដែលចូលចិត្តកាន់កាំភ្លើងអាកា កាឡាឈ្នីកុហ្វ បានឡើងឋានៈជាមេដឹកនាំចលនាតាលីបង់គ្រប់គ្រងបីសង្កាត់ នៅឆ្នាំ២០០៨ មុននឹងក្លាយជាមេខ្លោងធំនៅឆ្នាំ២០០៩ ក្រោយពេលមេកើយអ្នកបង្កើតចលនាតាលីបង់នៅប៉ាគីស្ថានស្លាប់ ដោយយន្តហោះឌ្រូនអាមេរិក។ អាមេរិកដែលក្រៅពីបញ្ចូលចលនានេះក្នុងបញ្ជីខ្មៅ បានចេញសាស្វែងរកចាប់ខ្លួន អាគីមូឡះ មេះស៊ុទ ក្នុងតម្លៃ៥លានដុល្លារ ជាថ្នូរនឹងព័ត៌មានបញ្ជាក់កន្លែងលាក់ខ្លួន អាគីមូឡះ មេះស៊ុទ ដែលអាមេរិកសង្ស័យថាជាអ្នករៀបចំភេរវកម្មសម្លាប់ភ្នាក់ងារស៊ើបការណ៍អាមេរិក សេអ៊ីអា ៧នាក់នៅអាហ្វហ្កានិស្ថាន កាលពីឆ្នាំ២០០៩ និងភេរវកម្មបង្កៃគ្រាប់បែកឆ្នាំ២០១០នៅញូវយ៉ក។ មិនធ្លាប់ឆ្លងកាត់សាលាសាសនា ជាមនុស្សដាច់អហង្ការ គ្មានអធ្យាស្រ័យជាមួយអាជ្ញាធរប៉ាគីស្ថាន ក្រុមឧទ្ទាមមិនពេញចិត្តទាំងស្រុង អាគីមូឡះ មេះស៊ុទ ទេ កិច្ចការខ្លះត្រូវប្រគល់ទៅឱ្យប្រមុខទីពីរ ដែលបានស្លាប់បាត់ទៅហើយដែរ ដោយយន្តហោះគ្មានមនុស្សបើកអាមេរិក។
មេតាលីបង់ស្លាប់ រំខានដំណើរការចរចាសន្តិភាព ?
ការសងសឹក តាមរយៈការធ្វើវិច្ឆេទកម្ម ឬភេរវកម្ម នៅពេញផ្ទៃប្រទេស ពិតជានឹងអាចមានកើតឡើងជាបន្តបន្ទាប់ ក្នុងពេលខាងមុខ។ នេះជាអ្វីដែលគ្រប់គ្នាព្រួយបារម្ភ។ ជាក់ស្តែងគ្រាន់តែទទួលដំណឹងមរណភាពមេកើយភ្លាម ក្រុមទាហានតាលីបង់ បានប្រមូលកាំភ្លើងធន់ស្រាលបាញ់រួមគ្នាសំដៅយន្តហោះឌ្រូន ជានិមិត្តរូប ព្រោះដឹងថាមិនអាចដល់។ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលទើបអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកទើបបង្ហើបឱ្យដឹងអំពីចេតនារបស់រដ្ឋាភិបាល ប្រើវិធីសាស្ត្រចរចាស្តារសន្តិភាពឱ្យប៉ាគីស្ថាន ដោយសុំឱ្យអាមេរិកបញ្ឈប់ប្រតិបត្តិការឌ្រូន។
រដ្ឋាភិបាលប៉ាគីស្ថាន កំពុងតែបញ្ជូនតំណាងទៅចរចាជាមួយពួកឧទ្ទាម ស្រាប់តែនិយាយមិនទាន់ទាំងផុតពីមាត់ស្រួលបួលផង ឌ្រូនអាមេរិកសម្លាប់បានភ្លាមមេដឹកនាំតាលីបង់។ អ្នកនយោបាយប៉ាគីស្ថានជាច្រើនបានសម្តែងការខឹងសម្បារនឹងអាមេរិក ជាពិសេសនៅខេត្តភាគនិរតីប្រទេស គ្រោងនឹងបោះឆ្នោតលើកសេចក្តីសម្រេចចិត្តមួយនៅថ្ងៃស្អែក ហាមឃាត់អូតង់មិនឱ្យប្រើប្រាស់ទឹកដីប៉ាគីស្ថានដឹកប្រេងទៅឱ្យកងកម្លាំងនៅអាហ្វហ្កានិស្ថានផង។ បើផ្អែកលើចំណុចនេះ និងសម្រាប់ក្រសែភ្នែកថ្នាក់ដឹកនាំប៉ាគីស្ថាន ការវាយប្រហារឌ្រូនអាមេរិក គឺជាពិតណាស់ថានឹងអាចរំខានដល់ដំណើរការចរចាសន្តិភាព។
សារព័ត៌មានប៉ាគីស្ថានជាច្រើន ក៏និយាយតែពីការភ័យខ្លាចភេរវកម្មសងសឹកដែរ។ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលប៉ាគីស្ថានមានចេតនាពិតវិញ នេះជាឱកាសល្អមួយ អាជ្ញាធរត្រូវយកចំណេញឱ្យបាន ដោយទាក់យក សកម្មជនតាលីបង់ណាដែលចង់ចរចាឱ្យមកចរចា។ ព្រោះពីមុនមកមេខ្លោងតាលីបង់តែងដាក់លក្ខខណ្ឌឱ្យដោះលែងអ្នកទោសសិនទើប ព្រមចរចាជាក្រោយ។
មេតាលីបង់ថ្មីជានរណា ?
យើងបានឃើញហើយថា ការស្លាប់ និងពិធីបញ្ចុះសពបានធ្វើយ៉ាងតក់ក្រហល់ក្នុងថ្ងៃតែមួយ ! ហើយភ្លាមមួយរំពេញក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ចលនាតាលីបង់ បានជួបប្រជុំគ្នាដោយសំងាត់ដើម្បីជ្រើសរើសមេកើយថ្មី ! ការជ្រើសរើសបានប្រើពេលវេលារៀងយូរបន្តិច ព្រោះបើតាមមើលទៅ ក្រុមប្រឹក្សាតាលីបង់ បានប្តូរកន្លែងប្រជុំជាញឹកញយ ដោយខ្លាចយន្តហោះឌ្រូនបាញ់ត្រូវ។ ឥឡូវនេះ គេបានស្គាល់ហើយ មេកើយតាលីបង់នៅប៉ាគីស្ថានថ្មី នោះគឺ Saeed Khan ឬ Sajnaដែលត្រូវជាជីដូនមួយ អាគីមូឡះ មេះស៊ុទ ជាអតីតមេខ្លោងទីពីរ នឹងត្រូវបានគេចាត់ទុកថាមនុស្សមានតាកតិចសង្គ្រាម ធ្លាប់ដឹកនាំវាយប្រហារគុក រំដោះអ្នកទោសតាលីបង់ជាង៤រយនាក់កាលពីឆ្នាំទៅ និងធ្លាប់វាយប្រហារមូលដ្ឋានយោធាជើងអាកាសទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ