ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បានជា​អាមេរិក​និង​ប៉ាគីស្ថាន​មិន​ទុកចិត្ត​គ្នា?

សំឡេង ០៥:៥៦
លោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក
លោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក REUTERS/Thibault Camus/

នៅថ្ងៃ​សុក្រ​ ២៧ ឧសភា ២០១១​នេះ លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ព្យាយាម​សម្រុះសម្រួល​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន ដែល​តានតឹង​ខ្លាំង ក្រោយ​ពី​កងកុម្ម៉ង់ដូ​អាមេរិក​បាន​ចូល​ទៅ​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ខឹង​នឹង​អាមេរិក​ធ្វើ​សកម្មភាព​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ ដោយ​មិន​ប្រាប់​ម្ចាស់ផ្ទះ។ ចំណែក​​អាមេរិក​វិញ មិនប្រាប់​ប៉ាគីស្ថាន​ឲ្យ​ដឹង​ជាមុន ព្រោះ​​ខ្លាច​ប៉ាគីស្ថាន​លួច​ឲ្យ​ការណ៍​ទៅ​ប៊ិនឡាដិន។ ការ​មិនទុកចិត្ត​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​​គ្លីនតុន គឺ​ជាមន្រ្តី​ជាន់ខ្ពស់​របស់​អាមេរិក​ទីមួយ ដែល​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប៉ាគីស្ថាន ក្រោយ​ពី​​កងកុម្ម៉ង់ដូ​អាមេរិក​បាន​ចូល​ទៅ​សម្លាប់​ប៊ីនឡាដិន នៅ​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី២ ឧសភា​កន្លងទៅ។ លោកស្រី​ត្រូវ​បាន​អមដំណើរ​ដោយ​​លោក​​ឧត្តមនាវី ម៉ៃក៍ មូលែន (Mike Mullen) អគ្គសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើឡើង ក្នុង​ពេល​ដែល​ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​បំផុត។

ប៉ាគីស្ថាន​ទើប​តែ​បាន​ទាមទារ​ឲ្យ​អាមេរិក​កាត់បន្ថយ​ចំនួន​អ្នក​ជំនាញការ​យោធា​អាមេរិក ដែល​កំពុង​ឈរជើង នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ខឹង​នឹង​អាមរិក ដែល​បាន​​បញ្ជូន​កងកុម្ម៉ង់ដូ​ ចូល​ទៅ​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន ដោយ​មិនប្រាប់​អាជ្ញាធរ​ប៉ាគីស្ថាន​ឲ្យដឹង​ជាមុន។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​កងទ័ព​អាមេរិក​ធ្វើ​ប្រតិបត្តិការ​យោធា ក្នុង​ទឹកដី​ប៉ាគីស្ថាន ដោយ​មិនសុំ​ការអនុញ្ញាត និង​មិនបាន​ប្រាប់​អាជ្ញាធរ​ជាម្ចាស់​ផ្ទះ​ឲ្យ​ដឹង​ជាមុន ដែល​ប៉ាគីស្ថាន​ចាត់ទុក​ថា​ជា​ការ​រំលោភ​លើ​អធិបតេយ្យ​របស់​ប៉ាគីស្ថាន។

ប៉ាគីស្ថាន​យល់ថា ទង្វើរបស់​អាមេរិក​បែបនេះបង្ហាញ​ថា អាមេរិក​ចាត់ទុក​ប៉ាគីស្ថាន ដូចជា ប្រទេស​អាយ៉ង​មួយ មិនមែន​ជា​ប្រទេស​ជាដៃគូ​ ស្មើភាព​គ្នា​នោះទេ។ ប៉ាគីស្ថាន​នៅតែ​សង្ស័យថា គោលដៅ​របស់​អាមេរិក​ គឺ​គ្រាន់តែ​​​ចង់​ខ្ចីដៃ​ប៉ាគីស្ថាន ដើម្បី​បង្រ្កាប​ពួក​តាលីបង់ និង​ពួក​អាល់កៃដា ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ប៉ុណ្ណោះ។ នៅពេល​ដែល​បាន​សម្រេច​ដល់​គោលដៅ អាមេរិក​ប្រាកដ​ជា​នឹង​បែរខ្នង​ដាក់​ប៉ាគីស្ថាន​វិញ​ជា​មិនខាន។ គឺ​ជាមួយ​ឥណ្ឌា ដែល​ជា​សត្រូវ​របស់​ប៉ាគីស្ថាន​ឯណោះវិញ​ទេ ដែល​អាមេរិក​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង។

អាមេរិក​វិញ កំពុង​តែ​សង្ស័យថា ប៉ាគីស្ថាន​កំពុង​តែ​លេងល្បិច​ ដៃម្ខាង​ធ្វើជា​សហការ​ជាមួយ​​អាមេរិកកម្ទេច​ពួក​ភេរវជន ក៏ប៉ុន្តែ ដៃម្ខាង​ទៀត​លួចជួយ​ភេរវជន​ជា​សម្ងាត់។ កន្លងមក អាមេរិក​ធ្លាប់​បាន​ជូនដំណឹង​ប៉ាគីស្ថាន​ជាមុន មុននឹង​ចូល​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ភេរវជន នៅ​ប៉ាគីស្ថាន។ ក៏ប៉ុន្តែ ស្ទើរតែ​រាល់លើក​ ពេល​ Drone (យន្តហោះ​គ្មាន​មនុស្ស​បើក) របស់​អាមេរិក​ទៅដល់ មេភេរវជន​ច្រើន​តែ​រត់គេច​ខ្លួន​បាត់អស់ ធ្វើ​ឲ្យ​អាមេរិក​សង្ស័យថា មាន​មន្រ្តី​ប៉ាគីស្ថាន​លួច​ឲ្យ​ការណ៍​ដល់​ពួក​ភេរវជន។ ការ​ដែល​​ប៊ិនឡាដិន ​ដែលជាមេភេរវជន​ដ៏​ល្បី អាច​លាក់​ខ្លួន​​​រាប់ឆ្នាំ​ នៅក្បែរ​​បណ្ឌិតសភា​យោធា​ប៉ាគីស្ថាន​ ក៏​រឹតតែ​ធ្វើ​ឲ្យ​អាមេរិក​លែងទុកចិត្ត​ប៉ាគីស្ថាន​ទៅទៀត។

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ ក៏​អាមេរិក​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន​ត្រូវ​បែកបាក់​ដែរ។ តាមពិត អាមេរិក​ត្រូវការ​ប៉ាគីស្ថាន ជាង​ប៉ាគីស្ថាន​ត្រូវការ​អាមេរិក ព្រោះ​ថា បើ​គ្មាន​ជំនួយ​ពី​ប៉ាគីស្ថាន​ទេ អាមេរិក​ប្រាកដ​ជា​មិន​អាច​បញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ហើយ​ដកកងទ័ព​ចេញ​ទៅ​វិញ​បាន​នោះទេ។

ភាពស្មុគស្មាញ​ក្នុង​ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន គឺ​បណ្តាល​មក​ពី​​ប្រទេស​ទាំងពីរ​មាន​​ផលប្រយោជន៍​​បញ្ច្រាស​គ្នា។ អាមេរិក​ចង់​ឲ្យ​ប៉ាគីស្ថាន​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​អាហ្វហ្កានីស្ថាន​មាន​ស្ថិរភាព ដើម្បី​អាច​ដក​កងទ័ព​ចេញ​រួច។ ប៉ាគីស្ថាន​វិញ​ ចង់​ឃើញ​អាហ្វហ្កានីស្ថាន​បន្ត​ស្ថិត​ក្នុង​ភាព​ចលាចល ហើយ​រដ្ឋាភិបាល​របស់​លោក​ហាមីដ កាហ្សៃ (Hamid Karzai) ស្ថិត​ក្នុង​សភាព​ផុយស្រួយ​តទៅទៀត ពីព្រោះ រដ្ឋាភិបាល​នេះ​​មាន​ទំនោរ​ទៅ​រក​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI